ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្លើមធំណាស់!ហ៊ានប្រកាសលក់ដូរដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ!

3 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ថ្មីៗនេះមានការដាក់ប្រកាសលក់ដូរដីធ្លីម្តងទៀតហើយ ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោក ។ នេះជាបើយោងតាម មន្ត្រីអាជ្ញាធរជាតិអប្សរា បានប្រាប់សារព័ត៌មានកោះសន្តិភាព នៅថ្ងៃទី…

ខេត្តសៀមរាប ៖ ថ្មីៗនេះមានការដាក់ប្រកាសលក់ដូរដីធ្លីម្តងទៀតហើយ ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោក ។ នេះជាបើយោងតាម មន្ត្រីអាជ្ញាធរជាតិអប្សរា បានប្រាប់សារព័ត៌មានកោះសន្តិភាព នៅថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២០។

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សារា បានបន្តទៀតថា «ជារឿយលោកឃើញមានការលក់ទិញនេះនៅតែបន្ត បើទោះបីជាអាជ្ញាធរជាតិ ព្យាយាមពន្យល់ តែងតែណែនាំ និងការធ្វើសិក្ខាសិលា ស្តីអំពីដីរបស់រដ្ឋនេះក្តី ក៏សកម្មភាពលក់ដីទាំងនេះនៅតែមាន។ យើងតែងតែណែនាំដល់ប្រជាពលរដ្ឋដែលបានរស់ក្នុងតំបន់អភិរក្សនេះ​ តាំងពីក្នុង ២០០២ មកម្ល៉េះ ប៉ុន្តែសកម្មភាពលក់ដូរដីធ្លីនៅតែមាន ហើយកន្លងយើងបានដាក់ពាក្យបណ្តឹងទៅតុលាការទៀតផង»។

អាជ្ញាធរជាតិអប្សរា បានធ្វើការអំពាវនាវដល់បុគ្គលមួយដែលមានគណនីហ្វេសប៊ុក Vannchheun Bonjour និងបុគ្គលផ្សេងទៀត ដែលកំពុងតែប្រកាសលក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរតាមប្រព័ន្ធទំនាក់ទំនងសង្គម ឲ្យបញ្ឈប់នូវសកម្មភាពរបស់ខ្លួនជាបន្ទាន់។ ក្នុងករណីមិនព្រមបញ្ឈប់សកម្មភាពនេះទេ អាជ្ញាធរជាតិអប្សរានឹងចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមាន។

លោក ឡុង កុសល បន្តថ្លែងថា «ដើម្បីអនុវត្តគោលការណ៍ច្បាប់ក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាព អាជ្ញាធរជាតិអប្សរា ខ្ញុំចង់សំណូមឱ្យបងប្អូនយល់ និងបញ្ឈប់រាល់សកម្មភាពទាំងនោះ ព្រោះថានេះជាដីរដ្ឋ និងដីក្នុងតំបន់អភិរក្សមិនត្រឹមតែក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាជាតំបន់បេតិកភណ្ឌពិភពលោក។ ដូចនេះបងប្អូនគួរយល់ថា មិនមានប្លង់រឹងអ្វីនោះទេ​ ប៉ុន្តែគ្រាន់តែគ្រួសារនិងប្រជាពលរដ្ឋ ដែលគាត់បានរស់នៅក្នុងតំបន់នេះយូរមក គាត់អាចត្រឹមធ្វើលិខិតផ្ទេរជូនគ្រួសារសាច់ញាតិតែប៉ុណ្ណោះ មិនមានសិទ្ធលក់បន្តឱ្យបុគ្គល “ខ” ឬ “គ” ឬហៅថាអ្នកចំណូលថ្មីនោះទេ»។

លោកបន្តថា តំបន់រមណីយដ្ឋានអង្គរ នៅមានកន្លែងជាច្រើនណាស់ដែលត្រូវការសិក្សារ និងស្រាវជ្រាវ នូវវត្ថុបុរាណ ឯកសារនានា ដូចនេះហើយបានជាអាជ្ញាធរជាតិអប្សរា ត្រូវរក្សាមិនឱ្យមានការលក់ទិញអ្វីនោះទេ។

លោក ឡុង កុសល បានបន្តថា បើគិតទៅផ្ទៃដីទំហំ ៤០១ គីឡូរម៉ែត្រក្រឡា ដែលលាតសន្ធឹង ក្នុងភូមិសាស្រ្ត ៥ ក្រុង និងស្រុក ដែលមានផ្នែកខ្លះនៃ ក្រុងសៀមរាប ស្រុកប្រាសាទបាគង ស្រុកពួក ស្រុកបន្ទាយស្រី និងស្រុកអង្គរធំ និងនៅមានកន្លែងផ្សេងទៀត ដូចជា ទួលបុរាណ ប្រសាទបុរាណ និងបឹងបុរាណផងដែរ ដែលយើងត្រូវអភិរក្ស។

សូមបញ្ជាក់ថា ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ គឺជាតំបន់មានស្ថានីយបុរាណវត្ថុសំខាន់ៗដែលត្រូវការកិច្ចការពារកម្រិតខ្ពស់បំផុត (តំបន់១) និងជាតំបន់សម្បូរសំណល់បុរាណវត្ថុដែលត្រូវការពារទប់ទល់នឹងនឹងការប្រើប្រាស់ដីធ្លីផ្តេសផ្តាសនិងការអភិវឌ្ឍន៍មិនសមស្រប(តំបន់២)។

ការលក់ទិញដីធ្លីក្នុងតំបន់នេះ គឺផ្ទុយនឹងច្បាប់ដែលមានចែងក្នុងព្រះរាជក្រឹត្យលេខ០០១ ន.ស ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ ស្តីពីការកំណត់ និងការចាត់ចែងគ្រប់គ្រងតំបន់សៀមរាបអង្គរ និងសេចក្តីសម្រេចលេខ៧០ សសរ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤ របស់រាជរដ្ឋាភិបាល ស្តីពីការកំណត់បទដ្ឋាននៃការប្រើប្រាស់ដីធ្លីនៅតំបន់១ និងតំបន់២។

ម្យ៉ាងទៀត ដើម្បីបង្ការការខូចខាតផលប្រយោជន៍របស់សាធារណជន ដែលកើតឡើងពីការទិញដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាក៏សូមអំពាវនាវផងដែរដល់សាធារណជនដែលមានបំណងទិញដីធ្លីក្នុងតំបន់នេះ សូមកុំទិញឱ្យសោះ និងសូមធ្វើការទំនាក់ទំនងមកកាន់អាជ្ញាធរជាតិអប្សរា ដើម្បីសាកសួរ និងផ្តល់ព័ត៌មាន ជូនបងប្អូន ០៩២ ៨៩ ៩៩ ៦៦៕

អត្ថបទសរសេរ ដោយ