សម្តេច​តេ​ជោ ផ្ញើ​សារ​អបអរសាទរ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ថ្មី និង​បង្ហាញ​ជំហរ​ធ្វើ​កិច្ច​ប្រតិបត្តិការ


រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​ផ្ញើ​សារ​ជូនពរ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ថ្មី ដែល​ទើប​ជាប់​ឆ្នោត កាលពី​ថ្មី​កន្លង​មកនេះ និង​បាន​បង្ហាញ​ពី​ជំហរ​ធ្វើ​កិច្ច​ប្រតិបត្តិការ​ទ្វា​ភាគី ។

យោង​តាម​លិខិត​របស់​សម្តេច​តេ​ជោ ចេញផ្សាយ នៅ​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២០ ផ្ញើ​ជូន​ឯកឧត្តម ស៊ូ​ហ្គា យ៉ូ​ស៊ី​ហ៊ី​ដេ នាយក​រដ្ឋមន្ត្រី​ជប៉ុន​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា​៖«​តាង​នាម​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​ខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ សូម​សម្តែង​ការ​អបអរសាទរ​យ៉ាង​កក់ក្តៅ​បំផុត ក្នុង​ឱកាស​ដែល​ឯកឧត្តម​ត្រូវ​បាន​តែងតាំង​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​ជប៉ុន បន្ទាប់​ពី​ទទួល​បាន​ជ័យ​ជំនះ​យ៉ាង​ភ្លូកទឹកភ្លូកដី ក្នុង​ការ​បោះ​ឆ្នោត​ជា​ប្រធាន​ដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​សេរី (LDP)​កាលពី​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២០) ។

សម្តេច​បាន​សរសេរ​បន្ត​ថា ៖ ជ័យ​ជំនះ​យ៉ាង​ត្រជាក់​ត្រចង់​នេះ បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​គាំទ្រ​យ៉ាង​មុតមាំ​របស់​សមាជិក​គណបក្ស LDP ក៏​ដូច​ជា ទំនុកចិត្ត​របស់​ប្រជាជន​ជប៉ុន​ចំពោះ​ទស្សនៈវិស័យ​គោលនយោបាយ និង​ភាព​ដឹកនាំ​របស់​ឯកឧត្តម​ក្នុង​ការ​ជំនះ​ឲ្យ​បាន​នូវ​វិបត្តិ​កូ​វី​ដ​១៩ និង​ការ​ស្តា​សេដ្ឋកិច្ច​ឡើង​វិញ ក៏​ដូច​ជា ការ​ធានា​ឲ្យ​បាន​នូវ​អនាគត​របស់​ប្រទេស​ជប៉ុន​ប្រកបដោយ​សន្តិភាព និង​វិបុលភាព ។

សម្តេច​តេ​ជោ គូសបញ្ជាក់​ថា​«​ខ្ញុំ​ត្រៀមខ្លួន​ធ្វើការ​យ៉ាង​ជិត​ស្និត​ជាមួយ​ឯកឧត្តម ក្នុង​គោលបំណង​បន្ត​ពង្រឹង និង​លើកកម្ពស់​ទំនាក់ទំនង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ជិត​ស្និត​រវាង​កម្ពុជា និង​ជប៉ុន​បន្ថែម​ទៀត ដើម្បី​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក​សម្រាប់​ប្រជាជន​នៃ​ប្រទេស​យើង​ទាំង​ពីរ​ព្រមទាំង ដើម្បី​សន្តិភាព និង​វិបុលភាព​ក្នុង​តំបន់ និង​ពិភពលោក​» ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ