ខេត្តសៀមរាប ៖ បុរស៣នាក់ក្រោយពីនាំគ្នាទៅបង់សំណាញ់ ហើយឆ្លងទឹកត្រឡប់មកផ្ទះវិញ បានជួបគ្រោះអកុសលបុរសម្នាក់ត្រូវទឹកកួចយកទៅបាត់ កាលពីវេលាម៉ោងប្រមាណ៣រសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ នៅច្រកទ្វារទឹកបារាយណ៍ខាងកើត ក្នុងភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប ឯ២នាក់ទៀតបានរួចផុតពីគ្រោះថ្នាក់។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលដល់នគរបាលប៉ុស្តិ៍សង្កាត់គោកចក និងប្រជាការពារ នាំគ្នាស្វែងរកតាំងពីរសៀលថ្ងៃទី២០ ខែកញ្ញានោះ រហូតដល់ម៉ោងជាង៤ទៀបភ្លឺថ្ងៃទី២១ ខែកញ្ញា ទើបរកសពឃើញនិងប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ ។
លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប បានឱ្យដឹងថា បុរសដែលជួបគ្រោះថ្នាក់ដោយសារទឹកកួចយកទៅនេះ គឺមានស្ពាយសំណាញ់ជាប់ជាមួយផង ធ្វើឱ្យសំណាញ់រុំខ្លួនរើមិនរួច ។ បន្ទាប់ពីទទួលបានព័ត៌មានខាងលើ កម្លាំងសមត្ថកិច្ចបានចុះរាវរក ហើយរហូតដល់វេលាម៉ោងប្រមាណ៤និង៤៥នាទីទៀបភ្លឺថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ទើបរកសពឃើញ។
ជនរងគ្រោះឈ្មោះ ម៉ែន តុលា ហៅម៉ិបអាយុ១៨ឆ្នាំ រស់នៅភូមិវាល សង្កាត់គោកចកក្រុងសៀមរាប ។ ក្រោយពីពិនិត្យនិងធ្វើកោសល្យវិច័យសពរួច សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ពុំមែនជាករណីឃាតកម្មឡើយ ៕
ចែករំលែកព័តមាននេះ