ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណេះដឹង​ខ្លី​ៗ​ពី​ជំងឺមហារីក​ពោះ​វៀន​ធំ និង​កត្តា​តំណពូជ​!!!

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្វី​ទៅ​ជា​ជំងឺមហារីក​ពោះវៀនធំ?ជំងឺមហារីក​ពោះវៀនធំ គឺជា​ជំងឺ​មួយ​ដែល​គេ​តែងតែ​ជួប​ប្រទះ​ជា​ញឹកញាប់​ទៅ​លើ​មនុស្ស​ដែល​មាន​អាយុ​លើស​ពី​៥០​ឆ្នាំ​។ នេះ​ជា​ការ​លើក​របស់​លោក​វេជ្ជបណ្ឌិត គី វុ​ត្ថា​, ឯកទេស ថ្លើម ក្រពះ…

រាជធានី​ភ្នំពេញ ៖ អ្វី​ទៅ​ជា​ជំងឺមហារីក​ពោះវៀនធំ?
ជំងឺមហារីក​ពោះវៀនធំ គឺជា​ជំងឺ​មួយ​ដែល​គេ​តែងតែ​ជួប​ប្រទះ​ជា​ញឹកញាប់​ទៅ​លើ​មនុស្ស​ដែល​មាន​អាយុ​លើស​ពី​៥០​ឆ្នាំ​។ នេះ​ជា​ការ​លើក​របស់​លោក​វេជ្ជបណ្ឌិត គី វុ​ត្ថា​, ឯកទេស ថ្លើម ក្រពះ ពោះវៀន​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។

លោក​វេជ្ជបណ្ឌិត គី វុ​ត្ថា បាន​លើក​ឡើង​ទៀត​ថា ៖ កត្តា​ជា​ច្រើន​ដែល​បង្ក​អោយ​មាន​ជំងឺមហារីក​ពោះវៀនធំ​រួម​មាន​៖

-ការ​បរិភោគ​សាច់​ច្រើន
-អាយុ​លើស​ពី​៥០​ឆ្នាំ
-ផឹកស្រា
-ជក់បារី

-និង​ការ​ប្រែប្រួល​នៃ​ហ្សែ​ន​ជំងឺមហារីក​ពោះវៀនធំ​ដែល​បង្ក​មក​ពី​ការ​ប្រែប្រួល​នៃ​ហ្សែ​ន គឺ​អាច​ចំលង​ទៅ​អោយ​សមាជិក​ជំនាន់​ក្រោយ ដែល​ធ្វើ​អោយ​ជំងឺ​នេ​ក្លាយជា​ជំងឺ​តំណពូជ​។

តើ​ធ្វើ​យ៉ាងណា ទើប​ដឹង​ថា​អ្នកជំងឺ​មាន​ជំងឺមហារីក​ពោះវៀនធំ​ដោយសារ​ហ្សែ​ន?
ជា​ទូទៅ​ការ​ធ្វើ​រោគវិនិច្ឆ័យ គឺ​គេ​ធ្វើការ​វិភាគ​រក​បម្រែបម្រួល​របស់​ហ្សែ​ន​។ ប៉ុន្តែ​មិនមែន​គ្រប់​ករណី​ទាំងអស់​នៃ​ជំងឺមហារីក​ពោះវៀនធំ​ត្រូវ​តែ​ធ្វើការ​វិភាគ​ទៅ​លើ​ហ្សែ​ន​ទាំង​អស់នោះ​ទេ​។
កត្តា​មួយ​ចំនួន​អាច​អោយ​យើង​សង្ស័យ​ថា អ្នកជំងឺ​មហារីក​ពោះវៀន​ដែល​បណ្តាល​មក​ពី​បម្រែបម្រួល​ហ្សែ​ន​ដែល​កត្តា​នោះ​រួម​មាន​៖

-អ្នកជំងឺ​មាន​បងប្អូន ឬ​ឪពុក​ម្តាយបង្កើត​មាន​មហារីក​ពោះវៀនធំ (​យ៉ាងតិច​២​នាក់​)
អ្នកជំងឺ​មាន​អាយុ​តិច​ជាង ៦០​ឆ្នាំ
-ការ​ឆ្លុះ​ពោះវៀន​ឃើញ​ថា អ្នកជំងឺ​មាន​ចំនួន​ដុំ​សាច់​(​ប៉ូ​លី​ព​)​ច្រើន​ជាង ១០០ ក្នុង​ពេល​ឆ្លុះ​ពោះវៀន​។ នៅ​ពេល​ដែល​ជំងឺមហារីក​ពោះវៀន​ដែល​បង្ក​មក​ពី​ហ្សែ​ន​ត្រូវ​បាន​រក​ឃើញ ។

តើ​កត្តា​អ្វីខ្លះ​ដែល​គ្រួសារ​អ្នកជំងឺ​ចាំបាច់​ត្រូវធ្វើ?
យើង​ដឹង​ហើយ​ថា ជំងឺមហារីក​ពោះវៀនធំ​ដែល​បណ្តាល​មក​ពី​ហ្សែ​ន គឺជា​ជំងឺ​តំណពូជ​ដូចនេះ​នៅ​ពេល​ដែល​រោគវិនិច្ឆ័យ​បាន​បញ្ជាក់​ថា ហ្សែ​ន​ជា​មូលហេតុ​បង្ក​អោយ​មាន​ជំងឺមហារីក គ្រួសារ​អ្នកជំងឺ​ចាំបាច់​ត្រូវ​តែ​ធ្វើការ​តាមដាន និង​បង្ការ​ដើម្បី​រក​អោយ​ឃើញ​ជំងឺ​នេះ នៅ​ដំណាក់កាល​ដំបូង ដើម្បី​អោយ​ការ​ព្យាបាល​មាន​ប្រសិទ្ធភាព​ខ្ពស់​។

តើ​ការ​តាមដាន​ត្រូវធ្វើ​ឡើង​តាម​វិធី​ណា​?
វិធី​តែ​មួយ​គត់​ដែល​អាច​ធ្វើ​អោយ​យើង​អាច​រក​ឃើញ​ជំងឺមហារីក​ពោះវៀនធំ​នៅ​ដំណាក់កាល​ដំបូង និង​បង្ការ​ជំងឺ​នេះ​បាន​គឺ​ការ​ឆ្លុះ​ពោះវៀន​។ ដោយសារ​ការ​ប្រឈម​មុខ​ខ្ពស់​ទៅ​និង​ការ​កើត​មហារីក​ពោះវៀន ដូចនេះ​គ្រួសារ​របស់​អ្នកជំងឺ​ទាំងអស់ ត្រូវ​តម្រូវ​អោយធ្វើ​ការ​ឆ្លុះ​ពោះវៀន ១​ទៅ​២​ឆ្នាំ​ម្តង នៅ​ពេល​ដែល​ពួក​គេ​មាន​អាយុ​ចាប់ពី​២០​ឆ្នាំ​ឡើង​ទៅ អ្នកជំងឺ​អាច​តម្រូវ​អោយ​មានការ​ឆ្លុះ​ក្រពះ និង​ការ​តាមដាន​ជំងឺមហារីក​ស្បូន​បន្ថែម​ក្នុង​ករណី​ចាំបាច់​។

បើ​មិន​មានការ​តាមដាន​អោយ​បាន​ដិត​ដល់​នោះ​ទេ អ្នកជំងឺ​អាច​នឹង​ប្រឈម​មុខ​ក្នុង​ការ​ធ្វើ​រោគវិនិច្ឆ័យ​យឺតយ៉ាវ​ដែល​អាច​ធ្វើ​អោយ​ការ​ព្យាបាល គ្មាន​ប្រសិទ្ធភាព (​មិន​អាច​ជា​សះស្បើយ​)។

តើ​ការ​ព្យាបាល​ជំងឺមហារីក​ពោះវៀន​ដែល​បណ្តាល​មក​ពី​ហ្សែ​ន​គេ​ធ្វើ​ដូច​ម្តេច​?
ជា​ទូទៅ​របៀប​នៃ​ការ​ព្យាបាល​ជំងឺមហារីក​ពោះវៀន​គេ​ធ្វើ​ដូច​គ្នា​ទៅ​និង​ជំងឺមហារីក​ពោះវៀន ដែល​បណ្តាល​មក​ពី​មូលហេតុ​ផ្សេង​ទៀត ៖

-ការ​វះកាត់​ជា​វិធីសាស្ត្រ​ដែល​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ករណី​ជំងឺ​នេះ​មិន​ទាន់​មានការ​រីក​រាលដាល
-ក្នុង​ករណី​ជំងឺ​មានការ​រីក​រាលដាល​ទៅ​សរីរាង្គ​ផ្សេង​ទៀត គឺ​គេ​ត្រូវ​ព្យាបាល​ដោយ​ថ្នាំ​គីមី​។ ក្នុង​ករណី​នេះ ការ​ព្យាបាល​មិន​អាច​ជា​សះស្បើយ​ឡើយ​។
-ការ​ឆ្លុះ​ពោះវៀន​ជា​វិធីសាស្ត្រ​មួយ​ដែល​អាច​ព្យាបាល និង​បង្ការ​ជំងឺមហារីក​ពោះវៀន​បាន​។

-ការ​ឆ្លុះ​ពោះវៀន​អាច​អោយ​យើង​កាត់​យក​ចេញ​នូវ​ដុំ​សាច់​តូច​ៗ​ដែល​បម្រុង និង​ក្លាយជា​ជំងឺមហារីក បើ​ដុំ​សាច់​តូច​ៗ​ទាំងអស់​ត្រូវ​បាន​យក​ចេញ​អ្នកជំងឺ​អាច​ជៀស​ផុត​ពី​ជំងឺមហារីក​ពោះវៀន​បាន​។

លោក​វេជ្ជបណ្ឌិត គី វុ​ត្ថា​, ឯកទេស ថ្លើម ក្រពះ ពោះវៀន​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​បញ្ជាក់​ថា ៖ ដូចនេះ​បើ​លោក​អ្នកមាន​បងប្អូន និង​គ្រួសារ​មាន​ជំងឺមហារីក​ពោះវៀនធំ សូម​បងប្អូន​មក​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​ថ្លើម ក្រពះ ពោះវៀន​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដើម្បី​ធ្វើការ​ពិគ្រោះ និង​ស្វែងរក​វិធី​ការពារ​កុំអោយ​មានការ​យឺតយ៉ាវ​ក្នុង​ការ​ព្យាបាល​ដែល​អាច​អោយ​មាន​គ្រោះថ្នាក់​ដល់​ជី​វីត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ