អ៊ីតាលី ៖ អាជ្ញាធរអ៊ីតាលីកំពុងបើកការស៊ើបអង្កេតលើភាពមិនប្រក្រតី ដោយបានចោទប្រកាន់នៅក្នុងដំណើរការប្រឡងយកសញ្ជាតិអ៊ីតាលីរបស់កីឡាករ Luis Suarez។
សូមរំលឹកថា ខ្សែប្រយុទ្ធ Barcelona និងជម្រើសជាតិអ៊ុយរូហ្គាយវ័យ ៣៣ឆ្នាំខាងលើ បានធ្វើដំណើរទៅកាន់ទីក្រុង Perugia កាលពីសប្តាហ៍មុន ដើម្បីប្រឡងយកសញ្ជាតិអ៊ីតាលី ក្នុងការជួយសម្រួលដល់ការផ្ទេរទៅកាន់ក្លិប Juventus។ ប៉ុន្តែការិយាល័យព្រះរាជអាជ្ញាទីក្រុង Perugia និងប៉ូលីសហិរញ្ញវត្ថុបាននិយាយថា ពួកគេកំពុងពិនិត្យមើលថា តើការប្រឡងនេះកើតឡើងយ៉ាងដូចម្តេច។ ខណៈយោងតាមសេចក្តីថ្លែងការណ៍មួយបានឱ្យដឹងថា កីឡាកររូបនេះ បានដឹងវិញ្ញាសាប្រឡងមុនរួចទៅហើយ។
របាយការណ៍កាលពីដើមខែកញ្ញា បានបង្ហើបឱ្យដឹងថា Suarez បានយល់ព្រមលើកិច្ចព្រមព្រៀងផ្ទាល់ខ្លួនជាមួយ Juventus ប៉ុន្តែសញ្ជាតិរបស់គេគឺជាបញ្ហា ដែលរាំងស្ទះដល់ការផ្ទេរនេះ ដោយសារតែក្លិបនៅលីគកំពូលអ៊ីតាលីមួយនេះ លើសចំនួនកំណត់សម្រាប់ការផ្ទេរកីឡាករបរទេស។ ប៉ុន្តែដោយសារតែប្រពន្ធ Suarez គឺជនជាតិអ៊ីតាលី ទើបធ្វើឱ្យគេអាចមានសិទ្ធិដាក់ពាក្យសុំលិខិតឆ្លងដែនអ៊ីតាលី ដោយឆ្លងកាត់ការប្រឡង។
គូសបញ្ជាក់ថា ដំណើរការផ្ទេររបស់ Suarez ទៅកាន់ Juventus ទទួលរងបរាជ័យ បន្ទាប់ពីក្លិបមួយនេះ បានសម្រេចលក្ខខណ្ឌខ្ចីលើកីឡាករ Álvaro Morata ពីក្លិប Atlético Madrid ជាផ្លូវការ។ ខណៈដែលព័ត៌មានចុងក្រោយបង្អស់នៅអេស្ប៉ាញ ក៏បានចេញផ្សាយផងដែរថា Suarez នឹងផ្ទេរទៅជំនួសតំណែង Morata នៅ Atlético ក្នុងពេលឆាប់ៗខាងមុខនេះ៕ (ដកស្រង់ចេញពី BBC)
ចែករំលែកព័តមាននេះ