យុវជន​ម៉ា​ឡេ​ស៊ី​ម្នាក់​បាត់​ទូរស័ព្ទ​ដៃ ១​ថ្ងៃ​រក​ឃើញ​វិញ ពេញ​ដោយ​រូបថត​ស្វា​(​សែ​ល​ហ្វី​)


កូ​ឡា​ឡាំ​ពួរ ៖ បុរស​ជនជាតិ​ម៉ា​ឡេ​ស៊ី​ម្នាក់ និយាយ​ថា គាត់​បាន​រក​ឃើញ​រូប​ស្វា សែ​ល​ហ្វី (selfies ការ​ថតរូប​ដោយ​ខ្លួនឯង​) និង​វី​ដេ​អូ នៅ​ក្នុង​ទូរស័ព្ទ​ដៃ​របស់​គាត់ ដែល​បាត់​មួយ​ថ្ងៃ បន្ទាប់​ពី​បាន​រក​ឃើញ​វិញ នៅ​ក្នុង​ព្រៃ​ខាងក្រោយ​ផ្ទះ​របស់​គាត់ នេះបើយោងតាម BBC ។

រូបភាព រួម​ទាំង​វី​ដេ​អូ បង្ហាញ​ពី​សត្វ​ស្វា​មួយ​ក្បាល ហាក់ដូចជា​កំពុង​ព្យាយាម​ស៊ី​ទូរស័ព្ទ ត្រូវ​បាន​លោក Zackrydz Rodzi ជា​ម្ចាស់​ទូរស័ព្ទ បាន​បង្ហោះ​ចែកចាយ​លើ​បណ្តាញ​សង្គម​ធ្វី​ត​ទ័​រ ។

និស្សិត​រូប​នេះ​បាន​និយាយ​ថា គាត់​គិត​ថា ទូរស័ព្ទ​១​គ្រឿង​នេះ ត្រូវ​បាន​គេ​លួច​នៅ​ពេល​គាត់​កំពុង​ដេក ប៉ុន្តែ​មិន​ច្បាស់​ទេ​ថា តើ​ទូរស័ព្ទ​ចល័ត​នេះ បាន​បាត់​ទៅ​ដោយ​របៀប​ណា​នោះ ?

យុវជន​ដែល​មាន​អាយុ​២០​ឆ្នាំ​រូប​នេះ បាន​ប្រាប់​ទៀត​ថា គាត់​ដឹង​ថា ស្មា​ត​ហ្វូ​ន​របស់​គាត់​បាត់​នៅ​ពេល ដែល​គាត់​ភ្ញាក់​ពី​ដំណេក​ឡើង នៅ​ម៉ោង​ប្រហែល​១១​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១២ កញ្ញា ២០២០ ។

និស្សិត​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ ឆ្នាំ​ចុង​ក្រោយ មក​ពី​ស្រុក Batu Pahat នៅ​ភាគ​ខាងត្បូង នៃ​រដ្ឋ Johor ប្រទេស​ម៉ា​ឡេ​ស៊ី បាន​និយាយ​បន្ត​ថា “​គាត់​មិន​បាន​រក​ឃើញ​ដាន​ទូរស័ព្ទ​របស់​គាត់​ទេ រហូត​ដល់​រសៀល​ថ្ងៃអាទិត្យ​” ។

បន្ទាប់​មក​ឪពុក​របស់​លោក បាន​កត់សម្គាល់​ឃើញ​សត្វ​ស្វា​មួយ នៅ​ខាងក្រៅ​ផ្ទះ ហើយ​យុវជន​រូប​នេះ ក៏​បាន​យក​ទូរស័ព្ទ​ផ្សេង​ទៀត ព្យាយាម​ហៅ​ចូល​ទៅ​ម្តង​ហើយ​ម្តងទៀត នៅ​ពេល​ទូរស័ព្ទ​រោទ៍ ឪពុក​របស់​លោក បានឮ​សូរ​សំឡេង ចេញពី​ព្រៃ នៅ​ខាងក្រោយ​សួនច្បារ បន្ទាប់​ពី​ដើរ​ប្រហែល​ពីរ​បី​ជំហាន បាន​រក​ឃើញ​ទូរស័ព្ទ​នៅ​លើ​ស្លឹក​និង​ប្រឡាក់​ភក់​ខ្លះ​ៗ ស្ថិត​ក្រោម​ដើម​ត្នោត ។ បន្ទាប់​ពី​សម្អាត​រួច​លោក Zackrydz បាន​បើក​មើលឃើញ​រូបភាព​ក្នុង​ទូរស័ព្ទ “​ពោរពេញ​ដោយ​រូបថត​ស្វា selfies” ។

តាម​រយៈ​រូបភាព និង​វី​ដេ​អូ បង្ហាញ​អំពី​សត្វ​ស្វា​មួយ​ក្បាល ហាក់ដូចជា​កំពុង​តែ​ព្យាយាម​ស៊ី​ទូរស័ព្ទ​នោះ សត្វ​ស្វា​កំពុង​សំលឹង​កាមេរ៉ា ហើយ​នៅ​ផ្ទៃ​ខាងក្រោយ​វា មាន​ស្លឹកឈើ​បៃតង មាន​ពន្លឺ​ថ្ងៃ និង​មាន​សំឡេង​បក្សី​កំពុង​ស្រែក ថែម​ទៀត ។ ក៏​មាន​រូបថត selfies របស់​ស្វា ដើមឈើ និង​ស្លឹកឈើ ផ្សេង​ៗ​ទៀត​ជា​ច្រើន​សន្លឹក​នៅ​ក្នុង​ទូរស័ព្ទ​ផង​ដែរ ។

និស្សិត​រូប​នេះ​បាន​បន្ថែម​ថា មិន​មាន​ប្រវត្តិ​របស់​សត្វ​ស្វា​លួច​យក​របស់របរ​ពី​ផ្ទះ​ប្រជាជន​រស់នៅ​ក្នុង​សង្កាត់​នេះ​ទេ ពី​មុន​មក ។ គាត់​សង្ស័យ​ថា ស្វា​ប្រហែលជា​បាន​ចូល​ក្នុងផ្ទះ តាម​បង្អួច​បន្ទប់​គេង​របស់​បងប្រុស​គាត់ ដែល​បើកចំហ​ហើយ ។

យុវជន​ម៉ា​ឡេ​ស៊ី​ម្នាក់​នេះ បាន​សរសេរ​នោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃអាទិត្យ​ថា “​មួយ​រយ​ឆ្នាំ​ទើប​ឃើញ​ម្តង​” ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ