ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ «នូល» ៖ មនុស្សយ៉ាងតិច ១០នាក់ស្លា.ប់ និងខូចខាតផ្ទះផ្លូវនៅខេត្តចំនួន៦

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ គិតត្រឹមថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០២០ ប្រទេសកម្ពុជាបានទទួលរងឥទ្ធិពល ពីព្យុះ…

រាជធានីភ្នំពេញ ៖ គិតត្រឹមថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០២០ ប្រទេសកម្ពុជាបានទទួលរងឥទ្ធិពល ពីព្យុះ នូល ដែលធ្វើឱ្យប៉ុន្មានថ្ងៃមកនេះ ក្នុងបណ្តាខេត្តមួយចំនួនបានទទួលរងនូវការខូចខាតផ្ទះសំបែង ទ្រព្យសម្បិត្ត និងក៏មានការបាត់បង់ជីវិតប្រជាជនផងដែរ។
ក្នុងរបាយការណ៍សង្ខេបរបស់គណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចេញថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០២០ នេះបានថ្លែងថា ខេត្តចំនូន ៦ ដែលទទួលរងផលប៉ះពាល់ដោយទឹកជំនន់ និង ខេត្តចំនួន ៣ទៀតបានទទួលរងដោយខ្យល់កន្ត្រាក់ និងរន្ទះបាញ់។

របាយការណ៍ដដែលបានបញ្ជាក់ថា ខេត្តដែលទទួលរងផលប៉ះពាល់ដោយទឹកជំនន់ និងខ្យល់កន្ត្រាក់ និងរន្ទះបាញ់ និងខេត្តដែលទទួលរងដោយទឹកជំនន់មានដូចជា ៖
១) ខេត្តប៉ៃលិន ៖ ប៉ះពាល់ទៅលើក្រុង ស្រុកចំនួន ០២ ដែលក្នុងនោះរួមមាន ក្រុងប៉ៃលិន និងស្រុកសាលាក្រៅ។ ក្រុងប៉ៃលិន នៅសង្កាត់បយ៉ាខា លិចផ្ទះ ០៤ គ្រួសារ លិចផ្លូវកៅស៊ូ ៥០ម៉ែត្រ និងលិចរមណីយដ្ឋាន ១ កន្លែង។ ស្រុកសាលាក្រៅ ប៉ះពាល់ ៣ឃុំ លិចផ្ទះប្រជាជន ២៥ ខ្នង (ស្រកទៅវិញ ១៣ខ្នង) លិចផ្លូវ ១៣៥ ម៉ែត្រ លិចស្ពាន ១ កន្លែង លិចដីដំណាំចំការ ៤៤ហិកតា និងទឹកកួចបាត់ 0១នាក់។

២) ខេត្តឧត្តរមានជ័យ ៖ ប៉ះពាល់ទៅលើក្រុង ស្រុក ចំនួន ០៤ ដែលក្នុងនោះរួមមាន ក្រុងសំរោង ប៉ះពាល់ ០៣ សង្កាត់ លិចផ្លូវ ០៥ កន្លែង ដាច់ទំនប់ ០២ កន្លែង និងលិចផ្ទះប្រជាពលរដ្ឋ ០៥ គ្រួសារ។ រីឯស្រុកបន្ទាយអំពិល ប៉ះពាល់ចំនួន ០៣ ឃុំ ដែលធ្វើឱ្យលិចផ្លូវចំនួន ០៧ កន្លែង។ សម្រាប់ ស្រុកអន្លង់វែងវិញ ប៉ះពាល់ចំនួន ០៤ ឃុំ លិចផ្លូវគ្រួសក្រហម ២៦ កន្លែង (២,៦០៧ម៉ែត្រ) ដាច់ស្ពាន២កន្លែង (២០ម៉ែត្រ) លិចផ្ទះប្រជាពលរដ្ឋ ៤៤ខ្នង លិចដំណាំស្រូវ ១០៣ ហិកតា និងដំណាំដំឡូងមី ២៩ ហិកតា។
ស្រុកត្រពាំងប្រាសាទ : ប៉ះពាល់ចំនួន ០៥ ឃុំ បណ្តាលឱ្យជន់លិចផ្លូវធ្វើដំណើរនៅបណ្តាភូមិមួយចំនួន។

៣) ខេត្តពោធិ៍នសាត់ ៖ ប៉ះពាល់ទៅលើស្រុក ក្រុងចំនួន ០៤ រួមមាន ក្រុងពោធិ៍សាត់ ប៉ះពាល់ ០៦ សង្កាត់ ស្មើនឹង ១,៤២៧ គ្រួសារ ក្នុងនោះលិចស្រូវ ៨២៨ ហិកតា លិចផ្លូវ ១៥ខ្សែ។ ស្រុកវាលវែង ប៉ះពាល់ ០៤ឃុំ លិចដំណាំ ៣១៨,៥ ហិកតា ដាច់ស្ពាន ០៣ កន្លែង ស្រុតក្បាលស្ពាន ០១ កន្លែង ដាច់ផ្លូវ ០១កន្លែង។ ស្រុកកណ្តៀង ប៉ះពាល់ ០៧ឃុំ លិចផ្លូវកៅស៊ូ ៨,៥៥០ ម៉ែត្រ ផ្លូវដីក្រហម ១,៦៨៥ ម៉ែត្រ លិចស្រូវ ២៨៣ ហិកតា និង បាក់ច្រាំ ០២ កន្លែង។ ស្រុកភ្នំក្រវាញ ប៉ះពាល់ ០២ឃុំ ហើយបានជម្លៀសប្រជាជន ១៨០ គ្រួសារ ខូចខាតផ្លូវ ១,០១៧ ម៉ែត្រ និងបាក់ស្ពាន ០១ កន្លែង។

៤) ខេត្តកោះកុង ៖ ផលប៉ះពាល់ និងខូចខាតរួមមាន នៅស្រុកបូទុមសាគរ លិចទូកស្លាប់មនុស្សចំនួន ០១ នាក់ និងស្រុកស្រែអំបិល និងស្រុកមណ្ឌលសីម៉ា ប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ១៨ គ្រួសារ។

៥) ខេត្តសៀមរាប ៖ ស្រុកស្វាយលើ និងស្រុកស្រីស្នំ ដែលរងផលប៉ះពាល់រួមមាន ទឹកហូរច្រោះដាច់ផ្លូវចំនួន ១៨កន្លែង។

៦) ខេត្តព្រះសីហនុ ៖ ស្រុកព្រៃនប់ ប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ១១ឃុំ និងសង្កាត់ ដែលក្នុងនោះខូចខាត ដូចជា ទឹកលិចចំនួន ១៩៥៦ ខ្នងផ្ទះ ស្មើនឹង១៩៥៩ គ្រួសារ (៧,៨៣៤នាក់)។ ខូចផ្លូវចំនួន ២,១៧០ម៉ែត្រ និងបានជម្លៀសមនុស្ស ៤៧៥នាក់ ក្នុងនោះក្មេង ២១៩នាក់ និងអន្តរាគមន៍ជួយមនុស្សតាមបណ្តាកោះបានចំនួន ១,៣៩១ នាក់មកដល់ដីគោកដោយសុវត្ថិភាព។ ប៉ុន្តែក៏មានការស្លាប់ក្មេងស្រីចំនួន ០១ នាក់។ រលំរបងសាលាបឋមសិក្សាកោះខ្យងប្រវែង ២៤ ម៉ែត្រ និងសាលាបឋមសិក្សាព្រៃនប់ ១៥ ម៉ែត្រ និងមានការដាច់ទំនប់អាងទឹកសំរុងចំនួន ០២ កន្លែង។

ប្រភពដដែលបានបន្តថា សម្រាប់ខេត្តដែលទទួលរងប៉ះពាល់ដោយខ្យល់កន្ត្រាក់ និងរន្ទះបាញ់រួមមាន ៖
១) ខេត្តបាត់ដំបង ៖ កាលពីថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ២០២០ មានករណីរន្ទះបាញ់កើតឡើង ០២ ករណី។ ករណីទី ១ នៅចំណុចភូមិបឹងធ្មួយ ឃុំព្រែកជីក ស្រុករុក្ខគិរី បានបណ្តាលឱ្យរងរបួសចំនួន ០៣នាក់ និងស្លាប់ ០៧នាក់ (ស្រី ០២នាក់)។ និងករណីទី២ នៅភូមិថ្នំ ឃុំព្រែកជីក ស្រុករុក្ខគិរី បានបណ្តាលឱ្យស្លាប់១នាក់។

២) ខេត្តកំពត ៖ មានករណីភ្លៀងលាយឡំនិងខ្យល់កន្ត្រាក់កើតឡើង ០២ ករណី ដោយករណីទី១ កាលពីថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ២០២០ នៅស្រុកកំពង់ត្រាច បណ្តាលឱ្យរលំ និងបើងដំបូលផ្ទះប្រជាពលរដ្ឋចំនួន ០៤ ខ្នង។ និងករណីទី២ កាលពីថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ២០២០ នៅស្រុកទឹកឈូ បណ្តាលឱ្យខូចខាតផ្ទះ ប្រជាពលរដ្ឋចំនួន ១៨ ខ្នង និងខូចខាតទាំងស្រុងចំនួន ០១ ខ្នង។

៣) ខេត្តកែប ៖ នៅស្រុកដំណាក់ចង្អើរ មានករណីខ្យល់កន្ត្រាក់កើតឡើងបណ្តាលឱ្យខូចខាតផ្ទះ ១៦គ្រួសារ៕

អត្ថបទសរសេរ ដោយ