ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ ហ៊ុន ស៊ី​ណាត​ ផ្តាំ​ថា ​កុំ​យក​រូប​១សន្លឹក​ថត​ជាមួយ​លោក​ជំទាវ​ ទៅ​គំរាម​គេ​រឿង​ខ្ចី​លុយ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ ហ៊ុន ស៊ី​ណាត ប្អូនស្រី​បង្កើត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​នៅ​ថ្ងៃ​ទី​២១ ខែកញ្ញា​នេះ​បាន​ថ្លែង​ឲ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ ហ៊ុន ស៊ី​ណាត ប្អូនស្រី​បង្កើត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​នៅ​ថ្ងៃ​ទី​២១ ខែកញ្ញា​នេះ​បាន​ថ្លែង​ឲ្យ​ដឹង​ថា លោក​ជំទាវ​សូម​ផ្តាំ​ទៅ​បុគ្គល ដែល​បាន​ដើរ និង​ថតរូប​ជាមួយ​លោក​ជំទាវ ហើយ​យក​រូបថត​ទៅ​ដាក់​ជា​ប្រូ​ហ្វា​ល​ហ្វេ​ស​ប៊ុ​ក ទៅ​ដើរ​ខ្ចី​លុយ​គេ មិន​សង​ហើយ យកឈ្មោះ​លោក​ជំទាវ​ទៅ​គម្រាម​គំ​ហែង​គេ​ទៀត ដែល​នេះ​ជា​ទ​ង្វើ​ខុស ព្រោះ​បើ​ជំពាក់​លុយ​គេ ត្រូវ​យក​ទៅ​សង​គេ​ជា​ដាច់ខាត ។

លោក​ជំទាវ ហ៊ុន ស៊ី​ណាត តាម​រយៈ​វី​ដេ​អូ​ឃ្លី​បរប​ស់លោក​ជំទាវ​ប្រមាណ ៤០​នាទី បាន​ថ្លែង​ឲ្យ​ដឹង​ថា ថ្ងៃ​ទី​២១ ខែកញ្ញា​នេះ លោក​ជំទាវ​មាន​ប្រធានបទ​និយាយ ពី​នេះ ពី​នោះ គឺ​មាន​ពាក់ព័ន្ធ​ដល់​រូប​លោក​ជំទាវ​ផ្ទាល់ ពី​រឿង​អ្នកខ្លះ​ប្រើប្រាស់​រូបថត ដែល​បាន​ថត​ជាមួយ​លោក​ជំទាវ និង​ឈ្មោះ​លោក​ជំទាវ​ទៅ​គម្រាម​អ្នក​ដទៃ ឬ​យកឈ្មោះ​លោក​ជំទាវ ទៅ​ប្រឡូកប្រឡាក់​រឿង​រត់ការ​ពី​នេះ ឬ​ពី​នោះ ទាំង​ដែល​នោះ​ជា​ទ​ង្វើ​ដែល​លោក​ជំទាវ​ស្អប់​បំផុត ។

ប្អូនស្រី​បង្កើត​របស់​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​បាន​បន្ត​ថា «​អ្នកខ្លះ​ដើរ​ជាមួយ​ខ្ញុំ​ថតរូប មាន​បញ្ហា​ជំពាក់​លុយ​គេ​» តែ​មិន​ព្រម​សង​គេ ។

លោក​ជំទាវ ហ៊ុន ស៊ី​ណាត បាន​មាន​ប្រសាសន៍​បញ្ជាក់​យ៉ាង​ច្បាស់​ៗ​ថា «​ថត​ជាមួយ​ខ្ញុំ ខ្ញុំ​ឲ្យ​ថត មិនមែន​ឲ្យ​យក​ទៅ​គំរាម​គំ​ហែង​គេ​» ។

លោក​ជំទាវ​បាន​បន្ថែម​ថា ធម្មតា​ខ្ចី​លុយ​គេ គឺ​ត្រូវ​មាន​ផ្តិត​មេដៃ​រវាង​អ្នក​ឲ្យ​គេ​ខ្ចី​លុយ​គេ និង​អ្នក​ខ្ចី​លុយ​គេ ដល់​មាន​បញ្ហា​បែរជា​អត់​ហ៊ាន​ប្តឹង​អ្នក​ខ្ចី​លុយ​ដែល​គេចវេស មិន​ព្រម​សង ដោយ​ខ្លាច​លោក​ជំទាវ​ទៅ​វិញ ។

លោក​ជំទាវ​បាន​បញ្ជាក់​ថា «​ហេតុ​អី​អ្នក​ឲ្យ​លុយ​គេ​ខ្ចី​នោះ គ្រាន់តែ​ឃើញ​រូប​ប្រូ​ហ្វា​ល​ជាមួយ​ខ្ញុំ ហើយ​ឃើញ​ដើរ​ជាមួយ​ខ្ញុំ​ហើយ​អត់​ហ៊ាន​ប្តឹង​នោះ ខ្ញុំ​សួរ ច្បាប់​គឺ​ច្បាប់ នែ​! ពិតមែនតែ​អ្នកឯង​ដើរ​ជាមួយ​គ្នា តែ​អ្នកឯង​ដើរ​បោក​គេ ខ្ញុំ​ឯណា​ឲ្យ​អ្នកឯង​ទៅ​ដើរ​បោក​គេ ? ។ ខ្ញុំ​សួរ ? ខ្ញុំ​អត់​មាន​ឲ្យ​អ្នកឯង​យក​រូប​ខ្ញុំ ទៅ​គម្រាម​គំ​ហែង​គេ ហើយ​ទៅ​រត់ការ​រឿង​នេះ រឿង​នោះ ថា​ខ្ញុំ​ជា​អ្នក​ឲ្យ​រត់ការ ។ អត់​មាន​ទេ​ណា ខ្ញុំ​ជម្រាប​ហើយ ខ្ញុំ​បាន​ប្រាប់​ហើយ ប្រាប់​ទៀត​ថា ខ្ញុំ​អត់​ចូល​ចិត្ត​ទេ ភាព​អយុត្តិធម៌ ភាព​យក​ខ្នង​គេ​ទៅ​ធ្វើស្រែ​បុណ្យ ខ្ញុំ​អត់​ចូល​ចិត្ត​អ៊ីចឹង​ទេ ។

លោក​ជំទាវ​ក៏​បាន​ក្រើនរម្លឹក​ថា «​សូម​បងប្អូន កូនក្មួយ​ដែល​ជំពាក់​លុយ​គេ មេត្តា​យក​ទៅ​សង​គេ​ទៅ កុំ​យក​រូប​ប្រូ​ហ្វា​ល​ខ្ញុំ​តូច​មួយ​ហ្នុ​ង ហើយ​រូបថត​សោះ រូបថត​អត់​វិញ្ញាណ​សោះ ហើយ​អ្នក​ឲ្យ​គេ​ខ្ចី អី​ក៏​ខ្លាច​ម្លឹ​ង​ៗ» ។

លោក​ជំទាវ​បាន​បន្ថែម​ថា «​អ៊ីចឹង អ្នកឯង​បាន​ថតរូប​ជាមួយ​ថ្នាក់ដឹកនាំ អ៊ីចឹង អ្នកឯង​ដើរ​ខ្ចី​លុយ​គេ​ហ្នឹង អ្នកឯង​អត់​សង​គេ​ទេ ។ វា​ម៉េច ? វា​ខុស ច្បាប់​គឺ​ច្បាប់ យក​ទៅ​សង​គេ​ទៅ​… ហើយ​យក​រូប​ខ្ញុំ ទៅ​ធ្វើ​អ៊ីចឹង ងាប់​គេ ងាប់​ឯង ងាប់​ដោយ​ទាំង​ខ្ញុំ​ឯនេះ ដើរ​ធ្វើបុណ្យ​សុខ​ៗ បែរជា​មក​ជាប់​ពាក់ព័ន្ធ​រឿង​អ៊ីចឹង​ដែរ ខ្ញុំ​អត់​ចូល​ចិត្ត​ទេ ។ មិនមែន​អ្នកឯង​មក​ដើរ​ជាមួយ​ខ្ញុំ​ហើយ ខ្ញុំ​ប្រើ​ឲ្យ​អ្នកឯង​ទៅ​ធ្វើបាប​គេ​អ៊ីចឹង​ទេ ។ ចាំ​ឲ្យ​ច្បាស់ យាយ​ប៉ិ​នេះ មិនមែន​អ៊ីចឹង​ទេ ច្បាប់​គឺ​ច្បាប់ ហើយ​បើ​អ្នកឯង​ដើរ​ធ្វើ​ប្រព្រឹត្ត​អាក្រក់​ហើយ កុំ​ស្មាន​ឲ្យ​សោះ ខ្ញុំ​ចិញ្ច្រាំ​ឲ្យ​ទាល់តែ​ខ្ទេច​» ។

លោក​ជំទាវ​បាន​បន្ថែម​ទៀត​ថា មានរឿង​ច្រើន​ណាស់ រឿង​ផ្សេង​ទៀត រឿង​លែងលះ​គ្នា​ក៏​ដោយ រឿង​ដីធ្លី​ក៏​ដោយ កុំ​បាញ់​ផ្ញើ​ព័ត៌មាន​ទៅ​លោក​ជំទាវ​អី ព្រោះ​រូប​លោក​ជំទាវ​មិនមែន​ជា​អ្នក​ដោះស្រាយ​រឿង​ដីធ្លី​ទេ ដូច្នេះ​សូម​បងប្អូន​ជូន​ព័ត៌មាន​ទៅ ថ្នាក់ដឹកនាំ​ដែល​ពាក់ព័ន្ធ​រឿង​ដីធ្លី ដូច​ជា​លោក​ជំទាវ ម៉ែ​ន សំ​អន ឯកឧត្តម ជា សុ​ផា​រ៉ា និង​ឯកឧត្តម ប៊ិ​ន ឈិ​ន ជាដើម ។

លោក​ជំទាវ បាន​ពោល​បញ្ជាក់​ម្តង​ហើយ​ម្តងទៀត​ថា «​ខ្ញុំ​រាល់ថ្ងៃ សុំ​តែ​ដើរ​ធ្វើបុណ្យ​ទេ​» ។ លោក​ជំទាវ បាន​ស្នើ​អ្នក​ជំពាក់​គេ​ត្រូវ​សង​គេ ហើយ​បញ្ឈប់​សកម្មភាព​អាក្រក់​បែប​នេះ ព្រោះ​លោក​ជំទាវ មិន​បាន​ទៅ​ខ្ចី​លុយ នរណា​នោះ​ទេ ដល់​ធ្វើ​អ៊ីចឹង​ទៅ វា​នាំ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​លោក​ជំទាវ​ដែល​ជា​ប្អូន​អ្នកធំ​ផង ។

លោក​ជំទាវ បាន​បញ្ជាក់​ថា «​គេ​ឆាត​មក​ថា កូនធម៌​ម៉ែ​ឯង … បើ​ហៅ​ខ្ញុំ គោរព​ខ្ញុំ​ជា​ម៉ែ​ហើយ មេត្តា​ឲ្យ​ខ្ញុំរ​ស់បាន​ស្រួល កុំ​យក​ខ្នង​ខ្ញុំ​ទៅ​ធ្វើ​អ៊ី​ចេ​» ។ លោក​ជំទាវ​បាន​បន្ត​ថាបើ​មិន​យក​ទៅ​សង​គេ​ទេ នោះ​លោក​ជំទាវ​នឹង​ធ្វើការ​ឡាយ​លើក​ទី ២ បង្ហាញ​ឈ្មោះ​អ្នក​ដែល​ជំពាក់​លុយ​គេ​មិន​សង ហើយ​យក​រូបថត​ថត​ជាមួយ​លោក​ជំទាវ​ទៅ​គម្រាម​គំ​ហែង​គេ ។

ប្អូនស្រី​បង្កើត​សម្តេច​នាយក​រដ្ឋមន្ត្រី ក៏​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា កុំ​ណា​! អ្នក​ណា​ដែល​ប្រើ​ឈ្មោះ​ថា ខ្ញុំ​កូនធម៌​ជំទាវ ហ៊ុន ស៊ី​ណាត ទៅ​ខ្ចី​លុយ​គេ ហើយ​ខាង​នោះ (​ម្ចាស់​លុយ​) ក៏​ថា ឃើញ​គាត់​ដើរ​ជាមួយ ឃើញ​ប្រូ​ហ្វា​ល​ក៏​ជាមួយ ឃើញ​ស្អី​ក៏​ជាមួយ ឥឡូវ​ហ្នឹង​គាត់​អត់​ហ៊ាន​ប្តឹង​ទេ ឲ្យ​ជួយ​ធ្វើ​ម៉េច ? ព្រោះ​បើ​ប្តឹង ក៏​គង់​លោក​ជំទាវ​កាន់ជើង​កូនធម៌​នោះ ។

លោក​ជំទាវ ហ៊ុន ស៊ី​ណាត បាន​បន្ត​ថា «​មើល​មុខ​យាយ​ចាស់​នេះ ឲ្យ​ច្បាស់ ស្គាល់​យាយ​ចាស់​នេះ​ឲ្យ​ច្បាស់ ថា​យាយ​ចាស់​នេះ​មិន​កាន់ជើង​មនុស្ស​អាក្រក់​ទេ ។ សុខចិត្ត​លា​ចេញពី​តំណែង ដោយសារ​តែ​ភាព​អយុត្តិធម៌​… ខ្ញុំ​អត់​ចូល​ចិត្ត​ទេ អាណា​ធ្វើ​ខុស ជាប់គុក​ទៅ​» ៕

សូមទស្សនាវីដេអូ មានដូចខាងក្រោមនេះ ៖

https://www.facebook.com/786365244831328/videos/373086313858649

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ