រយៈពេល​០៣​ថ្ងៃ អំឡុងបុណ្យ​ភ្ជុំបិណ្ឌ​ភ្ញៀវ​ទេសចរ​ដើរ​កម្សាន្ត​តាម​គោលដៅ​ទេសចរណ៍​នានា​ជាង​១​លាន​នាក់


រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍បឋមរបស់មន្ទីរទេសចរណ៍រាជធានីខេត្តបានឲ្យដឹងថា ភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស ក្នុងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៦-១៨ ខែកញ្ញា ឆ្នាំ២០២០ អំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ មានចំនួនប្រមាណ ១.១១២.៤០៣ នាក់ ។

ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​ជាង​១​លាន​នាក់ ដែល​បាន​ធ្វើ​ដំណើរ​កម្សាន្ត រួម​មាន​៖ ភ្ញៀវ​ជាតិ​មាន​ចំនួន​ប្រមាណ ១.១០៥.៦១១ នាក់ ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​ប្រមាណ ៦.៧៩២ នាក់ ខេត្ត​ដែល​ទទួល​បាន​ភ្ញៀវ​ទេសចរ​ច្រើន រួម​មាន ៖ ១- ខេត្តបាត់ដំបង ១៣៤.៤៤០ នាក់ ២- ខេត្តសៀមរាប ១២២.៣៧០ នាក់ ៣- ខេត្តកំពត ៩៤.៤៧៩ នាក់ ៤- ខេត្តកំពង់ឆ្នាំង ៨៥.៥៩៧ នាក់ ៥- ខេត្តពោធិ៍សាត់ ៧២.៣៨៩ នាក់ ៦- ខេត្ត​ព្រះ​សីហ​នុ ៦៥.៨២៥ នាក់ ៧- ខេត្ត​កែប ៦៨.០៥៤​នាក់ ៨- ខេត្តកណ្តាល ៦២.៧៤១​នាក់ ។

ជា​ការ​គួរ​កត់សម្គាល់​លើ​ទិដ្ឋភាព​សំខាន់​ៗ​ជា​រួម ដូច​ខាងក្រោម ៖ បើ​ទោះបី​មាន​ភ្លៀង​ធ្លាក់​ជា​ច្រើន​កន្លែង​ក្នុងភូមិ​សាស្ត្រ​ខេត្ត​មួយ​ចំនួន ប៉ុន្តែ​គោលដៅ​ទេសចរណ៍​ភាគច្រើន​នៅ​តែ​មាន​ភ្ញៀវ​ទេសចរ កម្សាន្ត​យ៉ាងច្រើន​កុះករ​។ ការ​គ្រប់គ្រង​សន្តិសុខ សណ្ដាប់ធ្នាប់​ជា​ទូទៅ​មាន​ភាពល្អ​ប្រសើរ មិន​មាន​បញ្ហា ឬ​ការ​រំខាន​ណាមួយ​កើតឡើង​គួរ​កត់សម្គាល់​ទេ​។ បញ្ហា​ប្រឈម​ដែល​កើត​មាន​ឡើង​កន្លង​មក ជា​ពិសេស​ការ​គ្រប់គ្រង​តម្លៃ​សេវា និង​បញ្ហា​សំរាម ត្រូវ​បាន​យកចិត្តទុកដាក់​ដោះស្រាយ​ពី​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ខេត្ត និង​កាត់​បន្ថយ​កាន់តែ​ប្រសើរ​សម្រាប់​ពេល​ឈប់​សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ។

គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល វិធាន​សុវត្ថិភាព​ទេសចរណ៍​ន​ពិសេស​ការ​រំលឹក​ដាស់តឿន ជា​ប្រចាំ​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ត្រូវ​បាន​យកចិត្តទុកដាក់​អនុវត្តន៍ នៅ​តាម​គោលដៅ​ទេសចរណ៍​នានា​បាន​កាន់តែ​ល្អ​ប្រសើរ ស្រប​តាម​វិធាន​ដែល​បាន​ដាក់​ចេញ ក្នុង​នោះ​ការ​រៀបចំ​ប្រដាប់​វាស់​កម្ដៅ អាល់កុល​លាងដៃ ការ​ណែនាំ​ឲ្យ​ពាក់​ម៉ាស និង​អនាម័យ​ក្នុង​បន្ទប់ទឹក ត្រូវ​បាន​អនុវត្ត​ត្រឹមត្រូវ​ភាគច្រើន ហើយ​ការ​យល់​ដឹង និង​ការ​ចូលរួម​អនុវត្ត​របស់​ភ្ញៀវ​ទេសចរ​ក៏​មាន​ភាព​កាន់តែ​ប្រសើរ​។

«​ជា​រួម​ប្រជាជន​នៅ​តាម​មូលដ្ឋាន និង​វិស័យ​ឯកជន មាន​ភាព​រីករាយ​ជាមួយ​លំហូរ​ភ្ញៀវ​ទេសចរ​នៅ​គ្រប់​គោលដៅ​ទេសចរណ៍​នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ (​បន្ថែម​ពី​ការ​ឈប់​សម្រាក​សង​ចូល​ឆ្នាំ​ខ្មែរ​កាលពី​ខែសីហា​កន្លង​មក​) ដោយ​ការ​ចំណាយ​របស់​ភ្ញៀវ​ទេសចរ បាន​ហូរ​ចូល​ដោយ​ផ្ទាល់​ទៅ​ក្នុង​ចរន្ត​សេដ្ឋកិច្ច​មូលដ្ឋាន​»៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ