ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាលការិយាល័យបង្ការនិងពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា កាលពីវេលាម៉ោង១រសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈអគ្គីភ័យឆាបឆេះរោងចក្រជ្រលក់អំបោះនិងក្រណាត់យីហោ លីនស័រតិចថាយ៍ មានទំហំ២០ម៉ែត្រគុណនឹង៥០ម៉ែត្រ សង់អំពីថ្ម ប្រក់ស័ង្កសី មានទីតាំងស្ថិតក្នុងក្រុម៣៥ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
បន្ទាប់ពីកើតហេតុភ្លាមៗ រថយន្តបង្ការនិងពន្លត់អគ្គីភ័យជាច្រើនគ្រឿងមានដូចជារថយន្តពន្លត់អគ្គីភ័យស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុ, រថយន្តពន្លត់អគ្គីភ័យទីបញ្ជាការកងរាជអាវុធហត្ថខេត្ត, រថយន្តពន្លត់អគ្គីភ័យយោធាង៧០, រថយន្តពន្លត់អគ្គីភ័យអង្គភាពកំពង់ផែរស្វយ័តខេត្ត និងរថយន្តពន្លត់អគ្គីភ័យវិស័យឯកជនក៍បានមកចូលរួមអន្តរាគមន៍ក្នុងការជួយបាញ់ទឹកពន្លត់នៅក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះរោងចក្រជ្រលក់ក្រណាត់ខាងលើនេះដែរ។
តាមការអះអាងពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់កាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០នេះថា ករណីអគ្គិភ័យបានឆាប់ឆេះទីតាំងអគារឃ្លាំងដាក់សម្ភារៈនៃរោងចក្រជ្រលក់ក្រណាត់ខាងលើ នៅតែមិនទាន់រលត់នៅឡើយ ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ទៀតថា បច្ចុប្បន្នរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងរបស់ស្នងការដ្ឋាននគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្ត ,កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានចេញអន្តរាគមន៍ពន្លត់ភ្លាមៗផងដែរ ប៉ុន្តែដោយសារតែក្នុងរោងចក្រនោះ មានអំបោះ ក្រណាត់ ទើបពិបាកក្នុងការពន្លត់ ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បន្ថែមថា សមត្ថកិច្ចកំពុងសហការគ្នាបាញ់ពន្លត់អគ្គីភ័យនៅកន្លែងកើតហេតុយ៉ាងយកចិត្តទុកដាក់ ក្រោមការដឹកនាំពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុផងដែរ ។ បន្ទាប់ពីអន្តរាគមន៌យ៉ាងសកម្មពីសមត្ថកិច្ចចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តដែលដឹកនាំបញ្ជាផ្ទាល់ដោយ លោក គួច
ចម្រើន ក្នុងការបាញ៎ទឹកពន្លត់នៅទីតាំងកើតហេតុខាងលើមិនឲ្យឆេះឆ្លងរាលដាល ហើយអគ្គីភ័យក៍បានរលត់ទៅវិញនៅវេលាម៉ោង៤រសៀលថ្ងៃដដែល។
យោងតាមរបាយការណ៏ពីសមត្ថកិច្ចបញ្ជាក់ថា ឃ្លាំងស្តុកទំនិញ សម្ភារៈដែលអគ្គិភយ័ឆាបឆេះនេះមានម្ចាស់តំណាងជាជនជាតិចិន ហើយសម្ភារៈក្នុងឃ្លាំងឆេះខូចខាតរួមមាន ៖ អំបោះនិងម៉ាស៊ីនផលិតមួយចំនួន ក្រៅពីខូចខាតសម្ភារៈក្នុងឃ្លាំង មិនមានមនុស្សរងគ្រោះថ្នាក់ឬបាត់បង់អាយុជីវិតឡើយ ។ ចំពោះមូលហេតុដែលបង្កឲ្យមានអគ្គីភ័យឆាបឆេះរោងចក្រខាងលើនេះ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវបន្ត ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ