ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាព​ជំងឺ​គ្រុនផ្តាសាយ​ធំ នា​ពេល​បច្ចុប្បន្ន​យ៉ាង​ណា​​ហើយ​?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​ទី ១៩ ខែ កញ្ញា ឆ្នាំ ២០២០​នេះ ក្រសួងសុខាភិបាល បាន​ធ្វើការ​ឆ្លើយ​តប​នឹង​ជំងឺ​គ្រុនផ្តាសាយ​ធំ…

រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​ទី ១៩ ខែ កញ្ញា ឆ្នាំ ២០២០​នេះ ក្រសួងសុខាភិបាល បាន​ធ្វើការ​ឆ្លើយ​តប​នឹង​ជំងឺ​គ្រុនផ្តាសាយ​ធំ ដែល​បច្ចុប្បន្ន​មាន​អ្នកជំងឺ​ចំនួន ៥៧៥​នាក់ ក្នុង​នោះ​មាន​ស្ត្រី​៧២​នាក់ ក្នុង​ខេត្ត​ចំនួន ០៨ ទូ​ទាំង​ប្រទេស​កម្ពុជា ហើយ​សម្រាប់​ខេត្ត​ចំនួន ០៧​ត្រូវ​បាន​ព្យា​បាល​ជា​សះស្បើយ ១០០%​។

លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បន្ត​ថា មុន​​ពេល និង​កំឡុង​ពេល​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នេះ (​ពី​ថ្ងៃ​ទី ១៥ ខែ សីហា ដល់​ថ្ងៃ​ទី ១៨ ខែ កញ្ញា​) ក្រសួង​បាន​សង្កេត​ឃើញ​ថា​ មានការ​ចម្លង​នូវ​ជំងឺ​គ្រុនផ្តាសាយ​ធំ ដែល​ភាសា​បច្ចេកទេស​ពេទ្យ​ហៅ​ថា “Influenza A” នៅ​ក្នុង​ចំណោម​ព្រះសង្ឃ (​ខេត្តតាកែវ បាត់ដំបង ត្បូងឃ្មុំ និង​បន្ទាយ​មាន​ជ័យ​) នៅ​ក្នុង​ក្រុម​អ្នកទោស​ក្នុង​ពន្ធនាគារ (​ខេត្តព្រះវិហារ កោះកុង និង​កំពង់ធំ​) និង​ក្នុង​​សហគមន៍​មួយ​ដែល​មាន​ប្រជាជន​រស់នៅ​ក្នុង​តំបន់​គ្របដណ្តប់​នៃ​មណ្ឌល​សុខភាព​សោម​ធំ (ខេត្ត​រតនគីរី​)​។

លោកស្រី​វេជ្ជបណ្ឌិត បាន​គូសបញ្ជាក់​ថា «​ឆ្លើយ​តប​ទៅ​នឹង​ជំងឺ​គ្រុនផ្តាសាយ​ធំ​នេះ ក្រុមការងារ​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ទាំង ០៨​នេះ បាន​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម និង​ឆ្លើយ​តប​យ៉ាង​រហ័ស ដើម្បី​ទប់ស្កាត់​ការ​ចម្លង​បន្ត​គ្នា និង​ផ្តល់​ការ​ព្យាបាល​ជូន​ព្រះសង្ឃ និង​អ្នកជំងឺ​បានជា​សះស្បើយ ១០០​ភាគរយ​ហើយ​សម្រាប់​ខេត្ត​ចំនួន​០៧ នៅ​សល់​តែ​ខេត្តកំពង់ធំ ​ដែល​បានជា​សះស្បើយ ១៥​​ភាគរយ​ហើយ ដែល​នឹង​អាច​មានការ​ជា​សះស្បើយ​ជា​បណ្តើរ​ៗ​ទៀត​ក្នុង​ពេល​ខាង​មុខ​នេះ»។

លោកស្រី​បាន​បន្ត​ថា គិត​ត្រឹម​ថ្ងៃ​ទី​១៩ ខែ កញ្ញា ឆ្នាំ ២០២០​នេះ ព្រះសង្ឃ និង​អ្នកជំងឺ​គ្រុន​ផ្តា​សាយ​ធំ សរុប​មាន​ចំនួន ៥៧៥​នាក់ ក្នុង​នោះ​មាន​ស្ត្រី​៧២​នាក់ ដែល​មាន​ដូច​ខាងក្រោម​នេះ ៖

១)-​ខេត្តតាកែវ ៖ ព្រះសង្ឃ​សាមណេ ចំនួន ៣៦​អង្គ បានជា​សះស្បើយ​អស់ហើយ​។
២)-​ខេត្តព្រះវិហារ ៖ ក្រុម​អ្នក​ជាប់​ទោស​ក្នុង​ពន្ធនាគារ ចំនួន ១៤៧​នាក់ ក្នុង​នោះ​មាន​ស្ត្រី ១៨​នាក់ បានជា​សះស្បើយ​អស់ហើយ​។
៣)-​ខេត្តបាត់ដំបង ៖ ក្រុម​ព្រះសង្ឃ​ចំនួន ៤៦​អង្គ បានជា​សះស្បើយ​អស់ហើយ​។
៤)-​ខេត្ត​ត្បូងឃ្មុំ ៖ ក្រុម​ព្រះសង្ឃ​ចំនួន ១៧​អង្គ បានជា​សះស្បើយ​អស់ហើយ​។

៥)-​ខេត្តបន្ទាយមានជ័យ ៖ ក្រុម​ព្រះសង្ឃ​ចំនួន ២៦​អង្គ បានជា​សះស្បើយ​អស់ហើយ​។
៦)-​ខេត្តកោះកុង ៖ ក្រុម​អ្នក​ជាប់​ទោស​ក្នុង​ពន្ធនាគារ​ចំនួន ១៦៩​នាក់ ក្នុង​នោះ​មាន​ស្ត្រី ១១​នា​ក់ បានជា​សះស្បើយ​អស់ហើយ​។

៧)-​ខេត្ត​រតនគីរី ៖ ប្រជាជន​ក្នុង​សហគមន៍​រស់នៅ​ក្នុង​តំបន់​គ្របដណ្តប់​នៃ មណ្ឌល​សុខភាព​សោម​ធំ ស្រុក​អូ​រយ៉ា​ដាវ​ចំនួន ៦៧​នាក់ បានជា​សះស្បើយ​អស់ហើយ​។
៨)-​ខេត្តកំពង់ធំ ៖ ក្រុម​អ្នកទោស​ចំនួន ៦៧​នាក់ បានជា​សះស្បើយ​ចំនួន ១០​នាក់​ហើយ កំពុង​តែ​បន្ត​ការ​យកចិត្តទុកដាក់​ព្យាបាល​ដោយ​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​៕

អត្ថបទសរសេរ ដោយ