ឡូយ​ម៉្លេះ! ចម្លាក់​​​​ដូ​ច​​គេហដ្ឋាន​ត្រកូល​​​​​អភិជន​កំពុង​មានការ​ចាប់​អារម្មណ៍​​​​​​ជា​ខ្លាំង


ខេត្តសៀមរាប ៖ ចម្លាក់​ដី ដោយសារ​ការ​ជីក​ទៅ​ក្នុង​ដី ដែល​រំលេច​ដោយ​ការ​សូន្យ​រូប និង​ឆ្លាក់​រូប​ជា​បន្ទប់​គេង មាន​គ្រែ មាន​តុ កៅអី ប្រៀប​ដូច​ជា​គេហដ្ឋាន​ត្រកូល​អភិជន​ណា​ម្នាក់ និង​មាន​រូប​ភាព​ផ្កា​ភ្ញី​លើ​ជញ្ជាំង ស្ថិត​នៅ​ក្នុងភូមិ​គោក​តឹង ឃុំ​ចាន់​ស ស្រុក​សូទ្រនិគម ខេត្ត សៀមរាប ដែល​កសាង​ឡើង​ដោយ​យុវជន​ពីរ​នាក់​ជា​បងប្អូន​នឹង​គ្នា​រស់នៅ​ភូមិ​រការ​កំបុត ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទ​បាគង កំពុង​តែ​ទទួល​ការ​ចាប់អារម្មណ៍​ជា​ខ្លាំង​ពី​ប្រជាពលរដ្ឋ ទាំង​ក្មេង​ចាស់ ទាំងប្រុស​ស្រី ដែល​រស់នៅ​ភូមិ​ក្បែរ​ៗ ហើយ​ក៏​បាន​នាំ​គ្នា​ទៅ​លេង និង​ថត​ផ្តិត​យក​រូបភាព​មក​ផុស​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​យ៉ាង​សប្បាយ​រីករាយ​ទៀត​ផង ។

លោក ពា​ញ ស៊ី​ថា ជា​អ្នក​រចនា និង​ដឹកនាំ​កែ​ច្នៃ​រូបចម្លាក់​នោះ បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២០​នេះ​ថា តាម​ពិត​លោក​ពុំ​មែន​ជា​វិចិត្រករ និង​ធ្លាប់​សិក្សា​ពី​ផ្នែក​ចម្លាក់​អី​នោះ​ទេ ប៉ុន្តែ​ការ​ច្នៃប្រឌិត និង​ឆ្លាក់​រូបភាព​ទាំងនេះ គឺ​ចេះ​ត​ពី​ការ​សង្កេត​ពី​គ្នា​ទៅ​វិញ​ទៅ​មក បូក​រួម​ជាមួយ​ការ​ច្នៃប្រឌិត​បង្កើត​គំនិត​ថ្មី​ៗ​បន្ថែម​ខ្លួនឯង​ផង​ដែរ ទើប​លេច​ចេញ​ជា​សមិទ្ធផល​រូបភាព​នេះ​ឡើង ហើយ​បច្ចេកទេស​នៃ​ការ​កែ​ច្នៃ​នេះ គឺ​កើតឡើង​ពី​កម្លាំង​មនុស្ស​សុទ្ធសាធ​តែ​ម្តង​។

លោក​បន្ត​ថា ចំណែក​ឧបករណ៍ គឺ​ប្រើ​ឧបករណ៍​សាមញ្ញ​ៗ​សម្រាប់​ជីក​កាយ​ដី​ដោយ​ផ្ទាល់​ដៃ​នៃ​កម្លាំង​ពលកម្ម​ចំនួន​៩​នាក់ ក្នុង​មួយ​ថ្ងៃ​ទទួល​បានការ​ឧបត្ថម្ភ​ជា​ប្រចាំ​ចំនួន​២៥.០០០​រៀល ដោយ​ចែក​ចេញ​ជា​ពីរ​ក្រុម ក្នុង​នោះ​អ្នកខ្លះ​ធ្វើការ​ជាមួយ​យូរ​មក​ហើយ គាត់​អាច​ជួយ​លើ​កិច្ចការ​ចិត​ក្បាច់ អាច​ជំនួស​ដៃជើង​មេក្រុម​ម្តងម្កាល​បាន តែ​ទំ​រាំ​នឹង​គាត់​ចេះ​អាច​ធ្វើ​បាន​ត្រូវ​ប្រើ​ពេល​ពន្យល់​ប្រាប់​រាប់​ខែ ទើប​គាត់​ចេះ​ធ្វើ​បាន ហើយ​ការ​ធ្វើ​នេះ គឺ​ពុំ​បាន​ប្រើប្រាស់​គ្រឿង​ម៉ាស៊ីន ឬ​ឧបករណ៍​ទំនើប​អ្វី​ឡើយ ប៉ុន្តែ​ចម្លាក់​ទាំង​អស់នេះ មិន​ធន់​នឹង​ការ​ប៉ះ​ទឹក​ឡើយ ។

លោក ពា​ញ ស៊ី​ថា បញ្ជាក់​ទៀត​ថា ដំបូង​ឡើយ​ការ​រចនា និង​កែ​ច្នៃ​រូបភាព​ទាំងនេះ​ឡើង គឺ​ដើម្បី​អាជីវកម្ម​ក្នុង​ប្រព័ន្ធ​យូ​ធ្យូ​ប ដែល​ធ្វើ​បាន​ពីរ​បី​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ក្រោយ​ពី​ស្នាដៃ​នេះ​បាន​ផ្សព្វ​ផ្សាយ​ទៅ​ក្រៅ ក៏​ត្រូវ​បាន​មជ្ឈដ្ឋាន​មហាជន​ជាតិ និង​អន្តរជាតិ​សម្តែង​ពេញចិត្ត គាំទ្រ និង​សរសើរ​នូវ​សមិទ្ធផល​ទាំងនេះ​ថា ពិតជា​ស្អាត រស់​រវើក​ដូច​រូប​ពិត​ៗ ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍ ប៉ុន្តែ​គួរ​ឱ្យ​ស្តាយ ដោយសារ​តែ​លោក​សុំ​ដី​គេ​បណ្តោះអាសន្ន​សម្រាប់​រចនា​រូបភាព​ផ្សេង​ៗ ដើម្បី​ថត និង​ចងក្រង​ជា​ឯកសារ​បញ្ចូល​ទៅ​ក្នុង​កម្មវិធី​យូ​ធ្យូ​ប ក្រោយ​ពេល​ថត​និង​រៀបចំ​កាត់ត​រួច​ត្រូវ​លុប​ដី​ឱ្យ​ស្អាត​ទុក​ជូន​ម្ចាស់​ដើម​វិញ ហេតុនេះ​មិន​ច្បាស់​ថា តើ​រូបភាព​ដែល​បាន​រចនា​ហើយ​អាច​រក្សា​ទុក​ឱ្យ​បងប្អូន​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​បាន​មើល​យូរ​តទៅ​ទៀត​ឬ​យ៉ាងណា​នោះ​ទេ? អ្វី​ដែល​ពួក​ខ្ញុំ​អាច​ធ្វើ​បាន គឺ​អភិវឌ្ឍ កែ​ច្នៃ បង្កើត​របក គំហើញ​ថ្មី និង​ការ​ពង្រីក​អាជីវកម្ម​ឱ្យ​កាន់តែ​រីក​ចម្រើន និង​ល្អ​ជាង​មុន​។

បើ​តាម​ការ​បញ្ជាក់​របស់​លោក តាន់ ម៉ូ​លី ដែល​ជា​អ្នក​រចនា​រូបភាព​ដែរ​នោះ បាន​អះអាង​ថា យើង​ទាំង​ពីរ​នាក់​ធ្លាប់​ធ្វើ​កិច្ចការ​របៀប​នេះ​ពីរ​បី​ឆ្នាំ​រួច​មក​ហើយ គ្រាន់តែ​ផ្លាស់​ប្តូរ​ទីតាំង​ពី​ស្រុក ឬ​ពី​ឃុំ​មួយ​ទៅ​ឃុំ​មួយ​ផ្សេង​ទៀត អាស្រ័យ​ទៅ​លើ​ស្ថានភាព​ដី​ដែល​អំណោយផល​សម្រាប់​ការ​រចនា​រូបភាព​ឡើង មាន​រូបភាព​ជា​ផ្ទះ​សត្វ ផ្ទះ​មនុស្ស​នៅ​លើ​ដី ផ្ទះ​នៅ​ក្រោម​ដី ជាដើម ព្រោះ​ការ​កែ​ច្នៃ​រូបភាព​នេះ​វា​ខុស​គេ ត្រូវការ​ដី​ប្រភេទ​ដីឥដ្ឋ មិន​មាន​ល្បាយខ្សាច់ ឬ​ថ្ម ទើប​អាច​រចនា​ឆ្លាក់​ចេញ​ជា​រូបភាព​បាន​រស់​រវើក និង​ជាប់​បាន​យូរ ហើយ​ក្នុង​មួយ​រណ្តៅ​ៗ គឺ​ត្រូវ​ចំណាយពេល​ពី​មួយ​ខែ​ទៅ​២​ខែ​ទើប​អាច​រួចរាល់ និង​ត្រូវការ​កម្លាំង​ពលកម្ម​ពី​៤​ទៅ​៩​នាក់ ដើម្បី​ជីក​ឆ្វៀល​ដី​ឱ្យ​ចេញ​ជា​ទ្រង់ទ្រាយ​ទៅ​តាម​គម្រោង​ផែនការ​ខុស​ៗ​គ្នា ហើយ​រូបភាព​ទាំងអស់​មាន​ច្រើន​ទំរង់ រូប​ខ្លះ​រចនា​ឡើង​តាម​ទំរង់​ចម្លាក់​សិល្បៈ​បរទេស ខ្លះ ទំរង់​បែប​ចម្លាក់​សិល្បៈ​ខ្មែរ ខ្លះ​មាន​បុរាណ​មាន​សម័យ ទៅ​តាម​ការ​រិះគិត​ចង់បាន​ធ្វើ​យ៉ាងណា​សំដៅ​ទាក់ទាញ​អ្នក​ចូល​មើល​ឱ្យ​បាន​ច្រើន​។

លោក តាន់ ម៉ូ​លី បាន​បញ្ជាក់​ទៀត​ថា មហាជន និង​ព្រះសង្ឃ​ដែល​ស្រឡាញ់​វិស័យ​សិល្បៈ ដែល​​បាន​មក​ទស្សនា​នៅ​ទី​នេះ ក៏​បាន​សម្ដែង​ការ​សោកស្តាយ​ចំពោះ​ស្នាដៃ​ដែល​ខិតខំ​បង្កើត​ឡើង នៅ​ពេល​ដែល​ពួក​គាត់​ដឹង​ថា កសាង​រចនា​បាន​រូបភាព​ដ៏​រស់​រវើក​ត្រូវ​បាន​ធ្វើការ​លុប​ទៅ​វិញ ដោយ​ពួក​គាត់​សំណូមពរ​គួរតែ​ទុក​សម្រាប់​ជួយ​វិស័យ​ទេសចរណ៍​ក្នុងស្រុក​នេះ ព្រោះថា ទីតាំង​នេះ​នៅ​មិន​ឆ្ងាយ​ពី​គ្នា​នៃ​សហគមន៍​ទេសចរណ៍​ព្រៃកោងកាង​ទឹកសាប ដែល​កំពុង​ទទួល​បានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ទូទៅ ។

ពាក់ព័ន្ធ​នឹង​ចម្លាក់​ដី​នេះ​ដែរ លោក ធៀង ណា​រិ​ទ្ធ សមាជិក​ក្រុមប្រឹក្សា​ឃុំ​ចាន់​ស បាន​សម្ដែង​នូវ​គាំទ្រ​ចំពោះ​សកម្មភាព​របស់​យុវជន​ទាំង​ពីរ​នាក់ ក្នុង​ការ​រចនា និង​បង្កើត​នូវ​រូបភាព​សិល្បៈ​ប្លែក​ៗ​នេះ​ឡើង គឺ​ពិតជា​បង្ហាញ​ពី​សមត្ថភាព​ស្នាដៃ​កូន​ខ្មែរ​ពិត​ៗ ចំពោះ​សិល្បៈ​ចម្លាក់​កើតឡើង​ដោយ​ទេព​កោសល្យ​ច្នៃប្រឌិត និង​ក៏​ជា​ការ​ជួយ​ដល់​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច​ក្នុង​មូលដ្ឋាន​ឱ្យ​មានការ​ងារ​ធ្វើ​ទទួល​បាន​ប្រាក់ កម្រៃ​ចៀសវាង​ការ​ធ្វើ​ចំណាកស្រុក​រក​ការងារ​ធ្វើ ដូច្នេះ​ក្នុង​នាម​សមាជិក​ក្រុម ប្រឹក្សា​ឃុំ លោក​សន្យា​ថា​នឹង​ជួយ​សហ ការ​សម្របសម្រួល​បង្ក​ការ​ងាយស្រួល​ដល់​ក្រុម​ការងារ​គាត់ ក៏​ដូច​ជា​អ្នកទេសចរ​ដែល​មក​កាន់​ទី​នេះ ដោយ​ផ្តល់​កម្លាំង​ប្រជា​ការពារ​ឱ្យ​ជួយ​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​តាម​គោលដៅ​នៅ​ទី​នេះ និង​ជួយ​រៀប​ចំណតរថយន្ត​ចំណត​ម៉ូតូ ដើម្បី​យក​ថវិកា​ចែក​ជូន​កម្លាំង​ការពារ​នៅ​ទី​នេះ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ