រាជធានីភ្នំពេញ ៖ ខណៈប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងតែសពា្វវុធ» ហៅកាត់ថា EBA ដែលអឺរ៉ុបផ្ដល់ជូនកម្ពុជាកន្លងមកត្រូវបានដកផ្នែកខ្លះនោះ អង់គ្លេសបានប្ដេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មបន្ថែមទៀតជាមួយកម្ពុជា ខណៈទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងឆ្នាំ ២០១៩បានកើនឡើងជាង១ពាន់លានដុល្លារ ។
ក្នុងជំនួបរវាង លោក Marc Thayre អនុប្រធានបេសកកម្មនៃស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា កាលពីមុនបុណ្យភ្ជុំនេះ លោកសុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ក្នុងឆ្នាំ ២០១៩ ទំហំពាណិជ្ជកម្មរវាងកម្ពុជា ដែលមានជាង១ពាន់លានដុល្លារ ក្នុងនោះ កម្ពុជានាំចេញទៅកាន់ប្រទេសអង់គ្លេសមានទំហំទឹកប្រាក់ ៩៧៨លានដុល្លារ ដែលភាគច្រើនទៅលើផលិតផលសម្លៀកបំពាក់ កង់ និងស្បែកជើង ។
លោកបានបង្ហាញជំហររបស់កម្ពុជាក្នុងការគាំទ្រប្រព័ន្ធពហុភាគីនិយម ក្នុងពាណិជ្ជកម្មអន្តរជាតិ គាំទ្រកិច្ចកំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោកសំដៅធានាតម្លាភាពនិងភាពស្មើរគ្នារវាងសមាជិក ព្រមទាំងជំរុញប្រទេសអភិវឌ្ឍន៍ រួមទាំងអង់គ្លេស ឱ្យបន្តគាំទ្រសកម្មភាពពាណិជ្ជកម្មរបស់ប្រទេសកំពុងអភិវឌ្ឍ និងប្រទេសមានការអភិវឌ្ឍតិចតួច តាមរយៈការផ្តល់ប្រព្រឹត្តកម្មដោយឡែកនិងពិសេស (S&DT) ក្នុងការធ្វើពាណិជ្ជកម្ម ។
ក្នុងជំនួបនោះដែរ ភាគីទាំងពីរក៏បានពិភាក្សាលើគោលនយោបាយពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេសក្រោយការចាកចេញពីសហភាពអឺរ៉ុប (Brexit) និងដំណើរការវិវត្តនៃការជ្រើសរើសអគ្គនាយកថ្មីរបស់អង្គការពាណិជ្ជកម្មពិភពលោក ដែលក្នុងនោះមានបេក្ខភាពមកពីអង់គ្លេសផងដែរ។ កម្ពុជា អង់គ្លេស បានបង្ហាញសុទិដ្ឋិនិយមលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពិសេសក្នុងវិស័យពាណិជ្ជកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ដែលបានប៉ះពាល់ដោយមេរោគរាតត្បាតជាសកលកូវីដ-១៩ ។
សូមរំលឹកផងដែរថា តាំងពីមានតម្រុយនៃការដកប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុបមក កម្ពុជា បានងាកមកបង្កើតនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេរភាគី ជាមួយបណ្ដាប្រទេសធំៗជាច្រើន ក្នុងនោះរួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន បានសម្រេចការចរចារួចរាល់និងរងល់ចាំថ្ងៃចុះហត្ថលេខាចូលជាធរមានជាផ្លូវការប៉ុណ្ណោះ ។ ក្រៅពីនោះ កម្ពុជាក៏កំពុងបើកផ្លូវក្នុងការចរចាជាមួយបណ្ដាប្រទេសផ្សេងទៀត ដូចជាជប៉ុន កូរ៉េខាងត្បូង ប្រទេសអង់គ្លេស និងប្រទេសជាច្រើនទៀត ដើម្បីបើកផ្លូវទីផ្សារផលិតផលរបស់កម្ពុជាទៅកាន់ទីផ្សារនៃប្រទេសធំៗទាំងនោះ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ