ប្រទេសចិន ៖ កងទ័ពអាកាសចិនកាលពីចុងសប្ដាហ៍ បានចេញផ្សាយវីដេអូមួយដែលបង្ហាញបណ្ដាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រចិនធុន H-6 មានសមត្ថភាពនុយក្លេអ៊ែរ ធ្វើត្រាប់វាយប្រហារដែលមើលទៅហាក់ដូចជាមូលដ្ឋានអាកាសអាមេរិក ANDERSEN ស្ថិតលើកោះហ្គាមក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ។
បណ្ដារូបភាពនៃការធ្វើត្រាប់វាយប្រហារនោះ ចេញផ្សាយកាលពីថ្ងៃទី១៩ កញ្ញា តាមបណ្ដាញសង្គមចិន WEIBO កងទ័ពអាកាសចិនបានថតពេលធ្វើសមយុទ្ធដែលចាប់ផ្ដើមនាពេលមុននេះ នៅជិតច្រកសមុទ្រតៃវ៉ាន់ពេលដែលសមាជិកឋានៈខ្ពស់មួយរូបនៃក្រសួងការបរទេសអាមេរិកមកដល់ទីក្រុងតៃបិុ ។ នោះជាលើកដំបូងចាប់តាំងពី៤០ឆ្នាំមកហើយ ដែលមេដឹកនាំអាមេរិកឋានៈខ្ពស់គួរសមមួយរូប មកកាន់កោះតៃវ៉ាន់ ដែលចិនចាត់ទុកជាអាណាខេត្តមួយរបស់ខ្លួន ។
កោះហ្គាមមានទីតាំងយោធាសំខាន់ៗរបស់អាមេរិក ដែលប្រើជាពិសេសក្នុងករណីមានជម្លោះក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។ វីដេអូរយៈពេល២នាទីនិង១៥វិនាទីនោះ មានចំណងជើងថា «អាទិទេពនៃសង្គ្រាម H-6K ឈានទៅវាយប្រហារ» បង្ហាញបណ្ដាយន្តហោះធុននោះហោះចេញពីមូលដ្ឋានអាកាស ស្ថិតក្នុងតំបន់គ្មានមនុស្សរស់នៅមួយ ។ បន្ទាប់មកគេឃើញអ្នកបើកយន្តហោះម្នាក់បាញ់មីសីុលមកលើផ្លូវចុះនៅព្រលានមួយដែលមិនបញ្ជាក់ បន្ទាប់មករូបភាពផ្កាយរណបមួយបង្ហាញមូលដ្ឋានយោធាមួយ មើលទៅហាក់ដូចជាមូលដ្ឋាន ANDERSEN ។
ក្នុងវីដេអូនោះកងទ័ពចិនបានបញ្ចូលពាក្យថា យើងជាអ្នកការពារសន្តិសុខអាកាសរបស់មាតុភូមិ ។ យើងមានបេសកកម្មនិងសមត្ថភាពការពារសន្តិសុខអាកាសរបស់មាតុភូមិ ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ