ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CDC ៖ ការ​ដាក់​ទណ្ឌកម្ម​របស់​ក្រសួង​រតនាគារ​អា​មេ​រិ​កលើ​ក្រុមហ៊ុន UDG របស់​ចិន​នៅ​កម្ពុជា​មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា (CDC) នៅ​ថ្ងៃ​ទី​២០ ខែកញ្ញា ម្សិលមិញ​នេះ​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ដាក់​ទណ្ឌកម្ម​របស់​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក​មក​លើ​ក្រុមហ៊ុន Union Development…

​រាជធានី​ភ្នំពេញ ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា (CDC) នៅ​ថ្ងៃ​ទី​២០ ខែកញ្ញា ម្សិលមិញ​នេះ​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ដាក់​ទណ្ឌកម្ម​របស់​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក​មក​លើ​ក្រុមហ៊ុន Union Development Group របស់​ចិន ហៅ​កាត់​ថា UDG ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​រមណីយដ្ឋាន​ទេសចរណ៍​នៅ​ស្រុក​បុ​ទុម​សាគរ និង​ស្រុក​គិរី​សាគរ ខេត្តកោះកុង គឺ​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​ទាល់តែ​សោះ ព្រោះ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​គឺជា​ការ​ជួល​ដី មិនមែន​ជា​ករណី​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដូច​អា​មេ​រិ​ក​ចោទ​នោះ​ទេ ។ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​របស់ CDC ។

​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា សូម​ធ្វើការ​គូសបញ្ជាក់​ថា​ជុំវិញ​ករណី​ដែល​ក្រសួង​រតនាគារ​សហរដ្ឋអាមេរិក​អះអាង​ថា ក្រុមហ៊ុន UDG ជា​ក្រុមហ៊ុន​របស់​រដ្ឋាភិបាល​ចិន​នោះ «​គឺ​មិន​ស្រប​ទៅ​នឹង​ឯកសារ​តម្កល់​ទុក នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ទេ​» ។

CDC កម្ពុជា​បាន​បន្ត​ថា តាម​ឯកសារ​តម្កល់​ទុក នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្រុមហ៊ុន UDG ជា​ក្រុមហ៊ុន​បរទេស ដែល​មាន​វិញ្ញាបនបត្រ​ចុះបញ្ជី​នៅ ក្រសួងពាណិជ្ជកម្ម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លេខ INV.1323 E/2008 មាន​ភាគហ៊ុន ១០០% កាន់កាប់​ដោយ​ក្រុមហ៊ុន Tianjin Union Investment Development Group Co., Ltd ដែល​បាន​ចុះបញ្ជី​នៅ​ប្រទេស​ចិន​។ ក្រុមហ៊ុន Tianjin Union Investment Development Group Co., Ltd ជា​ក្រុមហ៊ុន​ឯកជន​សុទ្ធសាធ ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៥ នៅ​ទីក្រុង​ធាន​ជី​ង ប្រទេស​ចិន ដែល​មាន​ជំនាញ​លើ​ផ្នែក​វិនិយោគ​អចលនទ្រព្យ​។

​ប្រភព​ដដែល​បាន​បន្ត​ថា ជាក់ស្តែង មុន​ពេល​មក​បណ្តាក់ទុន​នៅ​កម្ពុជា ក្រុមហ៊ុន Tianjin Union Investment Development Group Co., Ltd បាន​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន​ប្រកបដោយ​ជោគជ័យ​លើ​ផ្នែក​អចលនទ្រព្យ​នៅ​លើ​កោះ​ហៃ​ណា​ន ប្រទេស​ចិន​។

​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​បញ្ជាក់​ថា «​ក្រុមហ៊ុន UDG បាន​លើក​សំណើសុំ​វិនិយោគ​លើ​គម្រោង​អភិវឌ្ឍន៍​រមណីយដ្ឋាន​លំហែកាយ​មាត់សមុទ្រ មក​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នៅ​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០០៨​។ ឆ្លង​តាម​ការ​ពិនិត្យ​សិក្សា​ស្រាវជ្រាវ និង​ការ​ពិភាក្សា​ក្នុង​អង្គប្រជុំ «​ច្រកចេញ-​ចូល​តែ​មួយ​» ជា​បន្តបន្ទាប់​រួច​មក ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​សរុប​មតិ​សុំ​ការ​ពិនិត្យ​សម្រេច​ពី​ប្រមុខ​រាជរដ្ឋាភិបាល អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ធ្វើការ​វិនិយោគ​តាម​សំណើ​។ ដូច្នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី ជា​ស្ថាពរ​លេខ​១៥៣៣/០៨ គ​.​វ​.​ក ចុះ​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០០៨» ។

​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​បន្ថែម​ទៀត​ថា ចំណុច​ទី ២៖ ករណី​ផ្តល់​ទីតាំង​មាន​ទំហំ​លើស​ពី ១០.០០០​ហិ​កតា​៖ ក្រសួង​រតនាគារ​សហរដ្ឋអាមេរិក​បាន​អះអាង​ថា ការ​ផ្តល់​ទីតាំង​ជូន​ក្រុមហ៊ុន UDG ធ្វើការ​អភិវឌ្ឍ​មាន​ទំហំ​លើស​ពី​ចំនួន​ដី​សម្បទាន​ដែល​ច្បាប់​កំណត់​។ ជា​ការ​ពិត ច្បាប់​ភូមិបាល​មិន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ណាមួយ ទទួល​បាន​ដី​សម្បទាន​លើស​ពី ១០០០០ ហិ​កតា​ឡើយ​។

​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​បញ្ជាក់​អះអាង​ថា «​ប៉ុន្តែ​គម្រោង​របស់​ក្រុមហ៊ុន UDG នេះ ពុំ​មែន​ជា​ករណី​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ទេ​។ ករណី​នេះ​ជា​ការ​ជួល​ទីតាំង​ដែល​ពុំ​មានច្បាប់​ណាមួយ​កំណត់​ពី​ទំហំ​អតិបរមា​ឡើយ​។ ដូចនេះ ការ​ជួល​ទីតាំង​ឱ្យ​ក្រុមហ៊ុន UDG ក្នុង​ទំហំ​លើស​ពី ១០.០០០​ហិ​កតា​នេះ ពុំ​មែន​ជា​ការ​អនុវត្ត​ខុសច្បាប់​ទេ​។ ក្នុង​ការ​ជួល​ទីតាំង​នេះ រាជរដ្ឋាភិបាល​បាន​គោរព និង​អនុវត្ត​ស្រប​តាម​ច្បាប់ បទ​ប្បញ្ញត្តិ និង​នីតិវិធី​ជា​ធរមាន​» ។

​បន្ថែម​ពីលើ​នេះ ករណី​ចោទប្រកាន់​របស់​រតនា​អា​មេ​រិ​ក​ដែល​ថា ក្រុមហ៊ុន UDG បាន​បង្ខំ​ឱ្យ​ប្រជាពលរដ្ឋ​ចាក​ចេញពី​ដី​របស់​ខ្លួន​៖ ទីតាំង វិនិយោគ​របស់​ក្រុមហ៊ុន UDG គឺជា​ផ្នែក​មួយ​នៃ​ឧទ្យាន​ជាតិ​បុ​ទុម​សាគរ ដែល​ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​។ ដោយ​ផ្អែក​តាម​ច្បាប់ ទីតាំង​ឧទ្យាន​ជាតិ​នេះ ពុំ​អាច​មាន​បុគ្គល​ណា​ម្នាក់​មាន​សិទ្ធិ​កាន់កាប់ និង​អាស្រ័យ​ផល​បាន​ឡើយ ប៉ុន្តែ ជាក់ស្តែង​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​រស់នៅ និង​អាស្រ័យ​ផល​នៅ​លើ​ទីតាំង​ដែល​ត្រូវ​បាន​ជួល​ឱ្យ​ក្រុមហ៊ុន UDG វិនិយោគ​។

ក្នុង​ស្មារតី​គិតគូរ​ដល់​ប្រជាពលរដ្ឋ​ទាំងនោះ កិច្ចសន្យាជួល​ទីតាំង​វិនិយោគ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ប្រកបដោយ​ការ​យកចិត្តទុកដាក់​ខ្ពស់​បំផុត ហើយ​បាន​ដាក់​ឆ្លង​កិច្ចប្រជុំ​អន្តរក្រសួង​ជា​ច្រើន លើក​ច្រើន​សារ​ដើម្បី​កំណត់​យន្តការ និង​នីតិវិធី​ដោះស្រាយ​មួយ​ដ៏​ត្រឹមត្រូវ ជាមួយ​ប្រជាពលរដ្ឋ​ទាំងនោះ ដោយ​ជៀសវាង​ការ​បង្ខិតបង្ខំ​ណាមួយ​។

ជាក់ស្តែង បន្ទាប់​ពី​កិច្ចសន្យាជួល​ទីតាំង​វិនិយោគ​ត្រូវ​បាន​ចុះហត្ថលេខា​រួច ក្រុមការងារ​អន្តរក្រសួង​មួយ​ត្រូវ​បាន​បង្កើត​ឡើង សម្រាប់​ធ្វើ​ជា​យន្តការ​ដោះស្រាយ​ទីតាំង​ជូន​ប្រជាពលរដ្ឋ​ខាងលើ​។ ក្រុមការងារ​អន្តរក្រសួង​នេះ​បាន​ចុះ​ស្រង់​ស្ថិតិ សិក្សា​លើ​គ្រប់​ទិដ្ឋភាព​ទាំងអស់ មុន​នឹង​ធ្វើ​របាយការណ៍​សុំ​ការ​ពិនិត្យ និង​សម្រេច​ពី​រាជរដ្ឋាភិបាល​។ ជា​រួម ការ​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ ដែល​កំពុង​រស់នៅ​លើ​ទីតាំង​ជួល ត្រូវ​បាន​អនុវត្ត​តាម​គោលការណ៍​ស្ម័គ្រចិត្ត សន្តិវិធី​ដោយ​គ្មាន​ការ​បង្ខិតបង្ខំ និង​ស្រប​តាម​ខ្លឹមសារ​ទាំងស្រុង​នៃ​កិច្ចសន្យា​។

​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក៏​បាន​បកស្រាយ​ចំណុច​ចោទប្រកាន់​ទី ៤ ថា ករណី​ចោទប្រកាន់​ថា ការ​អភិវឌ្ឍន៍​នេះ​បាន​បំផ្លិចបំផ្លាញ​បរិស្ថាន​៖ ក្នុង​កិច្ច​ដំណើរការ​អនុវត្ត​គម្រោង​វិនិយោគ ក្រុមហ៊ុន UDG ត្រូវ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​ស្រប​តាម​ប្លង់​មេ កម្មវិធី​អភិវឌ្ឍន៍ និង​របាយការណ៍​ស្តី​ពី​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន (EIA) ដែល​ទទួល​បានការ​ឯកភាព​ពី​ក្រសួងបរិស្ថាន​។ ប្លង់​មេ និង​កម្មវិធី​អភិវឌ្ឍន៍​ដែល​ក្រុមហ៊ុន UDG ត្រូវ​អនុវត្ត​នេះ​ត្រូវ​បាន​ពិនិត្យ​ពិភាក្សា​និង​សម្រេច​យ៉ាង​ត្រឹមត្រូវ​តាម​រយៈ​កិច្ចប្រជុំ​អន្តរក្រសួង ដែល​មានការ​ចូលរួម​ពី​តំណាង​គ្រប់​ក្រសួង​-​ស្ថាប័ន​ជំនាញ បន្ទាប់​ពី​ការ​វិភាគ​សិក្សា និង​វាយតម្លៃ​យ៉ាង​ហ្មត់ចត់​និង​ច្បាស់លាស់​។

លើស​ពី​នេះ បន្ទាប់​ពី​ទទួល​បានការ​អនុញ្ញាត​ឱ្យ​ធ្វើការ​វិនិយោគ ក្រុមហ៊ុន UDG នៅ​បន្ត​មាន​កាតព្វកិច្ច​ក្នុង​ការ​ផ្តល់​នូវ​របាយការណ៍​សកម្មភាព​លម្អិត​ពី​ការ​អភិវឌ្ឍ​នានា​នៃ​គម្រោង​វិនិយោគ​របស់​ខ្លួន​ស្រប​តាម​ប្លង់​មេ ជូន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដើម្បី​ធ្វើការ​ពិនិត្យ វាយតម្លៃ និង​តាមដាន​ជា​ប្រចាំ ដើម្បី​ធានា​ថា​ការ​អនុវត្ត​គម្រោង​អនុលោម​តាម​ច្បាប់ និង​បទ​ប្បញត្តិ​ជា​ធរមាន​។ ជាមួយ​នេះ គណៈកម្មការ​អន្តរក្រសួង​បាន​កំណត់​កម្មវិធី​ចុះ ពិនិត្យ​ដល់ទី​តាំង​ផ្ទាល់​ការ​អនុវត្ត​គម្រោង​របស់​សាមី ក្រុមហ៊ុន​នៅ​រៀង​រាល់​៦​ខែ​ម្តង​។

​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​បន្ត​ថា​ចំណុច​ទី ៥៖ ការ​ចោទប្រកាន់​ថា គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន UDG អាច​នឹង​ត្រូវ​បាន​ប្រើប្រាស់​ជា​មូលដ្ឋាន​យោធា​៖ យោង​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គ្មាន​មូលដ្ឋាន​កងទ័ព​បរទេស​ណាមួយ អាច​ត្រូវ​បាន​បង្កើត​នៅ​កម្ពុជា​ឡើយ ទោះជា​មូលដ្ឋាន​កងទ័ព​ចិន អា​មេ​រិ​ក ឬ​ប្រទេស​ណាមួយ​ក៏ ដោយ​។ រាជរដ្ឋាភិបាល​កម្ពុជា​ក៏​ធ្លាប់​បាន​បដិសេធ​ជា​ច្រើន​លើក​ច្រើន​សារ​រួច​ហើយ​ដែរ ចំពោះ​ព័ត៌មាន​ដែល​ថា កម្ពុជា​អាច​ទទួលយក​កងទ័ព​បរទេស មក​ឈរជើង​នៅ​ក្នុង​ទឹកដី​របស់​ខ្លួន​។ ដូចនេះ​កម្ពុជា​ស្វាគមន៍​ចំពោះ​ដំណើរ​ទស្សនកិច្ច ស្វែងរក​ការ​ពិត​របស់​សហរដ្ឋអាមេរិក ឬ​ប្រទេស​ជា​មិត្ត​នានា ដើម្បី​បញ្ចប់​ការ​ចោទប្រកាន់ និង​ការ​មន្ទិល​សង្ស័យ​នេះ​។

​គួរ​រំលឹក​ផង​ដែរ​ថា​ជុំវិញ​ការ​ចោទប្រកាន់​កម្ពុជា​ថា​ផ្តល់​ដី​ឲ្យ​បរទេស​បោះទីតាំង​យោធា​នោះ កន្លង​មក​តំណាង​ស្ថានទូត​នៃ​ប្រទេស​មួយ​ចំនួន រួម​ទាំង​អនុព័ន្ធយោធា​អម​ស្ថានទូត ក៏​ធ្លាប់​បាន​ទៅ​ទស្សនកិច្ច​នៅ​តំបន់​អភិវឌ្ឍន៍​តារា​សាគរ នា​ថ្ងៃ​ទី​១២ ខែកុម្ភៈ និង​ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០១៩ នេះ​រួច​ហើយ​ផង​ដែរ គឺ​ពុំ​មាន​ដូច​ការ​ចោទប្រកាន់​នោះ​ទេ ។

​យ៉ាងណាមិញ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​អះអាង​ថា​ខ្លួន​បាន​ពិនិត្យ​ឃើញ​ថា គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន UDG នេះ​បាន​ចូលរួម​ចំណែក​ក្នុង​ការ​ទាក់ទាញ​ក្រុមហ៊ុន​ជា​ច្រើន​បន្ថែម​ទៀត មក​វិនិយោគ​នៅ​ទីតាំង វិនិយោគ​ខាងលើ តាម​រយៈ​ការ​ជួល​បន្ត​នូវ​ទីតាំង​តាម​ផ្នែក​ៗ ដល់​ក្រុមហ៊ុន​វិនិយោគ​នានា​ស្រប​តាម​កិច្ចសន្យាជួល​។

ដូចនេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​យល់​ឃើញ​ថា ការ​ដាក់​ទណ្ឌកម្ម​របស់​ក្រសួង​រតនាគារ​សហរដ្ឋ អា​មេ​រិ​ក​នេះ នឹង​ជះ​ឥទ្ធិពល​ជា​អវិជ្ជមាន ដែល​មិន​ត្រឹមតែ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ក្រុមហ៊ុន UDG ប៉ុណ្ណោះ​ទេ តែ​ក៏​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ផង​ដែរ ដល់​ការងារ​ប្រជាជន​ស្លូតត្រង់​ជា​ច្រើន ក៏​ដូច​ដល់​បរិស្ថាន​ធុរកិច្ច​និង​វិនិយោគ​ទាំងមូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ​និង​លើក​ឡើង​ថា ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​សង្ឃឹមថា​រដ្ឋាភិបាល​សហ​រដ្ឋអាមេ​រិក នឹង​ពិចារណា​ឡើង​វិញ​ចំពោះ​ការ​សម្រេចចិត្ត​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន (UDG) ជាក់​ជា​មិន​ខាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ