ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងបរិស្ថាន​សម្ពោធ​ជា​ផ្លូវការ យុទ្ធនាការ​ការពារ​ព្រៃ​ឡង់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន​បាន​សម្ពោធ​ជា​ផ្លូវការ​យុទ្ធនាការ​ការពារ​ព្រៃ​ឡង់ តាម​រយៈ​ការ​ទំនាក់ទំនង​ផ្លាស់​ប្តូរ​ឥរិយាបថ​សង្គម ក្រោម​អធិបតីភាព​ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ដោយ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ…

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន​បាន​សម្ពោធ​ជា​ផ្លូវការ​យុទ្ធនាការ​ការពារ​ព្រៃ​ឡង់ តាម​រយៈ​ការ​ទំនាក់ទំនង​ផ្លាស់​ប្តូរ​ឥរិយាបថ​សង្គម ក្រោម​អធិបតីភាព​ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ដោយ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ នា​ព្រឹក​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង​។ លោកស្រី វី​ណា រេ​ដ​ឌី នាយក​បេសកកម្ម ទីភ្នាក់ងារ​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​របស់​សហរដ្ឋអាមេរិក (USAID) ប្រចាំ​កម្ពុជា បានឱ្យ​ដឹង​ថា ក្នុងអំឡុងពេល​ជាង​មួយ​ទស​វត្ស​នេះ ទីភ្នាក់ងារ​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​របស់​សហរដ្ឋអាមេរិក កម្មវិធី​អភិរក្ស​បរិស្ថាន (USAID) បាន​ធ្វើការ​គាំទ្រ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

នៅ​ពេល​បច្ចុប្បន្ន​នេះ កម្មវិធី​របស់​យើង​ផ្តោត​លើ​តំបន់​ជីវចម្រុះ​សំខាន់​ៗ​ចំនួន​ពីរ គឺ​តំបន់​ព្រៃ​ឡង់ និង​តំបន់​វាលទំនាប​ភាគ​ខាងកើត ហើយ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​យើង បាន​ចូលរួម​ជា​ចំណែក​ក្នុង​ការ ការពារ​ប្រភេទ​សត្វ​ដែល​ជិត​ផុត​ពូជ​សំខាន់​ៗ នៅ​ក្នុង​តំបន់​ភូមិសាស្ត្រ​ទាំងនោះ ។ គម្រោង​នេះ​មាន​គោលបំណង លើកកម្ពស់​ការ​ការពារ​បរិស្ថាន ការ​ប្រើប្រាស់​ធនធានធម្មជាតិ​ប្រកបដោយ​ចីរភាព និង​ការ​ចូលរួម​យ៉ាង​សកម្ម​របស់​ប្រជាពលរដ្ឋ​កម្ពុជា ដើម្បី​ការពារ​ធនធាន​របស់​ខ្លួន​។

ក្នុង​ឱកាស​នោះ លោក សៅ សុភាព មាន​ប្រសាសន៍​សម្ដែង​ការ​កោតសរសើរ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់ USAID ប្រចាំ​កម្ពុជា និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ និង​សកម្មភាព​លើកកម្ពស់​កិច្ច​ការពារ​ព្រៃឈើ ការ​អភិរក្ស​ជីវៈចម្រុះ និង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​។ លោក​បន្ថែម​ថា កម្មវិធី​នេះ​គឺ​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល លើ​ការ​គ្រប់គ្រង​ព្រៃឈើ និង​ជីវៈចម្រុះ របស់​យើង​ប្រកបដោយ​ចីរភាព ដូចដែល​បាន​ចែង​នៅ​ក្នុង​ច្បាប់រដ្ឋធម្មនុញ្ញ​ស្តី​ពី​ការ​ការពារ​បរិស្ថាន និង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ឆ្នាំ​២០១៩-២០២៣​។

លោក​រដ្ឋលេខាធិការ​បន្ថែម​ទៀត​ថា ក្រសួងបរិស្ថាន​បាន​ដាក់​ចេញ​នូវ​ចក្ខុវិស័យ​ពីរ​គឺ​៖ ១-​ធានា​ឱ្យ​បាន​នូវ​គុណភាព និង​និរន្តរភាព​បរិស្ថាន និង​ទី​២- ការពារ​ធនធានធម្មជាតិ ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់​។ ដើម្បី​សម្រេច​ចក្ខុវិស័យ​នេះ ក្រសួងបរិស្ថាន បាន​ដាក់​ចេញ​បេសកកម្ម រួម​មាន​៖ ១-​ការ​គ្រប់គ្រង​ឱ្យ​បាន​ល្អ​ប្រសើរ​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​ការពារ​បរិស្ថាន​, ២-​ការ​ការពារ​ធនធានធម្មជាតិ និង​ការ​អភិរក្ស​ជីវៈចម្រុះ​ប្រកបដោយ​ចីរភាព និង​៣-​ការ​លើកកម្ពស់​ការ​រស់នៅ​ប្រកបដោយ​និរន្តរភាព​។ ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ នៃ​នីតិកាល​ទី​៦ របស់​រដ្ឋសភា រាជរដ្ឋាភិបាល​បាន​ធ្វើការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ លើ​ការ​គ្រប់គ្រង​បរិស្ថាន និង​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព​។

លើស​ពី​នេះ រាជរដ្ឋាភិបាល​នៅ​តែ​បន្ត​គាំទ្រ និង​បញ្ចូល​ការងារ​បរិស្ថាន​ទៅ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ដែល​រួម​មាន​៖ ការ​គ្រប់គ្រង​សំណល់​នៅ​តាម​តំបន់​ទីប្រជុំជន ការ​គ្រប់គ្រង​ធនធានធម្មជាតិ ការ​ប្រែប្រួល​អាកាសធាតុ ការ​គ្រប់គ្រង​គុណភាព​ខ្យល់ និង​ការ​លើកកម្ពស់​ជីវភាព​សហគមន៍​។ លោក សៅ សុភាព បញ្ជាក់​ថា យុទ្ធនាការ​ការពារ​ព្រៃ​ឡង់ តាម​រយៈ​ការ​ទំនាក់ទំនង​ផ្លាស់​ប្តូរ​ឥរិយា​បទ​សង្គម គឺជា​ការ​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​យើង ដើម្បី​សម្រេច​បាន​នូវ​ការ​ផ្លាស់​ប្តូរ​ឥរិយា​បទ​ដ៏​មាន​អត្ថន័យ និង​ការ​លើកកម្ពស់​សកម្មភាព​ជា​វិជ្ជមាន​ឆ្ពោះទៅ​រក​កិច្ច​ការពារ​ព្រៃឈើ និង​ការ​អភិរក្ស​ជីវៈចម្រុះ​នៅ​កម្ពុជា​៕ ដោយ ៖ សុខ សា​រ៉ា​យ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ