ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​៦​ខែ​ឃាត់ខ្លួន​មនុស្ស​៧០៣​នាក់ ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀ.ន

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ម្ចាស់ផ្ទះ​សំណាក់ សណ្ឋាគារ ប្រសិនបើ​ឃើញ​ជនសង្ស័យ​ណា​ម្នាក់​ធ្វើ​សកម្មភាព​ជួយ​ដូរ និង​ចែកចាយ​គ្រឿងញៀន​សូម​ប្រញាប់​រាយការណ៍​មក​សមត្ថកិច្ច​ជា​បន្ទាន់​ដើម្បី​ចុះ​បង្ក្រាប នេះ​ជា​ប្រសាសន៍​លើក​ឡើង​របស់​ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត​លើក​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​២២…

ខេត្តកំពង់ចាម ៖ ម្ចាស់ផ្ទះ​សំណាក់ សណ្ឋាគារ ប្រសិនបើ​ឃើញ​ជនសង្ស័យ​ណា​ម្នាក់​ធ្វើ​សកម្មភាព​ជួយ​ដូរ និង​ចែកចាយ​គ្រឿងញៀន​សូម​ប្រញាប់​រាយការណ៍​មក​សមត្ថកិច្ច​ជា​បន្ទាន់​ដើម្បី​ចុះ​បង្ក្រាប នេះ​ជា​ប្រសាសន៍​លើក​ឡើង​របស់​ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត​លើក​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​២២ កញ្ញា ២០២០ ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​របាយការណ៍​ស្តី​ពី​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ឆមាស​ទី​១ និង​លើក​ទិស​ដៅ​ឆមាស​ទី​២ ឆ្នាំ​២០២០ ដោយ​បាន​ធ្វើ​ឡើង​នៅ​សាលសន្និសីទ​សាលាខេត្ត​។

មានការ​ចូលរួម​ពី​សំណាក់​មេឃុំ​ចៅសង្កាត់ អធិការ​នគរបាល គ្រប់​ស្រុក​-​ក្រុង​ទាំង​១០ និង​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​នាយ​ឧត្តមសេនីយ៍ មាស វិ​រិ​ទ្ធ អគ្គលេខាធិការដ្ឋាន​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​។ ឯកឧត្តម កៅ សុខ​អាន អភិបាលរង​ខេត្ត​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ចំពោះ​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ប្រចាំឆមាស​ទី​១ ឆ្នាំ​២០២០​ដោយ​បង្ក្រាប​បាន​ចំនួន​១៩៩​ករណី ឃាត់ខ្លួន​៧០៣​នាក់ ក្នុង​នោះ​ស្រី​៣០​នាក់ បើ​ប្រៀបធៀប​នឹង​ឆមាស​ទី​១ ឆ្នាំ​២០១៩​កន្លង​ទៅ គឺ​មានការ​កើនឡើង​ចំនួន​៩៩​ករណី ដកហូត​គ្រឿងញៀន​ក្រាម​ពណ៌​ស​ចំនួន​៨០២​កញ្ចប់​(​មាន​ទម្ងន់​១.៤១៦.៨៦​ក្រាម​),​ជញ្ជីង​អេ​ឡិច​ត្រូ​និ​ច​១០ គ្រឿង ម៉ូតូ​១៥៩​គ្រឿង ទូរស័ព្ទ​ដៃ​៥៧២​គ្រឿង រថយន្ត​ចំនួន​៧​គ្រឿង អាវុធ​កែ​ច្នៃ​៨​ដើម កាំបិត​២ ដាវ​៥​ដើម ឧបករណ៍​សេ​ប​គ្រឿងញៀន និង​សម្ភារៈ​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន​ទៀត​។

ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​មាន​ប្រសាសន៍​គូសបញ្ជាក់​ថា ខេត្តកំពង់ចាម​មិនមែន​ជា​កន្លែង​ផលិត​គ្រឿងញៀន​នោះ​ទេ តែ​ពួក​ឧក្រិដ្ឋជន​បានជា​យក​ធ្វើ​ជា​កន្លែង​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រជាជន​នៅ​តាម​សហគមន៍​។ ទាំងនេះ ដែល​ទាមទារ​ឲ្យ​កងកម្លាំង​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ត្រូវ​តែ​មានការ​យកចិត្តទុកដាក់​តាមដាន​មុខសញ្ញា និង​បង្ក្រាប​ឲ្យ​បាន​ទាន់​ពេលវេលា​។ ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​មាន​ប្រសាសន៍​បន្ត​ថា ចំនួន​អ្នកទោស​ដែល​ជាប់​នៅ​ក្នុង​ព័ន្ធ​នាគា​ខេត្ត​សព្វថ្ងៃ​មាន​ចំនួន​១.១១៥​នាក់ ក្នុង​នោះ​អ្នកទោស​គ្រឿងញៀន​មាន​ចំនួន​ស្មើនឹង​៦៨%​។

កន្លង​មក​ក្រោម​កិច្ចសហការ​រវាង​នគរបាល​ខេត្តកំពង់ចាម និង​នគរបាល​ខេត្តក្រចេះ​បាន​បង្ក្រាប​ចោរលួច​កាច់​សោក​ម៉ូតូ​២​នាក់​ប្ដី​ប្រពន្ធ ក្រោយ​ពី​សារភាព ដោយ​បាន​ធ្លាប់​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​នៅ​សាលាស្រុក​ព្រៃឈរ សាលាស្រុក​បា​ធា​យ និង​ក្នុង​សាលាខេត្ត​ក៏​ធ្លាប់​បាត់​ដែរ​។ ជាមួយ​នោះ​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​រក​ឃើញ​កន្លែង​ទទួលផល​ចោរកម្ម​មួយ​កន្លែង​ក្នុងស្រុក​បា​ធា​យ ដោយ​បាន​ដកហូត​ម៉ូតូ សុទ្ធតែ​ស៊េរី​ទំនើប​ជិត​២០​គ្រឿង​ផង​ដែរ​។ អាជ្ញាធរ​ភូមិ​គឺជា​អ្នក​ដែល​តាមដាន​មនុស្ស​ចម្លែក​ដែល​ចូល​ភូមិ​ប្រសិនបើ​ដឹង​មិន​ស្រួល​ត្រូវ​ប្រញាប់​រាយការណ៍​មក​សមត្ថកិច្ច​ជា​បន្ទាន់ដើម្បី​កុំ​ឲ្យ​ជន​នោះ​ចែកចាយ​គ្រឿងញៀន បើ​ទប់ស្កាត់​មិន​ទាន់​ពេល​ទេ​នោះ បញ្ហា​លំបាក​នឹង​ធ្លាក់​ទៅ​លើ​ស្រទាប់​យុវជន​។ ពេល​ណា​ដែល​កម្លាំង​នគរបាល​បង្ក្រាប​ជនសង្ស័យ ដែល​ចែកចាយ​គ្រឿងញៀន​បាន សូមកុំ​ឲ្យ​មានការ​អន្តរាគមន៍​ពី​បុគ្គល​ណាមួយ​គឺ​តម្រូវ​ឲ្យ​ចាត់វិធានការ​តាម​ច្បាប់​ជា​កំហិត​។

ឯកឧត្តម មាស វិ​រិ​ទ្ធ អគ្គលេខាធិការដ្ឋាន​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា តាម​រយៈ​ការ​ស្ទាបស្ទង់​មតិ​ប្រជាពលរដ្ឋ​ចំនួន​៨៧% បាន​និយាយ​ពី​ភូមិ​ឃុំ​មាន​សុវត្ថិភាព ហើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​មិន​មាន​ជន​ណា​ម្នាក់​ត្រូវ​បាន​សម្លាប់​ក្រៅ​ប្រព័ន្ធ​ច្បាប់​ផង​ដែរ​។ ដោយឡែក​ប្រសិនបើ​មានរឿង​នៅ​ថ្នាក់​ឃុំ ដោះស្រាយ​មិន​បាន​ត្រូវ​មក​ថ្នាក់​ស្រុក​ថ្នាក់​ស្រុក ដោះស្រាយ ឬ​ក៏​អាច​ឈាន​ដល់​ថ្នាក់​ខេត្ត​។ រាជរដ្ឋាភិបាល​កម្ពុជា​បាន​បើក​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ក្នុង​នោះ​បាន​ធ្វើ​ឲ្យ​ប្រទេស​នៅ​តំបន់​អាស៊ាន​មួយ​ចំនួន បាន​មក​ទទួល​ការ​រៀនសូត្រ​ពី​កម្ពុជា​។

នាយ​ឧត្តមសេនីយ៍ មាស វិ​រិ​ទ្ធ មាន​ប្រសាសន៍​បន្ត​ថា នៅ​ខេត្ត​ព្រះ​សីហ​នុ និង​បង្កើត​មជ្ឈមណ្ឌល​បន្សាប​គ្រឿងញៀន ដែល​ធ្វើ​ឡើង​ក្នុង​ពេល​ខាង​មុខ​ឆាប់​ៗ​។ សូម​សរសើរ​ដល់​អាជ្ញាធរ​ខេត្តកំពង់ចាម ដែល​បាន​ហៅ​ម្ចាស់ផ្ទះ​សំណាក់ និង​សណ្ឋាគារ​ក្នុង​ខេត្ត​មក​ចូលរួម​ស្ដាប់ និង​ការ​ណែនាំ​ដោយ​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​។ លោកស្នងការ​នគរបាល​ខេត្ត និង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ត្រូវ​បន្ត​តាមដាន​មើល​ជន​ណា​ដែល​សកម្ម​ជួញដូរ​គ្រឿងញៀន និង​ត្រូវ​រឹបអូស​ទ្រព្យសម្បត្តិ​។ ជាមួយ​នោះ​ត្រូវ​ធ្វើការ​ពិនិត្យ និង​តាមដាន​ជា​មុន​ដោះ​លែង​ជន​ណា​ម្នាក់​ចេញពី​ពន្ធនាគារ ដោយ​ត្រូវ​សួរនាំ​ទៅ​អាជ្ញាធរ​មូលដ្ឋាន ថា​ជន​ដែល​ត្រូវ​ដោះ​លែង​នោះ​អាច​នឹង​ត្រូវធ្វើ​សកម្មភាព​ក្នុង​មូលដ្ឋាន​វិញ​ដែរ​ទេ​។ ដោយឡែក​រយៈពេល​មួយ​ឆ្នាំ​គិត​មក​ដល់​ពេល​នេះ​បទល្មើស​គ្រឿងញៀន​ទូ​ទាំង​ប្រទេស​កម្ពុជា បង្ក្រាប​បាន​ចំនួន​៧.៥២៨​ករណី ក្នុង​នោះ​ឃាត់ខ្លួន​មនុស្ស​ចំនួន​១៥.១៤៨​នាក់ បញ្ជូន​ទៅ​តុលាការ​ចាត់វិធានការ​តាម​ច្បាប់​៕ ដោយ ៖ យ៉ា​ន ចាន់​ថេ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ