ខេត្តសៀមរាប ៖ នៅថៃ្ងទី១៤ មីនា នៅវត្តរាជបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប មានប្រារព្ធធ្វើពិធីបុណ្យរំឭកព្រះឧបការគុណសម្តេចព្រះសង្ឃរាជជោតញ្ញាណោ ជួន ណាត និង ក្រុមជំនុំព្រះត្រៃបិដកខែ្មរ ក្រោមព្រះវត្តមានរបស់ព្រះមហាវិមលធម្មពិន សែម សិរីសុវណ្ណោរាជាគណៈថ្នាក់ទោ គណៈមហានិកាយ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងព្រះសុមង្គលសីលាចារ្យឥន្ទកេសរោ ពេជ្រ សន ព្រះមេគណខេត្ត សៀមរាប និងលោកឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ព្រមទាំងមានការចូលរួមពីអស់លោក លោកជំទាវ ការនិមន្ត អញ្ជើញចូលរួមពីព្រះអនុគណក្រុង-ស្រុកមន្ត្រីព្រះសង្ឃ និងថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ ពុទ្ធបរិស័ទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។
គណៈអធិបតីបានបូជាផ្កា ទៀនធូប និងព្រះសង្ឃស្វាធ្យាយជយន្តោ ការគោរពរំលឹកព្រះវិញ្ញាណក្ខន្ធចំពោះសម្តេចព្រះមហាសុមេធាធិបតី ជោតញ្ញាណោ ជួន ណាត សម្តេចព្រះសង្ឃរាជថ្នាក់ទី១ និងក្រុមជំនុំព្រះត្រៃបិដក និងវចនានុក្រមខ្មែរ ព្រមទាំងព្រះមហាវីរសមណទាំងគណៈមហានិកាយ គណៈធម្មយុត្តិកនិកាយ និង មហាវីរបុព្វបុរសខ្មែរ និងការប្រកាសព្រះឧបការៈគុណ ។
ព្រះតេជគណជុំ គឹមឡេង ព្រះបាឡាត់គណខេត្ត បានមានថេរដីកាលើកឡើងពីទិវា បុណ្យរំឭកព្រះឧបការគុណ ចំពោះសម្តេចព្រះមហាសុមេធាធិបតី ជោតញ្ញាណោ ជួន ណាត សម្តេចព្រះសង្ឃរាជ និងក្រុមជំនុំព្រះត្រៃបិដក និង វិចនានុក្រមខ្មែរ គឺជាការបញ្ជាក់នូវស្នាព្រះហស្តនៃព្រះរាជនិពន្ធ និងចងក្រងគម្ពីរក្បួនខ្នាតក្នុងការអភិរក្សនូវអក្សរសាស្ត្រជាតិខ្មែរឱ្យបានគង់វង្ស។ លើសពីនេះព្រះអង្គបានរំឭកដល់ពុទ្ធបរិស័ទទាំងអស់ឱ្យប្រកាន់យកការបំពេញអំពើជាកុសលកម្មតាមផ្លូវកណ្តាល ដើម្បីជាគុណប្រយោជន៍ដល់មនុស្សលោក និងសង្គមជាតិទាំងមូល ។
ព្រះតេជគណ ស៊ុម សិរីវិបុល ព្រះនាយកវិទ្យុសាសនាកម្ពុជរដ្ឋ បានអានជីវប្រវត្តិ និងស្នាព្រះហស្តរបស់សម្តចព្រះមហាសុមេធាធិបតី ជោតញ្ញាណោ ជួន ណាត សម្តេចព្រះសង្ឃរាជ ដែលបានបន្សល់ទុកឱ្យប្រជាជនខ្មែរយើងគ្រប់រូប គោរពប្រតិបត្តិ ។ ព្រះអង្គសោយទិវង្គតរយៈពេល៤៦ឆ្នាំមកនេះ ព្រះកិត្តិគុណ ព្រះកិត្តិនាម របស់ព្រះអង្គនៅមានគន្ធពិដោរ និងកាន់តែមានសារសំខាន់សម្រាប់ប្រជាជាតិខ្មែរយើងទៅពេលអនាគត ។
មានប្រសាសន៍នាពេលនោះដែរលោកឃឹម ប៊ុនសុង បានឱ្យដឹងថា ការប្រារព្ធទិវាបុណ្យរំលឹកព្រះឧបការគុណ សម្តចព្រះមហាសុមេធាធិបតី ជោតញ្ញាណោ ជួន ណាត សម្តេចព្រះសង្ឃរាជ និងក្រុមជំនុំព្រះត្រៃបិដក និងវចនានុក្រមខ្មែរ ដែលជាមហាសាមគ្គីធម៌ដ៏មហានក្ខតឫក្ស ជាប្រវត្តិសាស្ត្រ និងជាលើកទី៧ហើយនៅខេត្តសៀមរាប ហើយក៏មានអត្ថន័យយ៉ាងជ្រាលជ្រៅ ដែលសម្តេចជាមហាវរសង្ឃដ៏ឆ្នើម ដែលធ្វើឱ្យបុព្វជិត ពុទ្ធបរិស័ទ ប្រជាពលរដ្ឋខ្មែរយើងមិនអាចបំភ្លេចបាន ។ លោកក៏បានគូសបញ្ជាក់ថា ក្នុងមួយជីវិតរបស់ព្រះអង្គ ទ្រង់បានបំពេញបេសកកម្មក្នុងវិស័យសាធារណៈ សង្គមកិច្ច សិក្សាធិការ និងបានចងក្រងនូវគម្ពី ដីកាជាច្រើន ជាគម្ពីស្លឹករឹត សៀវភៅ និង បានប្រែភាសាបាលីមកជាភាសាខ្មែរសម្រាប់ជាផលប្រយោជន៍ដល់ពុទ្ធបរិស័ទ និងរៀបរៀងនូវវចនានុក្រមភាសាខ្មែរ ដែលជាស្នាព្រះហស្តដ៏ធំធេងរបស់ព្រះអង្គ ។ លោកក៏បានបន្តទៀតថា ព្រះអង្គជាព្រះអគ្គនិពន្ធអក្សរសាស្ត្រខ្មែរ ព្រមទាំងជាសមាជិកកិត្តិយសនៃសមាគមអ្នកនិពន្ធខ្មែរប្រកបដោយគុណប្រយោជន៍ ទាំងផ្លូវលោក ផ្លូវព្រះធម៌ ដែលបានបំភ្លឺពុទ្ធបរិស័ទ ចេះវិភាគរកហេតុផល ខុស និងត្រូវ ហើយមានជំនឿជាក់លើព្រះពុទ្ធសាសនា ហើយការបាត់បង់ព្រះរូបរបស់ព្រះអង្គក៏ពិតមែន តែព្រះកិត្តិនាមរបស់ព្រះអង្គ គឺស្ថិតនៅជានិច្ចនិរន្តរ៍ ចំពោះប្រជាជាតិ និងមាតុភូមិកម្ពុជាជារៀងរហូត ។
លោកឃឹម ប៊ុនសុង ក៏បានសំណូមពរដល់ប្រជាពុទ្ធបរិស័ទ ត្រូវប្រកាន់យកតែអំពើល្អ ដើរតាមផ្លូវកណ្តាល (មជ្ឈិមបដិបទា) ដើម្បីសេចក្តីសុខ និងចូលរួមអនុមោទនាចាប់យកមគ្គផលទៅតាម កម្លាំងសទ្ធាទុកជាគុណប្រយោជន៍តម្កល់ទុក ក្នុងព្រះពុទ្ធសាសនាទាំងបច្ចុប្បន្នជាតិ និង ទៅអនាគត
ជាតិផងដែរ ។ ម្យ៉ាងទៀតវិស័យព្រះពុទ្ធសាសនា គឺជាប្រទីបបំភ្លឺផ្លូវដល់ជនគ្រប់រូបឱ្យប្រតិបត្តិអំពើល្អ ហើយក៏ជាវិស័យមួយបាននិងកំពុងទាក់ទាញដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកសិក្សាឈ្វេងយល់អំពីសាសនាផងដែរ ។
ដើម្បីភ្ជាប់នូវនិស្ស័យទៅនឹងពិធីបុណ្យរំឭកឧបការៈគុណនេះ លោកឃឹម ប៊ុនសុង និង អស់លោក លោកស្រី បានប្រគេនបច្ច័យចំនួន ៣លាន៧១ម៉ឺន៤ពាន់រៀល និង២៧៥ដុល្លារ ប្រាក់ថៃ១ពាន់បាត ដើម្បីប្រើប្រាស់ក្នុងពិធីបុណ្យនេះផងដែរ ៕
ចែករំលែកព័តមាននេះ