ខេត្តព្រះសីហនុ ៖ តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា មានករណីក្មេងស្រីចំនួន២នាក់លង់ទឹក បណ្តាលឱ្យបាត់បង់ជីវិត បង្កការភ្ញាក់ផ្ងើលកាលពីវេលាថ្ងៃត្រង់ថ្ងៃទី២០ កញ្ញា ឆ្នាំ២០២០ នៅចំណុចក្នុងរោងចក្រអគ្គីសនីធ្យូងថ្ម តំបន់សេដ្ឋកិច្ចពិសេស ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្មេងស្រីរងគ្រោះទាំង២នាក់ខាងលើ ក្នុងនោះម្នាក់ឈ្មោះថន ស្រីនិត អាយុ៤ឆ្នាំ មាន
ឪពុកឈ្មោះឈន សុភា អាយុ៣៧ឆ្នាំ និងម្តាយឈ្មោះខន ខួច អាយុ៤១ឆ្នាំ មានទីលំនៅ ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជយ័។ ចំណែកម្នាក់ទៀតឈ្មោះ ចន មុន្នីនាថ អាយុ៤ឆ្នាំ មានឪពុកឈ្មោះចន មុនីតុលា អាយុ៣៧ឆ្នាំ ម្តាយឈ្មោះបិត សុខភី អាយុ៤០ឆ្នាំ ទីលំនៅភូមិជំរុំសៀម ស្រុកសំពៅមាស ខេត្តពោធិសាត់ បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុ ។
តាមការបំភ្លឺពីឪពុកម្តាយក្មេងរងគ្រោះបានអោយដឹងថា កាលពីវេលាម៉ោង៨ព្រឹកថ្ងៃកើតហេតុ ពួកគាត់បាននាំគ្នាទៅធ្វើការ ដោយទុកកូនអោយនៅក្នុងរោងស្នាក់នៅ លុះប្រហែលជាម៉ោង១១ថ្ងៃត្រង់ ពេលចេញពីធ្វើការវិញ មិនឃើញកូន ក៏នាំគ្នាដើររក ស្រាប់តែប្រទះឃើញលង់ក្នុងថ្លុកទឹកក្បែរកន្លែងស្នាក់នៅ ដោយដៃក្មេងទាំងពីរកាន់ជាប់គ្នា ។ ភ្លាមៗនោះ ពួកគាត់បានបញ្ជូនទៅមណ្ឌលសុខភាពឃុំរាម ដើម្បីសង្គ្រោះដែរ ប៉ុន្តែគ្រូពេទ្យប្រាប់ថា ក្មេងទាំង២បាត់បង់ជីវិតទៅហើយ។
បច្ចុប្បន្ន សពក្មេងស្រីរងគ្រោះទាំង២នាក់ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ