ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនន់​ទឹកភ្លៀង​បាន​វាយប្រហារ​​ស្ពាន​កំពង់​​ល្វាយ៉ាង​​គំហុក​​​

3 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ជំនន់​ទឹកភ្លៀង​បាន​វាយប្រហារ​បណ្ដាល​ឲ្យ​ស្ពាន​កំពង់​ល្វា ដែល​ជា​ប្រភេទ​ស្ពានឈើ ស្ថិត​ក្នុងស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​បាក់​រលំ​ខ្ទេច​អស់ទាំង​ស្រុង នៅ​ល្ងាច​ថ្ងៃ​ទី​២០ ​កញ្ញា ឆ្នាំ​២០២០…

ខេត្តពោធិ៍សាត់ ៖ ជំនន់​ទឹកភ្លៀង​បាន​វាយប្រហារ​បណ្ដាល​ឲ្យ​ស្ពាន​កំពង់​ល្វា ដែល​ជា​ប្រភេទ​ស្ពានឈើ ស្ថិត​ក្នុងស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​បាក់​រលំ​ខ្ទេច​អស់ទាំង​ស្រុង នៅ​ល្ងាច​ថ្ងៃ​ទី​២០ ​កញ្ញា ឆ្នាំ​២០២០ ។ តាម​រយៈ​បណ្តាញ​ព័ត៌មាន​ហ្វេ​ស​ប៊ុ​កបាន
បង្ហោះ​ឱ្យ​ឃើញ​វី​ដេ​អូ​ឃ្លី​ប​មួយ​ដែល​ថត​ដោយ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​បាន​បង្ហាញ​ពី​ស្ថានភាព​ទឹក​ហូរ​យ៉ាង​គំហុក​បុក​តួ​ស្ពាន​ខ្លាំង​ពេក ទើប​មិន​អាច​ឲ្យ​ស្ពាន​ទ្រាំទ្រ​បាន​ក៏​រលំ​បាក់​តែ​ម្ដង ។ បើ​តាម​ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា ស្ពាន​នេះ​សាងសង់​ឡើង​ដោយ​ក្រុម​ការ​បងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ស្រុក​ភ្នំក្រវាញ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ក្នុង​តំបន់​នោះ ។

រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២០​នេះ បើ​តាម​សេចក្ដីរាយការណ៍​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ កំពុង​ដឹកនាំ​ក្រុមការងារ ដើម្បី​ចុះ​ពិនិត្យ​ស្ថានភាព​ស្ពាន​ដែល​បាក់​រលំ និង​រក​មធ្យោបាយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ជា​បណ្ដោះអាសន្ន គ្រា​ដែល​ទឹកជំនន់​កំពុង​តែ​កើនឡើង

ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ស្រុក​មួយ​ចំនួន​នៅ​ក្នុង​ខេត្តពោធិ៍សាត់ កំពុង​រង​នូវ​ការ​វាយ​ប្រហារ​ដោយ​ជំនន់​ទឹកភ្លៀង​យ៉ាង​ខ្លាំង​ជា​បន្ដបន្ទាប់ ដែល​ជា​ឥទ្ធិពល​ព្យុះ​ទី​១១ ដែល​មានឈ្មោះ នូ​ល (NOUL) មក​លើ​ប្រទេស​កម្ពុជា ដែល​អាច​បង្ក​ឱ្យ​មាន​ភ្លៀង​ធ្លាក់ និង​មាន​ជំនន់​ទឹកភ្លៀង នៅ​តាម​បណ្តា​ខេត្ត​ជាប់​នឹង​មាត់សមុទ្រ និង​តំបន់​ខ្ពង់រាប​ដែល​ក្នុង​នោះ​ក៏​មាន​ខេត្តពោធិ៍សាត់​ផង​ដែរ កំពុង​យាយី​ពី​ជំនន់​ទឹកភ្លៀង​នេះ ។

ទឹកស្ទឹង​ពោធិ៍សាត់​ហក់​ឡើង​ក្នុង​កម្រិត​ប្រកាសអាសន្ន
ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ កាលពី​យប់​ថ្ងៃ​ទី​២០ ឈាន​ចូល​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២០​នេះ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកស្ទឹង​ពោធិ៍សាត់ ចាប់ពី​ចំណុច​មុខ​សាលាខេត្ត រហូត​ដល់​ផ្លូវបំបែក​ពោធិ៍​វង្ស ស្ថិត​ក្នុងស្រុក​កណ្តៀង និង​បន្ត​ចុះ​ពិនិត្យ​នៅ​ភូមិ​ស្ទឹងតូច សង្កាត់​រលាប និង​ភូមិ​ព្រែក​ស្តី សង្កាត់​លលកស ក្រុង​ពោធិ៍សាត់ ដែល​បច្ចុប្បន្ន​ទឹក​កំពុង​ហក់​ឡើង​ដល់​កម្រិត​ប្រកាស​អាសន្ន​ហើយ​នោះ ។

ការ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​នេះ​ឯកឧត្តម​អភិបាលខេត្ត ម៉ៅ ធនិន បាន​ថ្លែង​ថា ក្នុង​នាម​អាជ្ញាធរ​ខេត្ត​យើង​បាន​ត្រៀម​រួច​ជា​ស្រេច​នូវ​វិធានការ​សរុប មធ្យោបាយ​សរុប​ដើម្បី​ឆ្លើយ​តប​បាន​ទាន់​ពេលវេលា ក្នុង​ករណី​មាន​គ្រោះ​មហន្តរាយ​កើតឡើង​ធ្ងន់ធ្ងរ ប៉ះពាល់​ដល់​ជីវភាព​រស់នៅ និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ ។

ឯកឧត្តម​អភិបាលខេត្ត​ក៏​បាន​អំពាវនាវ​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​មាន​ស្មារតី​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​ទឹកជំនន់​ដែល​កំពុង​ជន់​ឡើង​ខ្លាំង​នេះ សូម​ស្វែងរក​ទីទួល​មាន​សុវត្ថិភាព ពិសេស​ប្រុង​ប្រយ័ត្ន​ចំពោះ​កុមារ​តូច​ៗ និង​រក្សា​អនាម័យ​ឱ្យ​បាន​ត្រឹមត្រូវ ។ ជាង​នេះ​ទៅ​ទៀត អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ ត្រូវ​យកចិត្តទុកដាក់​តាមដាន ក្តាប់​ព័ត៌មាន​អំពី​សភាពការណ៍​គ្រោះ​ធម្មជាតិ ស្ថានភាព​របស់​ប្រជាពលរដ្ឋ ត្រៀម​មធ្យោ​បាយ​អន្តរាគមន៍​បាន​ទាន់​ពេលវេលា ។

មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត​បាន​ប្រកាស​ឱ្យ​ដឹងផង​ដែរ​ថា​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តំបន់​ជួរ​ភ្នំក្រវាញ ស្ទឹងធំ និង​ស្ទឹង​អា​រ៉ៃ មាន​កម្រិត​ខ្ពស់ ហូរ​ចាក់​មក​លើ​ដងស្ទឹង​ពោធិ៍សាត់ ។ ឥទ្ធិពល​នៃ​ស្ទឹង​ខាងលើ​នេះ និង​ធ្វើ​ឱ្យ​ទឹកស្ទឹង​ពោធិ៍សាត់ មាន​សន្ទុះ​កើន​ឡើងជា​បន្តបន្ទាប់ និង​អាច​បង្ក​ឱ្យ​មាន​ទឹកជំនន់​នៅ​ក្នុង​ទីរួមខេត្ត​ពោធិ៍សាត់​ទៀត​ផង ។

យោង​តាម​ស្ថានភាព​អាកាសធាតុ​ខាងលើ អាជ្ញាធរ​ក្រុង ស្រុក ឃុំ សង្កាត់​គ្រប់​លំដាប់ថ្នាក់ និង​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្ត ពិសេស​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដងស្ទឹង​ពោធិ៍សាត់ និង​ស្ទឹង​ពាក់ព័ន្ធ សូម​បង្កើត​ការ​យកចិត្តទុកដាក់ ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេង​ៗ ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ និង​ត្រៀម​រក​ទីទួល​សុវត្ថិភាព សម្រាប់​ជម្លៀស​ប្រជាពលរដ្ឋ​ដែល​ងាយ​រង​គ្រោះ ៕​

អត្ថបទសរសេរ ដោយ