ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ប្រតិកម្ម​ខ្លាំង​ក្រោយ​ក្រុមហ៊ុន​ទេសចរណ៍​អូស្ត្រាលី​ដាក់​រូប​ប្រាសាទ​អង្គរ​តែ​ដាក់​ពាក្យ​វៀតណាម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពលរដ្ឋ​កម្ពុជា និង​មជ្ឈដ្ឋាន​អន្តរជាតិ​ជា​ច្រើន​ទៀត​បាន​ផ្ទុះ​ការ​រិះគន់ និង​ប្រតិកម្ម​ជា​ខ្លាំង​លើ​ក្រុមហ៊ុន​ទីភ្នាក់ងារ​ទេសចរណ៍​របស់​អូស្ត្រាលី​ឈ្មោះ «Wendy Wu Tours» ដែល​យក​រូប​ប្រាសាទអង្គរវត្ត​របស់​កម្ពុជា ហើយ​បែរជា​សរសេរ​ពាក្យ​សម្គាល់​ប្រទេស​វៀតណាម​នៅ​ពីលើ…

រាជធានី​ភ្នំពេញ ៖ ពលរដ្ឋ​កម្ពុជា និង​មជ្ឈដ្ឋាន​អន្តរជាតិ​ជា​ច្រើន​ទៀត​បាន​ផ្ទុះ​ការ​រិះគន់ និង​ប្រតិកម្ម​ជា​ខ្លាំង​លើ​ក្រុមហ៊ុន​ទីភ្នាក់ងារ​ទេសចរណ៍​របស់​អូស្ត្រាលី​ឈ្មោះ «Wendy Wu Tours» ដែល​យក​រូប​ប្រាសាទអង្គរវត្ត​របស់​កម្ពុជា ហើយ​បែរជា​សរសេរ​ពាក្យ​សម្គាល់​ប្រទេស​វៀតណាម​នៅ​ពីលើ ។ នេះបើតាមក្រសួងទេសចរណ៍បានចេញផ្សាយនាថ្ងៃទី២២ ខែកញ្ញានេះ ។

«Wendy Wu Tours» ជាទី​ភ្នាក់ងារទេសចរណ៍​ដ៏​ល្បី​មួយ​របស់​ប្រទេស​អូស្ត្រាលី ដែល​បាន​នាំ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ទស្សនា​ប្រទេស​កម្ពុជា​ជា​ញឹកញាប់ ។ ថ្មី​ៗ​នេះ គេហទំព័រ​របស់​ទីភ្នាក់ងារ​ទេសចរណ៍​មួយ​នេះ​បាន​បង្ហោះ​រូបភាព​ស្ដី​ពី​តំបន់​ទេសចរណ៍​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក​ក្នុង​នោះ​ក៏​មាន​រូបភាព​ប្រាសាទអង្គរវត្ត​ដ៏​ស្រស់​ឆើតឆាយ​របស់​កម្ពុជា​ផង​ដែរ ។ ប៉ុន្តែ​គេហទំព័រ​នេះ​បាន​បង្កើត​នូវ​កំហុសឆ្គង​ដោយ​អ​ចេតនា​មួយ គឺ​នៅ​ត្រង់​នៅ​ផ្នែក​ខាងលើ​នៃ​រូបភាព​ប្រាសាទអង្គរវត្ត គេ​បាន​សរសេរ​ពាក្យ​ថា «VIETNAM» ជា​ហេតុ​នាំ​ឱ្យ​មានការ​យល់​ច្រឡំ​ថា ប្រាសាទអង្គរវត្ត ស្ថិត​នៅ​ប្រទេស​វៀតណាម ។

កំហុសឆ្គង​របស់​ក្រុមហ៊ុន​ទេសចរណ៍​អូស្ត្រាលី​មួយ​នេះ​នាំ​ឱ្យ​មានការ​រិះគន់​យ៉ាង​ខ្លាំង​សម្បើម​ពី​សំណាក់​ប្រជាជន​កម្ពុជា និង​មជ្ឈដ្ឋាន​អន្តរជាតិ​មួយ​ចំនួន​ដែល​គេ​បានដឹង​ច្បាស់​អំពី​ទីតាំង​ប្រាសាទអង្គរវត្ត​របស់​កម្ពុជា ។ ទន្ទឹម​នឹង​នោះ មហាជន​ក៏​បាន​ស្នើ​សុំ​ឱ្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ព្រមទាំង​ក្រសួងទេសចរណ៍​កម្ពុជា​ចេញ​ចំណាត់ការ​ឱ្យ​បាន​ម៉ឺងម៉ាត់​ចំពោះ​កំហុសឆ្គង​នេះ ។

ក្រោយ​ទទួល​បាន​ដំណឹង​នេះ​ហើយ មន្ត្រី​ជំនាញ​នៃ​ក្រសួងទេសចរណ៍ បាន​ទាក់ទង​ភ្លាម​ៗ​ទាំង​យប់ នៅ​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២០ ដើម្បី​បាន​ស្នើ​ឱ្យ​ទីភ្នាក់ងារ «Wendy Wu Tours» កែសម្រួល​កំហុសឆ្គង​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ជា​បន្ទាន់ ។

លោក ប្រាក់ វុ​ទ្ធី ប្រធាន​នាយកដ្ឋាន​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​ក្រៅប្រទេស ក្រសួងទេសចរណ៍​បាន​ថ្លែង នា​ព្រឹក​ថ្ងៃ​ទី​២២ ខែកញ្ញា​នេះ​ថា ក្រសួង​បាន​ទាក់ទង​ទៅ​កាន់​ទីភ្នាក់ងារ Wendy Wu Tours រួច​ហើយ ដើម្បី​ឱ្យ​គេ​កែសម្រួល​ព័ត៌មាន​នោះ​ឡើង​វិញ ។ ទីភ្នាក់ងារ​នេះ​ក៏​បាន​សម្ដែង​នូវ​ការ​សូម​អភ័យទោស​ចំពោះ​កម្ពុជា និង​យល់ព្រម​កែសម្រួល​ឡើង​វិញ​ផង​ដែរ ដោយ​បាន​កែ​ពី​ពាក្យ VIETNAM មក​ដាក់​ថា SOUTHEAST ASIA វិញ ។

មូលហេតុ​ដែល​ទីភ្នាក់ងារ Wendy Wu Tours មិន​ប្ដូរ​មក​ជា CAMBODIA វិញ​នោះ ក៏​ដោយសារ​ក្រុមហ៊ុន​ចង់​បង្ហាញ​ថា «​ប្រាសាទអង្គរវត្ត​របស់​កម្ពុជា​» ជា​និម្មិត​រូបតំណាង​ឱ្យ​តំបន់​អាស៊ី​អាគ្នេយ៍​លើ​នៅ​គេហទំព័រ​របស់​ខ្លួន ពីព្រោះ​ប្រាសាទអង្គរវត្ត​ជា​សម្បត្តិ​បេ​តិ​ភណ្ឌ​ដែល​ពិភពលោក​ស្គាល់​ច្រើន​ជាងគេ ។

ទោះបីជា​ទីភ្នាក់ងារ Wendy Wu Tours បាន​កែសម្រួល​នៅ​លើ​ទំព័រ​មុខ​នៃ​គេហទំព័រ​របស់​ខ្លួន​រួច​ហើយ​ក្ដី ប៉ុន្តែ​នៅ​មាន​មួយ​កន្លែង​ទៀត​ដែល​ក្រុមហ៊ុន​មិន​ទាន់​បាន​កែសម្រួល​អស់ គឺ​នៅ​ពេល​ចូល​ទៅ​ក្នុង​ផ្ទាំង Brochures គេ​នៅ​ឃើញ​មាន​រូប​ប្រាសាទអង្គរវត្ត​ដែល​ដាក់​ពាក្យ VIETNAM នៅ​ពីលើ​នៅឡើយ ។ ត្រង់​ចំណុច​នេះ ក្រសួងទេសចរណ៍​ក៏​នឹង​ទាក់ទង​ទៅ​កាន់​ក្រុមហ៊ុន​បន្ត​ទៀត ដើម្បី​ឱ្យ​កែសម្រួល​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ