ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្រី ឱ វណ្ណ​ឌី​ន ពន្យល់​មូលហេតុ​ព្រះសង្ឃ​ជាង​១០០​អង្គ​នៅ​ខេត្ត​៤​ធ្លាក់ខ្លួន​ឈឺ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ​មាន​ព្រះសង្ឃ​ជាង​១២០​អង្គ​បាន​ក្តៅខ្លួន ហៀរ​សំបោរ និង​មាន​អាកា​រៈ​ក្អក នៅ​ខេត្ត​ចំនួន​៤ ដែល​ក្រោយមក​ក្រសួងសុខាភិបាល​បាន​យក​សំណាក​មួយ​ចំនួន​ធ្វើតេស្ត រក​ឃើញ​ថា ជា​ជំងឺ​ផ្តាសាយធំ មិនមែន​ជា​ជំងឺ​កូ​វី​ដ…

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ​មាន​ព្រះសង្ឃ​ជាង​១២០​អង្គ​បាន​ក្តៅខ្លួន ហៀរ​សំបោរ និង​មាន​អាកា​រៈ​ក្អក នៅ​ខេត្ត​ចំនួន​៤ ដែល​ក្រោយមក​ក្រសួងសុខាភិបាល​បាន​យក​សំណាក​មួយ​ចំនួន​ធ្វើតេស្ត រក​ឃើញ​ថា ជា​ជំងឺ​ផ្តាសាយធំ មិនមែន​ជា​ជំងឺ​កូ​វី​ដ ១៩ ឡើយ ។

ជា​ថ្មី​ម្តងទៀត​លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ពន្យល់​លម្អិត​នៅ​ថ្ងៃ​ទី ១៦ ខែកញ្ញា នូវ​ស្ថានភាព​ជំងឺ​គ្រុនផ្តាសាយ​ធំ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ថា កន្លង​មក​តាម​ការ​សរុប​ខេត្ត​ចំនួន​បួន (​តាកែវ ត្បូងឃ្មុំ បាត់ដំបង និង​បន្ទាយ​មាន​ជ័យ​) ដែល​មាន​ព្រះសង្ឃ​អាពាធ​រោគា​កន្លង​មក និង​ក្នុង​ពេល​ថ្មី​ៗ​នេះ មាន​ចំនួន​ប្រមាណ​ជាង​១២០​អង្គ​ហើយ ដែល​ឆ្លង​ជំងឺ​ផ្តាសាយធំ ។

ព្រះសង្ឃ​ដែល​អាពាធ​ស្ទើរតែ​ទាំងអស់​បាន​ព្យាបាល​ជា​សះស្បើយ​ហើយ​នៅ​សេសសល់​ចំនួន​តិចតួច​ប៉ុណ្ណោះ​ដែល​នៅ​បន្ត​ការ​ព្យាបាល តែ​ស្ថានភាព​បាន​ធូរស្រាល​ហើយ​ដែរ ។ លោកស្រី​បាន​បញ្ជាក់​អំពី​មូ​លេ​ហ​តុ​នៃ​ការ​កើត​មាន​ជំងឺ​ផ្តាសាយធំ ក្នុង​ចំណោម​ព្រះសង្ឃ​យ៉ាង​ដូច្នេះ​ថា «​ជា​ទូទៅ​កត្តា​ដែល​ឲ្យ​មាន​បញ្ហា​សុខភាព​បែប​នេះ គឺ​មាន​កត្តា​ជា​ច្រើន​ដូច​ជា ការ​ប្រែប្រួល​អាកាសធាតុ កា​រវិ​វត្ត​បម្រែបំរួល​នៃ​វីរុស ឫ​មេរោគ​ផ្សេង​ៗ​នៅ​ក្នុង​បរិស្ថាន​ដែល​ផ្តល់​អំណោយផល​គួប​ផ្សំ​នឹង​ការ​បម្រែបម្រួល​អាកាសធាតុ ឫ​មានការ​ប៉ះពាល់​ជាមួយ​ពពួកសត្វ​ដែល​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ និង​ពពួកសត្វ​បក្សី ដែល​អាច​ចម្លង​វីរុស​ណាមួយ​មក​បុគ្គល ឫ​ការ​បរិភោគ​ពពួកសត្វ​ទាំងនេះ​ដែល​ចម្អិន​មិន​បាន​ឆ្អិន និង​មាន​កង្វះ​ការ​អនុវត្ត​អនាម័យ​ដៃ និង​ខ្លួនប្រាណ ឆ្លង​តាម​ការ​ក្អក​កណ្តាស់ ដែល​មិន​បាន​ខ្ទប់មាត់ និង​ច្រមុះ​បាន​ត្រឹមត្រូវ ឫ​ឆ្លង​តាម​ការ​ប៉ះពាល់​ទឹក​ផ្លូវដង្ហើម​អ្នក​ដែល​ឈឺ ជាដើម​» ។

លោកស្រី​អ្នកនាំពាក្យ​បាន​អំពាវនាវ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ព្រមទាំង​ព្រះសង្ឃ លោកតា​អាចារ្យ លោក​យាយជី និង​គណកម្មការ​វត្ត​ទូ​ទាំង​ប្រទេស​កម្ពុជា ចូលរួម​អនុវត្ត​ន៌​វិធានការ ៖ ត្រូវ​មាន​អនាម័យ​ខ្លួនប្រាណ ជា​ពិសេស​អនាម័យ​ដៃ​ឲ្យ​បាន​ស្អាត​ជាប់​ជា​និច្ច ដោយ​លាង​សម្អាត​ឲ្យ​បាន​ញឹកញាប់ តាម​បច្ចេកទេស​ណែនាំ​របស់​ក្រសួងសុខាភិបាល ។ ប្រើ​ម៉ាស់​ក្នុង​ករណី​ចាំបាច់ ជា​ពិសេស​ត្រូវ​ពាក់​ម៉ាស់​ពេល​ចូល​ក្នុង​ទី​វត្ត​អា​រ៉ា​ម ឫ​កន្លែង​ដែល​មាន​មនុស្ស​ម្នា​ច្រើន ហើយ​ពេល​ក្អក​កណ្តាស់ ត្រូវ​ខ្ទប់មាត់​នុង​ច្រមុះ ដោយ​ប្រេ​កន្សែង ក្រ​ម៉ា ក្រដាស​ជូត​មាត់ ឫ​កែងដៃ ជាដើម ។

ត្រូវ​ចេះ​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល ពី​មួយ​ម៉ែត្រ​កន្លះ​ឡើង​ទៅ ចៀសវាង​ការ​ប៉ះពាល់​ជាមួយ​សត្វ​ដែល​បំបៅ​កូន​ដោយ​ទឹកដោះ និង​សត្វ​បក្សី ដោយ​ផ្ទាល់​។ ប្រសិនបើ​បាន​ប៉ះពាល់ ត្រូវ​តែ​លាងដៃ​ជាមួយ​សាប៊ូ ឲ្យ​ឆាប់ មុន​នឹង​ចាប់​កាន់​របស់របរ ឫ​មុន​នឹង​ប៉ះពាល់​ផ្ទៃមុខ​របស់​បុគ្គល ។ ត្រូវ​បរិភោគ​ម្ហូបអាហារ​ឆ្អិន​ល្អ រក្សា​អនាម័យ​ចំណីអាហារ និង​ទុកដាក់​ម្ហូបអាហារ​ដាច់​ដោយឡែក​ពី​គ្នា តាម​ការ​ណែនាំ​បច្ចេកទេស​របស់​ក្រសួងសុខាភិបាល​ជា​រឿយ​ៗ​រួច​មក​ហើយ ។ បើ​មាន​បញ្ហា​សុខភាព មិន​ត្រូវ​ចូលរួម​ពិធី ឫ​កម្មវិធី​ណាមួយ​នោះ​ឡើយ ដោយ​ត្រូវ​ស្នាក់​ក្នុង​កុដិ ឫ​ទីកន្លែង​ណាមួយ​ដាច់​ដោយឡែក​ពី​គេ​កុំ​ឲ្យ​មានការ​ចម្លង​បន្ត​គ្នា ហើយ​ស្វែងរក​ការ​ពិនិត្យ​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ ដែល​នៅ​ជិត​លោក​អ្នក ។ រាយ​ការ​ណ៌​ទៅ​លេខ ១១៥ (​មិន​មាន​ថវិកា ក៏​អាច​ហៅ​ចូល​បាន​ដែរ​) ឫ​ទៅ​មន្ទីរ​សុខាភិបាល​ខេត្ត ឫ​ទៅ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​លោក​អ្នក ។

សូម​ជូនពរ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មាន​សុខភាព​ល្អ ចៀស​ផុត​នូវ​ជំងឺឆ្លង​នានា ជា​ពិសេស​ជំងឺ​កូ​វី​ដ​-១៩ និង​ជំងឺ​គ្រុនផ្តាសាយ​ធំ​នេះ ។ សូម​រីករាយ​ក្នុង​ក្រុម​គ្រួសារ ក្នុង​ថ្ងៃ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ