ប្រទេស​ភូមា មិន​ពន្យារពេល​បោះ​ឆ្នោត​ឡើយ ទោះបីការ​ចម្លង​កូ​វី​ដ​-១៩ ផ្ទុះ​ឡើង​ខ្លាំង​ក៏​ដោយ


ទីក្រុង​រ៉​ង់​ហ្គូ​ន ៖ ក្រុម​មន្ត្រី នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​និយាយ​ថា ប្រទេស​ភូមា នឹង​បោះ​ឆ្នោត​ជាស​កល ទៅ​តាម​ការ​គ្រោងទុក គឺ​នៅ​ខែវិច្ឆិកា ឆ្នាំ​នេះ ទោះបី​មានការ​អំពាវនាវ​ពី​គណបក្សប្រឆាំង ឲ្យ​ពន្យារពេល​ក៏​ដោយ ដោយ​ហេតុផល​ថា ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​-១៩ បន្ថែម​ថ្មី​ៗ មានការ​កើនឡើង​ខ្លាំង ។

ប្រទេស​ស្ថិត​ក្នុង​អាស៊ី​អាគ្នេយ៍​មួយ​នេះ បាន​រាយការណ៍​ថា ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​-១៩ មាន​ចំនួន ៦៧១ ករណី​ថ្មី​ទៀត កាលពី​ថ្ងៃអាទិត្យ ទី​២០​កញ្ញា ដែល​ជា​ចំនួន​ឆ្លង​ប្រចាំ​ថ្ងៃ​ខ្ពស់​បំផុត ចាប់តាំងពី​ការ​ផ្ទុះ​ឡើង នា​ខែមីនា​មក នាំ​ឲ្យ​ចំនួន​សរុប​កើន​ដល់ ៥.៥៤១​នាក់ និង​អ្នក​ស្លាប់​ចំនួន ៩២​នាក់ ។

មី​យ៉ា​ន់​ម៉ា បាន​ឆ្លងកាត់​ជា​ច្រើន​ស​ប្តា​ហ៍ ដោយ​គ្មាន​ករណី​ឆ្លង​ក្នុងស្រុក មុន​ពេល​មានការ​ផ្ទុះ​ឡើង​ខ្លាំង ក្នុង​ខែសីហា នៅ​តំបន់​រ៉ា​ឃី​នភា​គ​ខាងលិច ដែល​បាន​ឆ្លង​រីក​រាលដាល​ពាសពេញ​ប្រទេស​តែ​ម្តង ។

គណបក្ស​នានា បាន​បញ្ឈប់​យុទ្ធនាការ​របស់​ខ្លួន ក្នុង​រដ្ឋធានី​រ៉​ង់​ហ្គូ​ន កាលពី​ថ្ងៃ​ចន្ទ​នេះ បន្ទាប់​ពី​អាជ្ញាធរ​បាន​ដាក់​ចេញ​នូវ​វិធានការ​តឹងរ៉ឹង បិទ​ទីក្រុង ដោយ​បង្ខំ​អោយ​ប្រជាជន​ប្រមាណ​៥​លាន​នាក់ ធ្វើការ​ពី​ផ្ទះ ដើម្បី​ទប់ស្កាត់​នឹង​ការ​ឆ្លង​រីក​រាលដាល ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ការ​បោះ​ឆ្នោត​នឹង​ប្រព្រឹត្តិ​ទៅ​ដូច​តាម​កាលបរិច្ឆេទ នៅ​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ។

លោក Myint Naing មន្ត្រីជាន់ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ចុង​ស​ប្តា​ហ៍​ថា “​យើង​មិន​មាន​ផែនការ​ពន្យារពេល​ការ​បោះ​ឆ្នោត ដោយ​ហេតុផល នៃ​កូ​វី​ដ​-១៩ នោះ​ទេ​” ។

លោក​បាន​និយាយ​បន្ត​ថា ចំនួន​ស្ថានីយ៍បោះឆ្នោត​នឹង​ត្រូវ​ដំឡើង​ពី ៤០,០០០ ទៅ ៥០,០០០ កន្លែង ដើម្បី​ចៀសវាង​ការ​ផ្ទុក​ចំនួន​មនុស្ស​លើស ហើយ​បុគ្គលិក​នឹង​ពាក់​ឧបករណ៍​ការពារ និង​អ្នកបោះឆ្នោត ត្រូវ​ពាក់​ម៉ាស និង​តម្រូវ​អោយ​លាងដៃ មុន​ចូល​ស្ថានីយ៍បោះឆ្នោត ។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា “​យើង​បាន​រៀបចំ​ស្ថានការណ៍​ដូច្នេះ​ហើយ មិន​មាន​អ្វី​ដែល​ត្រូវ​ព្រួយបារម្ភ​នោះ​ទេ​” ៕

Facebook Google Twitter Email

Live

Sponsored News

១១:២៩ | ក្នុងស្រុក

ក្រុមហ៊ុន KB Kookmin Card និង ធនាគារឯកទេស ខេប៊ី ដេហាន ម.ក ឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ដើម្បីផ្ដល់អាហារូបករណ៍ និងគាំទ្រគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកំពង់ធំ

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ