សកម្មភាព​ប្រជា​ពុទ្ធបរិស័ទ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នៅ​ខេត្តសៀមរាប​(វីដេអូ)


ខេត្តសៀមរាប ៖ នៅ​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២១០២០ នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ដែល​ជា​បុណ្យ​មួយ​ដ៏​ធំ​នៃ​ប្រពៃណី​ទំនៀមទំលាប់​របស់​ប្រជាជន​ខ្មែរ ដែល​កាន់សាសនា​ព្រះពុទ្ធ គោរព​ប្រតិបត្តិ​តាំងពី​ដូនតា តរៀង​មក ។

ម្យ៉ាងទៀត​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ ពុទ្ធសាសនិក​ខ្មែរ​យើង​បាន​ប្រារព្ធ​បដិបត្តិ​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​១​រោ​ជ ខែភទ្របទ ដល់​ថ្ងៃ​១៥ រោ​ជ ខែភទ្របទ ត្រូវជា​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ធំ ដែល​បងប្អូន​ជា​មន្ត្រីរាជការ អ្នកមុខអ្នកការ ពុទ្ធបរិស័ទ ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ​បាន​ឈប់​សម្រាក​ពី​ការងារ​មក​ជួបជុំ​គ្នា​នាំ​យក​នូវ​ចង្ហាន់ ចំណីអាហារ ទៀន​ធូ​ក បច្ច័យ​ទៅ​ប្រគេន​ដល់​ព្រះសង្ឃ​គង់នៅ​ចាំ​ព្រះ​វស្សា​នៅ​តាម​ទី​វត្ត​អារាម​នានា ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

ទោះបីជា​ក្នុង​កាលៈទេសៈ​ដែល​នៅ​លើ​ពិភពលោក និង​និយាយ​ដោយឡែក​នៅ​ព្រះរាជា ណា​ចក្រ​កម្ពុជា ជួប​នូវ​បញ្ហា​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩ ក៏​ដោយ ដោយ​ក្រោម​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ក៏​ដូច​ជា​អាជ្ញាធរ​ខេត្ត បាន​ធ្វើការ​ផ្សព្វផ្សាយ​ជូន​ដល់​ប្រជាពលរដ្ឋ ក្នុង​វិធានការ​របស់​ក្រសួងសុខាភិបាល ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​បង្កា​ទប់ស្កាត់​នៃ​ជំងឺ​កូ​វី​ដ​១៩ កុំ​ឲ្យ​មាន​ឆ្លង​ក្នុង​សហគមន៍ និង​សង្ឃដីកា​ណែនាំ​របស់​គណៈសង្ឃ​នាយក ក្នុង​ឱកាស​រដូវ​ភ្ជុំបិណ្ឌ​នេះ ក្នុង​វិធានការ​ការពារ​ទៅ​តាម​វត្ត​អារាម​ទូ​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ ។

ទោះបី​ប្រទេស​ជួប​នូវ​វិបត្តិ​ជំងឺ​កូ​វិ​ដ​១៩​ក៏​ដោយ ការ​គោរព​ប្រពៃណី ទំនៀមទម្លាប់​របស់​ប្រជា​ពុទ្ធបរិស័ទ​ខ្មែរ​យើង​កាន់​ព្រះពុទ្ធ​សាសនា គឺ​នៅ​តែ​គោរព​ប្រតិបត្តិ ទៅ​តាម​ធនធាន ដែល​ខ្លួន​ធ្វើ​ទៅ​បាន​រៀង​ៗ​ខ្លួន ។ ការ​គោរព​ធ្វើបុណ្យ​ភ្ជុំបិណ្ឌ​នេះ​ឡើង គឺ​ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដល់​វិញ្ញាណ​ក្ខ័​ន្ត មាតា បិតា ជីដូន ជីតា ញ្ញាតិ​ការ​ទាំង​ប្រាំពីរ​សណ្តាន និង​បុព្វការី​ជន ដែល​លោក​បាន​ចែក​ឋាន​ទី​កាន់​បរលោក​ខាង​មុខ ។

ដោយឡែក​នៅ​ខេត្តសៀមរាប​នេះ​វិញ យើង​បាន​សង្កេត​ឃើញ​ថា សកម្មភាព​ក្នុង​ក្រុង​សៀមរាប នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែកញ្ញា​នេះ ដែល​ជា​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ធំ បងប្អូន​ប្រជា​ពុទ្ធបរិស័ទ ទាំង​ចាស់ ទាំង​ក្មេង យុវជន​យុវនារី ដែល​លម្អ​ទៅ​ដោយ​សម្លៀក​បំពាក់​ចម្រុះ​ពណ៌​សមរម្យ​ជា​លក្ខណៈ​ប្រពៃណី​ខ្មែរ មាន​សម្ពត់​ហួល ផាមួង អាវប៉ាក់ ពិតជា​នារី​ស្ត្រី​ខ្មែរ រីឯ​លោកយាយ លោកតា មាន​សម្ពត់​ចងក្បិន អាវ​.​ស និង​អាវកត្រង់ ខោចែវ បាន​ធ្វើ​ដំណើរ​ដោយ​ប្រកបដោយ​ភាព​ញញឹម​ស្រស់​ស្រាយ ដោយ​នាំ​យក​ចង្ហាន់​ទៅ​កាន់​ទី​វត្ត​នានា​ក្នុង​ក្រុង និង ក្រៅ​ក្រុង តាម​រថយន្ត​តូច​ធំ រ៉ឺ​ម៉ក់​ម៉ូតូ ឆ្ពោះទៅ​កាន់​ទី​វត្ត​ដែល​ជីដូន​ជីតា មាតាបិតា ញ្ញាតិ​ការ​ទាំង​ប្រាំពីរ​សណ្តាន តម្កល់​ទុក​នៅ​ទីនោះ ដើម្បី​និមន្ត​ព្រះសង្ឃ តា​អាចារ្យ​ធ្វើ​ពិធី​បង្សុកូល ឧ​ទិ្ទ​ស​កុសលផល​បុណ្យ​ជូន​ដល់​វិញ្ញាណ​ក្ខ័​ន្ត ជូន​ដល់​លោក​អ្នក​មានគុណ​ដែល​បាន​ចែក​ឋាន​ទៅ​កាន់​លោក​ខាង​មុខ ។

យើង​ក៏​សង្កេត​ឃើញ​បងប្អូន​ពុទ្ធបរិស័ទ មុន​ពេល​ដែល​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ ក្នុង​នោះ​បងប្អូន​ពុទ្ធបរិស័ទ​យើង​បាន​ធ្វើការ​បូជា​ផ្កា​ទៀន​ធូ​ក ថ្វាយ​ចំពោះ​ព្រះ​ពុទ្ធរូប ព្រះសម្មាសម្ពុទ្ធ ព្រះ​បរមគ្រូ​នៃ​យើង​ផង​ដែរ ។

ម្យ៉ាងទៀត យើង​ក៏​សង្កេត​ទៅ​តាម​ទី​វត្ត​នីមួយ​ៗ ឮ​សូរ​ស័ព្ទ​តែ​សម្លេង​ព្រះធម៌ ដែល​ព្រះសង្ឃ​ផ្តល់​ពរ​ជ័យ និង​បង្សុកូល ក្នុង​ការ​ឧ​ទិ្ទ​ស​កុសលផល​បុណ្យ​ជូន​ដល់​វិញ្ញាណ​ក្ខ័​ន្ត​លោក​អ្នក​មានគុណ ដែល​បាន​ចែក​ឋាន​ទៅ​កាន់​លោក​ខាង​មុខ សូម​ឲ្យ​បាន​ទទួល​នូវ​មគ្គផល​កុសលផល​បុណ្យ ដែល​កើត​ចេញ​ឡើង​ពី​បងប្អូន កូនចៅ ញ្ញាតិ​មិត្ត បាន​ឧទ្ទិស​ជូន​ទៅ​តាម​រយៈ​ព្រះសង្ឃ​ដែល​ជា​ស្រែ​បុណ្យ នៅ​ក្នុង​ឱកាស​ដែល​ប្រជាពលរដ្ឋ​ខ្មែរ គោរព​ធ្វើបុណ្យ​ភ្ជុំបិណ្ឌ​នា​ពេល​នេះ ដើម្បី​ឧទ្ទិស​មហាកុសល​ជូន​ដល់ លោក​អ្នក​មានគុណ មាន​មាតាបិតា ជីដូន ជីតា ញាតិ​កាល​ទាំង​៧​សណ្តាន​ដែល​បាន​បាក់បែក​ចែក​ឋាន ទៅ​កាន់​បរលោក​ទៅ​ហើយ​នោះ និង​ជួយ​រំដោះ​ឲ្យ​រួច​ចាក​ផុត​ពី​ទុក្ខទោស​ទាំងឡាយ ឧបាយ​ភូមិ​ណាមួយ និង​ឲ្យ​បាន​ទៅ​កាន់​សុគតិភព​ថ្មី ហើយ​ងាក​ក្រោយមក​ជួយ​បីបាច់​ថែរក្សា​កូនចៅ ឲ្យ​មាន​សេចក្តីសុខ​សប្បាយ ក្នុង​ក្រុម​គ្រួសារ សង្គម​ជាតិ​ផង​ដែរ ។

យើង​ក៏​មានការ​ព្រួយបារម្ភ​ផង​ដែរ ចំពោះ​បងប្អូន​ពុទ្ធបរិស័ទ មុន​ពេល​ដែល​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ នៅ​ទី​វត្ត​មួយ​ចំនួន​ក៏​មាន​ធ្វើ​អនាម័យ​លាងដៃ​នឹង​ទឹក​អាល់កុល ព្រមទាំង​ពាក់​ម៉ាស់ ហើយ​​ទី​វត្ត​មួយ​ចំនួន​ក៏​មិន​បាន​គោរព​ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​ការ​ណែនាំ​របស់​គណៈសង្ឃ​នាយក​ផង​ដែរ គឺ​ដោយ​មានការ​ធ្វេសប្រហែស​ទៀត​ផង ។

ក្រោយ​ពី​បាន​នាំ​គ្នា​យក​ចង្ហាន​ទៅ​វេរ​ប្រគេន​ព្រះសង្ឃ នៅ​តាម​ទី​វត្ត​អារាម​រួច​មក បងប្អូន​បាន​មក​ជួបជុំ​គ្នា អង្គុយ​លំហែកាយ​នៅ​ក្រោម​ម្លប់ឈើ​ដ៏​ត្រជាក់ ប្រកប​ទៅ​ដោយ​បរិយាកាស​បរិសុទ្ធ និង​បរិភោគ​ចំណីអាហារ​ក្នុង​ភាព​ស្រស់ស្រាយ សប្បាយ​រីករាយ​របស់​បងប្អូន​រស់​ក្រោម​ដំបូល​សន្តិភាព នៃ​កិច្ច​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ក្រោម​គោលនយោបាយ​ឈ្នះ​ៗ ធ្វើ​ឲ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា ទោះបី​ជួប​នូវ​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩ ក៏​ដោយ ។

ក្នុង​ពិ​ធិ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ដែរ ក៏​បាន​ធ្វើការ​បង្ហាញ​ពី​សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា ក៏​ដូច​ជីវភាព​ប្រជាជន​កម្ពុជា​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​កាន់តែ​ឈាន​ឡើង ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​យើង​គ្រប់​រូប បាន​ធ្វើបុណ្យ​ទាន​ទៅ​តាម​សទ្ធា​ជ្រះថ្លា ទៅ​តាម​ធនធាន​របស់​ខ្លួន​ផង​ដែរ ។

ម្យ៉ាងទៀត​ក៏​ជា​ការ​បង្ហាញ​នូវ​ភាព​រីករាយ ក្នុង​ការ​ជួបជុំ​ញាតិ​មិត្ត​ក្រុម​គ្រួសារ​របស់​ខ្លួន ព្រមទាំង​បង្ហាញ​ឲ្យ​អន្តរជាតិ អំពី​លិទ្ធ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ទៀត​ផង ៕

Facebook Google Twitter Email

Live

Sponsored News

១១:២៩ | ក្នុងស្រុក

ក្រុមហ៊ុន KB Kookmin Card និង ធនាគារឯកទេស ខេប៊ី ដេហាន ម.ក ឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ដើម្បីផ្ដល់អាហារូបករណ៍ និងគាំទ្រគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកំពង់ធំ

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ