មាន​ចឹ​ង​ទៀត​! ខឹង​គេ​មិន​ចូល​លេង​ផ្ទះ រករឿង​ម្ចាស់​មិន​បាន បំផ្លាញ​ម៉ូតូ​ខ្ទេច


ខេត្ត​ត្បូងឃ្មុំ ៖ ជម្លោះ​ពាក្យ​សម្ដី​បាន​ប្រែ​ក្លាយជា​អំពើ​ហិង្សា ដោយ​បុរស​ម្នាក់​បាន​ធ្វើ​សកម្មភាព​ដុត​បំផ្លាញ​ម៉ូតូ​របស់​អ្នក​ដទៃ​ឆេះ​ឡើង​ហ្មត់តែម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​សំ​រើ​យ ឃុំ​កក់ ស្រុក​ពញាក្រែក​។

ករណី​ខាងលើ​នេះ បង្ក​ឡើង​ដោយ​បុរស​ម្នាក់​ឈ្មោះ​តូច ជា អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើត​ហេតុ​។ ជាមួយ​គ្នា​នោះ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​អន្តរាគមន៍ រួច​ចាប់​បុរស​អ្នក​បង្ក​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាក្រែក​ផង​ដែរ ដើម្បី​សួរនាំ​នា​ល្ងាច​ថ្ងៃ​ដដែល​នោះ​។

បើ​តាម​នគរបាល​មូលដ្ឋាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ បុរស​រង​គ្រោះ​ឈ្មោះ​ស៊ឹ​ម អឿ​ន អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​របស់​ខ្លួន​ទៅ​ទិញ​ម៉ូ​ទ័​រ​នៅ​ផ្សារ ដោយ​​បាន​ជិះ​កាត់មុខ​ផ្ទះ​របស់​ជន​បង្ក​។ លុះ​ពេល​ល្ងាច​បាន​ឈាង​មក​ចូល​លេង​ផ្ទះ​បុរស​ឈ្មោះ​ជា ព្រោះ​ជា​អ្នក​ភូមិ​រាប់អាន​គ្នា​ទៅ​វិញ​ទៅ​មក​។

នគរបាល​មូលដ្ឋាន​បាន​ប្រាប់​បន្ត​ថា ក្នុង​ពេល​កំពុង​ផឹក​នោះ ជន​បង្ក​បាន​និយាយ​ថា «​អ្នកមាន​ជំនាន់​ថ្មី​ហៅ​មិន​ឮ និង​ចូល​លេង​ផ្ទះ​របស់​ខ្លួន​នោះ​ទេ​»​។ ចំណែក​បុរស​រង​គ្រោះ​វិញ​បាន​ពោល​ពាក្យ​តប​ទៅ​ថា «​ខ្ញុំ​មិនមែន​អ្នកមាន​ជំនាន់​ថ្មី​អី​គេ​នោះ​ទេ គឺជា​អ្នកក្រ​ដូច​គ្នា​ស៊ីឈ្នួល​ធ្វើ​ជា​កម្មករ​ឱ្យ​គេ​»​។

ប្រភព​ដដែល​បន្ត​ថា ស្រប​ពេល​ដែល​និយាយ​ចុះ​និយាយ​ឡើង​គង​ពាក្យ​សម្ដី​គ្នា ឃើញ​មិន​ស្រួល​បុរស​រង​គ្រោះ​បាន​ស្ទុះ​ចេញពី​គ្រែ តែ​មិន​ទាន់ ក៏​ត្រូវ​បាន​ជន​បង្ក​វាយ​ត្រូវ​ពីរ​បី​ដៃ ហើយ​បុរស​រង​គ្រោះ​ក៏​បាន​វាយ​តបត​វិញ ក្នុង​គ្រានោះ​ដែរ ក៏​បានឃើញ​ជន​បង្ករ​ត់ទៅ​យក​ពូថៅ ចំណែក​ជន​រង​គ្រោះ​ឃើញ​ថា មិន​ស្រួល ក៏​រត់​ចោល​ម៉ូតូ​តែ​ម្តង ព្រោះ​ខ្លាច​គ្រោះថ្នាក់​ដល់​អាយុជីវិត​។

ប្រភព​ដដែល​បន្ត​ថា ហេតុតែ​ខឹង​ពេក ជន​បង្ក​បាន​យក​ពូថៅ​វាយ​កម្ទេច​ម៉ូតូ​ជន​រង​គ្រោះ និង​ដុត​បំផ្លាញ​ឆេះ​ឡើង​ហ្មត់តែម្តង ដែល​ជន​រង​គ្រោះ​បាន​ដាក់​នៅ​ផ្អែក​នឹង​ដើមឈើ ។

ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ភ្លាម នគរបាល​មូលដ្ឋាន​ឃុំ​កក់ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ព្រមទាំង​បាន​និយាយ​លួងលោម និង​បាន​ហៅ​ជន​បង្ក​ដាក់​តាម​ម៉ូតូ​មក​កាន់​អធិ​ការ​ដ្ឋាន​នគរបាល​ស្រុក​ពញាក្រែក នា​ល្ងាច​ថ្ងៃ​ដដែល​ដើម្បី​សួរនាំ​។

លោក​វរសេនីយទោ ថា​ញ់ សុខ​វ៉ា​ត អធិការ​នគរបាល​ស្រុក​ពញាក្រែក បាន​ឲ្យ​ដឹង​ថា ករណី​នេះ សមត្ថកិច្ច​ជំនាញ​បាន​នាំ​ខ្លួន​ជនសង្ស័យ​ខាងលើ​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាក្រែក ដើម្បី​បំពេញ​សំណុំរឿង​តាម​នីតិវិធី ដោយ​ជាប់ចោទ​ពី​បទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​របស់​អ្នក​ដទៃ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ