ប្តីប្រពន្ធថ្មីថ្មោងចង់បានផ្ទះ!តោះមកដឹងវិធីខ្លះៗ ដើម្បី ចៀស វាងសម្ពាធផ្នែកហិរញ្ញវត្ថុ


រាជធានីភ្នំពេញ ៖ ប្រាកដណាស់ មិនថាគូស្វាមី-ភរិយាទើបរៀបការរួច ឬចង់រៀបការឆាប់ៗនិងចង់បានលំនៅឋានរស់នៅសមរម្យនោះ អ្នកជំនាញបានណែនាំនូវគន្លឹះសំខាន់មួយចំនួនដែលលោកអ្នកគួរពិចារណា ដើម្បីកុំឲ្យមានសម្ពាធផ្លូវចិត្តរឿងខ្វះលុយមុខក្រោយ រឿងទិញផ្ទះបង់រំលោះ ឬគួរទិញផ្ទះថ្មីតាមវិធីសាស្ត្រណាត្រឹមត្រូវនោះ ។

រូបមន្តទិញផ្ទះតាមលទ្ធភាព (៣០/៣០/៣) ដើម្បីចៀសវាងសម្ពាធផ្នែកហិរញ្ញវត្ថុ សម្រាប់មនុស្សជាច្រើន និងជាពិសេសគូស្រកវ័យក្មេងដែលទើបនឹងរៀបការរួច តែងតែមានចម្ងល់ថា តើខ្លួនគួរទិញផ្ទះបង់រំលស់ឬទេ? ហើយបើទិញបង់រំលស់ តើខ្លួនគួរមានលទ្ធភាពប៉ុណ្ណា?

អ្នកជំនាញខាងផ្នែកហិរញ្ញវត្ថុ និងជាអ្នកជំនាញខាងអចលទ្រព្យផងនោះ លោក ង៉ែត ជូ បានបន្តថា ជារើយៗ សំណួរទាំងនេះគឺជាសំណួរគ្មានចម្លើយ ហើយពួកគេក៏ប្រថុយទិញផ្ទះដោយមិនបានពិចារណាល្អិតល្អន់ដែរ។ ទង្វើបែបនេះបានធ្វើអោយគ្រួសារខ្លះស្ថិតក្រោមសំពាធផ្នែកហិរញ្ញវត្ថុធ្ងន់ធ្ងរ។

លោក ង៉ែត ជូ បានលើកយកឧទាហរណ៍ដូចនេះថា មានអ្នកជំនាញផ្នែកហិរញ្ញវត្ថុបុគ្គល (Personal Finance Expert) បានផ្តល់អនុសាសន៍ជារូបមន្ត ៣០/៣០/៣ ដើម្បីអោយមនុស្សអាចទិញផ្ទះសំរាប់រស់នៅទៅតាមលទ្ធភាព និងដើម្បីចៀសវាងនូវសំពាធផ្នែកហិរញ្ញវត្ថុ។ ខាងក្រោមនេះជាការបកស្រាយនៃរូបមន្ត និងជាឧទាហរណ៍ខ្លីៗ៖

១)គោលការណ៍ទី១ ៖ ចំនួនប្រាក់បង់រំលស់ប្រចាំខែមិនគួរលើសពី៣០%នៃចំណូលសរុបរបស់គ្រួសារនោះទេ។ ឧទាហរណ៍ ប្រសិនបើពីរនាក់ប្តីប្រពន្ធរកបានចំណូល១៥០០ដុល្លាក្នុង១ខែ ការបង់រំលស់ផ្ទះទាំងប្រាក់ដើម និងការប្រាក់មិនគួរលើសពី៤៥០ដុល្លានោះទេ។

២)គោលការណ៍ទី២ ៖ បើទោះជាមានគំរោងបុរីជាច្រើនមិនតំរូវអោយមានបង់ប្រាក់ដំបូងក៏ដោយ (down payment requirement) អ្នកគួរសន្សំប្រាក់អោយបាន៣០%នៃតម្លៃផ្ទះជាមុនសិនមុននឹងសំរេចចិត្តទិញផ្ទះ។ ឧទាហរណ៍ អ្នកទិញផ្ទះតម្លៃ៦ម៉ឺនដុល្លា អ្នកគួរសន្សំប្រាក់អោយបានយ៉ាងតិច១៨០០០ដុល្លាជាមុនសិន។ ធ្វើដូច្នេះ ជួយអោយអ្នកមានលទ្ធភាពបង់រំលស់ទាំងប្រាក់ដើម និងការប្រាក់ប្រចាំខែក្នុងកំរិតទាបតាមគោលការណ៍ទី១។ ម្យ៉ាងអ្នកអាចបង់រំលស់ផ្ទាល់ជាមួយធនាគារដែលជាទូទៅមានអត្រាការប្រាក់ទាបជាងអត្រាការប្រាក់បង់រំលស់ជាមួយម្ចាស់គំរោង (ធនាគារគិតការប្រាក់ចន្លោះ៧%ទៅ៩%ក្នុង១ឆ្នាំ។ រីឯម្ចាស់គំរោងឬបុរីគិតការប្រាក់ចន្លោះ១០%ទៅ១២%ក្នុង១ឆ្នាំ)។ ម្យ៉ាងការបង់រំលស់ជាមួយធនាគារបានផ្តល់សុវត្ថិភាពបណ្ណ័កម្មសិទ្ធិខ្ពស់ជាងការបង់រំលស់ផ្ទាល់ជាមួយម្ចាស់គំរោង។

៣)គោលការណ៍ទី៣ ៖ តម្លៃផ្ទះដែលអ្នកទិញសំរាប់នៅមិនគួរមានតម្លៃលើសពី៣ដងនៃចំណូលសរុបប្រចាំឆ្នាំរបស់គ្រួសារអ្នកនោះទេ។ ឧទាហរណ៍ គ្រួសារអ្នកមានចំណូល១ខែ១៥០០ដុល្លា ក្នុង១ឆ្នាំគ្រួសារអ្នកមានចំណូល១៨០០០ដុល្លា។ ដូច្នេះផ្ទះដែលអ្នកទិញសំរាប់រស់នៅមិនគួរមានតម្លៃលើសពី៥៤០០០ដុល្លានោះទេ (របៀបគណនា៖ ១៨០០០ដុល្លា គុណនឹង៣)។

លោក ង៉ែត ជូ បានបន្ថែមដូចនេះថា «ប្រសិនបើអ្នក និងប្តីឬប្រពន្ធរបស់អ្នកគ្រាន់តែជាអ្នកធ្វើការធម្មតា (គ្មានទេពកោសល្យជាសហគ្រិន ឬជាអ្នកវិនិយោគ) ខ្ញុំជូនជាយោបល់ថាអ្នកគួរប្រកាន់យកគោលការណ៍ទាំង៣ខាងលើដើម្បីកុំអោយមានសម្ពាធផ្នែកហិរញ្ញវត្ថុ និងអាចសន្សំប្រាក់បានខ្លះយកទៅចូលហ៊ុនវិនិយោគជាមួយអ្នកដទៃដើម្បីបានជាបទពិសោធន៍។ ផ្ទុយទៅវិញ ប្រសិនបើអ្នក និងដៃគូរបស់អ្នកជាមនុស្សមានទេពកោសល្យជាសហគ្រិន ឬជាអ្នកវិនិយោគ អ្នកគួរបង្កើតអាជីវកម្ម ឬវិនិយោគដើម្បីទទួលបានជាប្រាក់ចំណេញសិនមុននឹងសំរេចចិត្តទិញផ្ទះនៅ»។

លោកបានបន្តថា ធ្វើដូច្នេះបើទោះជាមានហានិភ័យខ្ពស់ជាងការអនុវត្តគោលការណ៍ទាំង៣ខាងលើ អ្នកក៏អាចមានលទ្ធភាពទិញផ្ទះបាននៅដោយមិនចំណាយពេលច្រើនដែរប្រសិនបើការធ្វើអាជីវកម្ម ឬការវិនិយោគទទួលបានជោគជ័យ។ ឧទាហរណ៍ជាក់ស្តែង សំរាប់រូបលោកផ្ទាល់កាលពី១៥ឆ្នាំមុន (ឆ្នាំ២០០៥) លោកបានវិនិយោគលើដីនៅជាយក្រុងក្នុងតម្លៃ១០០០០ដុល្លា ៣ឆ្នាំក្រោយ (ឆ្នាំ២០០៨) លោកបានលក់ក្នុងតម្លៃជាង៣០០០០ដុល្លា រួចយកលុយទាំងអស់ទៅទិញផ្ទះនៅដោយមិនមានការបង់រំលស់។

លោក ង៉ែត ជូ បានបន្ថែមដូចនេះថា «តែក្នុងរយៈពេល៣ឆ្នាំផ្ទះក៏ទិញបាននៅ រីឯបំណុលដែលខ្ចីទិញដីជិត១០០០០ដុល្លាក៏សងធនាគារអស់។ ដូច្នេះចំណេញទាំងពេលវេលា ចំណេញទាំងបទពិសោធន៍ក្នុងការវិនិយោគ។ ជំនួសអោយការទិញផ្ទះបង់រំលស់ក្នុងរយៈពេលវែង (ឧទាហរណ៍ ១៥ឆ្នាំ) ខ្ញុំបានចំណាយពេលតែ៣ឆ្នាំទេទិញផ្ទះបាននៅហើយ។ ដូច្នេះ ខ្ញុំចំណេញដោយសល់ពេល១២ឆ្នាំទៀតសំរាប់ប្រឡូកក្នុងកិច្ចការវិនិយោគលើដីធ្លី»៕

Facebook Google Twitter Email

Live

Sponsored News

១១:២៩ | ក្នុងស្រុក

ក្រុមហ៊ុន KB Kookmin Card និង ធនាគារឯកទេស ខេប៊ី ដេហាន ម.ក ឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ដើម្បីផ្ដល់អាហារូបករណ៍ និងគាំទ្រគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកំពង់ធំ

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ