ខេត្តបាត់ដំបង ៖ អ្នកភូមិច្រើននាក់ ដែលមានជំនាញធ្វើផ្អកត្រីប្រៃដ៏ល្បីល្បាញបន្តច្រើនជំនាន់នៅក្នុងឃុំស្នឹង ស្រុកបាណន់។ ជាពិសេស អ្នករស់នៅភូមិគរ និងភូមិសំរោង ដែលជាទីប្រភពនៃប្រវត្តិធ្វើផ្អកត្រីប្រៃ ពេលនេះ ពួកគេបាននិងកំពុងមមារញឹកយ៉ាងខ្លាំង ក្នុងការប្រើឧបករណ៍«សាប»ដាក់យកកូនត្រី ខណៈជំនន់ទឹកភ្លៀងកំពុងកើតឡើង ដែលជាឱកាសមាសប្រាក់ សម្រាប់អ្នកភូមិដែលមានមុខរបរធ្វើត្រីប្រៃ ក្រោយពីពិធីបុណ្យភ្ជុំបិណ្ឌបានបញ្ចប់ទៅជិតមួយសប្ដាហ៍កន្លងទៅនេះ។
ចាប់តាំងពីថ្ងៃទី២០ កញ្ញា រហូតមកដល់ពេលនេះ ( ក្រោយបញ្ចប់នៃពិធីបុណ្យភ្ជុំបិណ្ឌ ) គេសង្កេតឃើញប្រជាពលរដ្ឋជាច្រើននាក់ រស់នៅភូមិគរ និងភូមិសំរោង ឃុំស្នឹង បាននាំគ្នាយ៉ាងប្រសេកប្រសាច ដោយម្នាក់ៗបានភ្ជាប់ជាមួយនូវឧបករណ៍នេសាទម្យ៉ាងបែបប្រពៃណី ដែលអ្នកភូមិហៅថា «សាប» បាននាំគ្នាយកទៅដាក់ពង្រាយតាមរង្វាស់ដែលមានទឹកជំនន់នៅតាមវាលស្រែ ដើម្បីប្រមូលកូនត្រីយកទៅធ្វើផ្អកត្រីប្រៃ ដែលម្នាក់ៗប្រមូលបានយ៉ាងតិចចន្លោះពី១០ ទៅ២០គ.កក្នុងមួយថ្ងៃ។
អ្នកភូមិបាននិយាយថា ក្រោយពីពិធីបុណ្យភ្ជុំបិណ្ឌបានបញ្ចប់ ជំនន់ទឹកភ្លៀងក៏បានបែករាជតាមវាលស្រែ ដែលជារដូវកាលសម្រាប់អ្នកភូមិប្រើប្រាស់ឧបករណ៍ដាក់យកកូនត្រី ដើម្បីធ្វើ«ផ្អកត្រីប្រៃ»។ នេះគឺជាមុខរបរបែបប្រពៃណីបន្តច្រើនជំនាន់របស់អ្នកភូមិមួយចំនួននៅក្នុងឃុំស្នឹង ។ អ្នកភូមិសំរោងម្នាក់ដែលកំពុងកាន់កញ្ច្រែងលាងកូនត្រីបណ្ដើរ បានរៀបរាប់ប្រាប់កោះសន្តិភាពបណ្ដើរថា« រយៈពេល២ទៅ៣ថ្ងៃហើយ ដែលអ្នកភូមិបាននាំគ្នាដាក់សាបយកកូនត្រី ធ្វើផ្អកត្រីប្រៃ។ ពេលនេះកូនត្រីកំពុងដាក់ត្រូវសម្បើមណាស់»។
ដោយឡែក អ្នកភូមិដទៃទៀត ដែលកំពុងមមារញឹកនឹងការលាងកូនត្រីនេះ នៅកន្លែងរកត្រីដែរ បានប្រាប់ថា ២ទៅ៣ថ្ងៃកន្លងទៅនេះ ជំនន់ទឹកភ្លៀងបានបែកខ្លាំងតាមវាលស្រែ ជាហេតុនាំឲ្យសំបូរកូនត្រី។ គាត់និយាយថា អ្នកភូមិបាននាំគ្នាដាក់«សាប»ត្រូវខ្លាំងណាស់ ម្នាក់ៗប្រមូលបានយ៉ាងតិចចន្លោះពី១០ ទៅ២០គ.ក ក្នុងមួយថ្ងៃៗ។ ប៉ុន្តែមិនទៀងទាត់ទេ ព្រោះកូនត្រីឡើងមួយឆាវៗ ក៏ស្ងប់ទៅវិញ។ ដូច្នេះហើយ ទើបអ្នកភូមិនាំគ្នាសម្រុកដាក់សាបខ្លាំងណាស់។ ព្រោះជារដូវកាលដែលអ្នកភូមិត្រូវមមាញឹករកកូនត្រីធ្វើផ្អកត្រីប្រៃ តាមទម្លាប់។
ជាទម្លាប់អ្នកធ្វើត្រីប្រៃតែងប្រើឧបករណ៍នេសាទបែបប្រពៃណីហៅថា «សាប» នេះ ដាក់ប្រមូលយកកូនត្រី ធ្វើ«ផ្អកត្រីប្រៃ»នេះ ដោយចាប់ផ្ដើមតាំងពីអំឡុងដើមខែកញ្ញារហូតមក ។ ពោល គឺចាប់ផ្ដើមប្រហែលកន្លះខែ មុនរដូវបុណ្យភ្ជុំបិណ្យ។ នេះបើតាមការអះអាងរបស់អ្នកភូមិដែលនិយមធ្វើត្រីប្រៃនៅក្នុងឃុំស្នឹង ដែលជាមុខរបរតត្រកូលបែបប្រពៃណីច្រើនជំនាន់កន្លងមកនេះ។ ប៉ុន្តែដោយសារតែដើមរដូវវស្សានាឆ្នាំនេះគ្មានភ្លៀងធ្លាក់ ទើបអ្នកភូមិត្រូវខកខានក្នុងការរកកូនត្រីធ្វើត្រីប្រៃ ។ លុះក្រោយបុណ្យភ្ជុំបិណ្ឌ មានជំនន់ទឹកភ្លៀងបែកតាមវាលស្រែ សំបូរកូនត្រីឡើងខ្លាំង ទើបអ្នកភូមិនាំគ្នាស្ទុះស្ទារយក«សាប»ទៅដាក់ព្រោងព្រាត។
«ផ្អកត្រីប្រៃ ឬត្រីប្រៃ» ដែលប្រជាពលរដ្ឋមួយចំនួននៅក្នុងឃុំស្នឹង បានធ្វើយ៉ាងខ្ជាប់ខ្ជួនរហូតមកដល់សព្វថ្ងៃនេះ គឺមានប្រវត្តិរាប់សិបឆ្នាំនិងច្រើនជំនាន់ណាស់មកហើយ ដែលគេអាចនិយាយបានថា ជា«មុខរបរបែបប្រពៃណី និង ជាកេរ្តិ៍ដំណែលដែលបន្សល់ទុកពីចាស់ៗជំនាន់មុនរបស់អ្នកឃុំស្នឹង»។ បើតាមអ្នកភូមិខ្លះបាននិយាយថា កាលពីដើម អ្នកភូមិធ្វើត្រីប្រៃនេះ គឺសម្រាប់តែទុកទទូលទាននៅក្នុងគ្រួសារ ឬ ចែករំលែកខ្លះៗទៅឲ្យអ្នកក្បែខាងសម្រាប់ទទូលទានតែប៉ុណ្ណោះ មិនលក់ដូរទេ។ ប៉ុន្តែទើបតែសម័យនេះទេ ដែលអ្នកភូមិទូទៅនាំគ្នាធ្វើត្រីប្រៃ លក់ដូរច្រើនជាងទុកទទូលទានខ្លួនឯង។
អ្នកផលិត«ផ្អកត្រីប្រៃឬត្រីប្រៃ»បច្ចុប្បន្ននេះ ហាក់មិនបានចាំជាក់លាក់អំពីប្រវត្តិ នៃការចាប់ផ្ដើមទេ។ អ្នកភូមិខ្លះដែលដឹងប្រវត្តិព្រាវៗបាននិយាយថា «ត្រីប្រៃស្នឹង»បានកើតមានឡើងនៅក្នុងអំឡុងចុងទសវត្សឆ្នាំ៦០ ឬ នៅដើមទសវត្សឆ្នាំ៧០។ ប៉ុន្តែ«ត្រីប្រៃស្នឹង»នេះ ហាក់មានភាពល្បីល្បាញសុះសាយខ្លាំងបំផុត នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្រោយពេលដែលអ្នកនិពន្ធនាសម័យនោះ បានចងក្រងជាបទចម្រៀងដែលមានចំណងជើង«បាត់ដំបងមានអ្វីឆ្ងាញ់ទេ»ដែលបកស្រាយអធិរាជសម្លេងមាសលោក ស៊ីន ស៊ីសាមុត និង អ្នកស្រី រស់ សេរីសុទ្ធា។
ដោយសារតែស្នាដៃនិពន្ធបទចម្រៀងនេះ បានពិព័រណ៌នាត្រង់ឃ្លោងឃ្លាខ្លះ អំពីរសជាតិនៃត្រីប្រៃស្នឹង ស្ទើរស្រក់ទឹកមាត់ គូបផ្សំនឹងទឹកដមនៃសំនៀងដ៏ក្រអួនក្រអៅកប់ជ្រៅក្នុងបេះដូងរបស់អធិរាជសម្លេងមាសផង ទើបធ្វើឲ្យ«ត្រីប្រៃស្នឹង»នេះ នៅតែមានឈ្មោះបោះសម្លេងក្នុងប្រវត្តិសាស្ត្ររហូតដល់សព្វថ្ងៃនេះ។ តាមរយៈ នៃបទចម្រៀងនេះ ច្បាស់ណាស់ ប្រជាពលរដ្ឋខ្មែរទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស ប្រាកដជាស្រក់ទឹកមាត់ឃ្លាន «ត្រីប្រៃស្នឹង» ភ្លាម នៅពេលពួកគេបានស្ដាប់បទ «បាត់ដំបងមានអ្វីឆ្ងាញ់ទេ» ជាពិសេស ត្រង់ឃ្លា «ត្រីប្រៃផ្ទាប់អំពិលខ្ចី»តែម្ដង។
យើងក្រឡេកមកមើលអ្នកភូមិស្នឹង ដែលកំពុងនាំគ្នាភ្លូកទឹកភ្លូកដីប្រមូលកូនត្រី យកមកធ្វើត្រីប្រៃឯណេះវិញ គឺពួកគេហាក់កំពុងប្រឹងប្រែងយ៉ាងខ្លាំង នៅតាមវាលស្រែ ឬ នៅតាមដងព្រែកនានា។ ព្រោះនេះ ជារដូវកាល ឬជាឱកាសដែលពួកគេរកចំណូលបានគួរសមពីមុខរបរធ្វើត្រីប្រៃនេះ ។ អ្នកភូមិម្នាក់បាននិយាយថា ពេលវេលានៃការរកកូនត្រីធ្វើត្រីប្រៃលក់នេះ មានរយៈពេលខ្លីណាស់ ដូច្នេះ អ្នកភូមិត្រូវតែមមារញឹកបន្តិច បើមិន
អញ្ចឹងទេហូសពេលហើយ ។
បើនិយាយអំពីតំលៃទីផ្សារត្រីប្រៃវិញ អ្នកផលិតផ្ទាល់បាននិយាយថា ការចាប់ផ្ដើមដំបូងបែបនេះ ត្រីប្រៃអាចលក់បានក្នុងតំលៃ១៥,០០០រៀលក្នុងមួយគីឡូក្រាម។ នេះជាតំលៃខ្ពស់គួរសម តែអាចថយចុះតំលៃបន្តិចវិញ នៅពេលត្រីប្រៃសំបូរ ។ ត្រីប្រៃដែលផលិតបានភាគច្រើន ត្រូវឈ្មួញកណ្ដាលប្រមូលទិញយកទាំងអស់មិនសេសសស់ទេ។ ដោយ ឡែក ឈ្មួញកណ្ដាលវិញបាននិយាយថា ពេលត្រីប្រៃចាប់ផ្ដើមមានដំបូងបែបនេះ គឺលក់បានថ្លៃគួរសម ហើយអតិថិជនភាគច្រើន មកពីតាមបណ្ដាខេត្ត-រាជធានី។
ពួកគេតែងឈប់រថយន្តសួរនាំរកទិញ«ត្រីប្រៃស្នឹង»នៅពេលពួកគេធ្វើដំណើរឆ្លងកាត់ទឹកដីត្រីប្រៃនេះ។ ជាពិសេស នៅពេលមានពិធីបុណ្យប្រពៃណីជាតិធំៗ ឬថ្ងៃឈប់សម្រាកដែលពួកគេធ្វើដំណើរកំសាន្តជាលក្ខណៈគ្រួសារ តែជារឿយៗក៏មានអតិថិជនកុម្មង់ទិញតាមទូរស័ព្ទមិនសូវសល់ពេលដែរ ៕
ចែករំលែកព័តមាននេះ