គន្លឹះ​ជោគជ័យ​ទាំង ១០ ក្នុង​វិស័យ​អចលនទ្រព្យ


រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​នា​ពេល​បច្ចុប្បន្ន​ហាក់​នៅ​តែ​មាន​សន្ទុះ បើ​ទោះបី​ពិភពលោក​កំពុង​រង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ក្តី ប៉ុន្តែ​ក្នុង​ប្រទេស​កម្ពុជា​ការ​លក់​ដីធ្លី ឬ​ផ្ទះសំបែង​នានា​ហាក់​ដំណើរការ​ជា​ធម្មតា ។ ក៏​ដូច​គ្នា​នេះ​ដែរ មាស ក៏​ដូច​ជា សំភារៈ​មួយ​ចំនួន ដូច​ជា​កង់ ក៏​មានការ​បញ្ជា​ទិញ​ពី​ប្រជាជន​ផង​ដែរ ។ រីឯ​ខាង​ផ្នែក​កសិកម្ម​ឯនោះ​វិញ ហាក់​មាន​សន្ទុះ​ខ្លាំងក្លា រហូត​ការ​ភ្ញាស់ ការ​ផលិត​មិន​ទាន់​អ្នកទិញ​នោះ​ទេ ។

យ៉ាងណាមិញ ក្នុង​គ្រានេះ យើង​សូម​លើកយក​គន្លឹះ​ខ្លះ​ៗ នៃ​ការ​តស៊ូ​ធ្វើ​យ៉ាងណា ដើម្បី​ឱ្យ​ខាង​ផ្នែក​អចលនទ្រព្យ​របស់​បងប្អូន អាច​ទទួល​បាន​ផល​ខ្លះ​ៗ បើ​ទោះបីជា​មិន​បាន​១០០​ភាគ​ក្តី តែ​នេះ​ជា​ការ​លើក​ឡើង និង​លើកទឹកចិត្ត​ចំពោះ​អ្នក​ចង់បាន​ភាព​ជោគជ័យ​ក្នុង​វិស័យ​នេះ​ផង​ដែរ ។

យោង​តាម លោក គី​ម ហ៊ា​ង គឺជា​នាយក​ក្រុមហ៊ុន ខ្មែរ រៀល​អេ​ស្ទេ​ត (Khmer Real Estate Co., Ltd.) និង ជា​ប្រធាន​សមាគម​ន​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលវត្ថុ​កម្ពុជា បាន​ចែករំលែក​បទ​ពិសោធន៍​របស់​លោក​ផ្ទាល់​ដែល​លោក​បាន​ឆ្លងកាត់​វិស័យ​នេះ​ជាង​១៥​ឆ្នាំ​ហើយ ។

លោក គី​ម ហ៊ា​ង និយាយ​ថា ដើម្បី​ឱ្យ​មាន​ភាព​ជោគជ័យ​ក្នុង​វិស័យ​អចលនទ្រព្យ លោក​ណែនាំ​១០​ចំណុច ដូច​បាន​រៀបរាប់​ខាងក្រោម​នេះ ៖ ១ – ត្រូវ​មាន​សេចក្តី​ស្មោះត្រង់ ៖ ក្នុង​ន័យ​ថា មិន​ប្រាកដ​ថា មនុស្ស​រៀន​បាន​ជ្រៅជ្រះ មាន​ភាព​ជោគជ័យ​នោះ​ទេ ក្នុង​វិស័យ​នេះ​អ្វី​ដែល​សំខាន់ គឺ​ភាព​ស្មោះត្រង់ ។ នៅ​ពេល​យើង​ជា​មនុស្ស​ស្មោះត្រង់ ចឹ​ង​គេ​នឹង​ទុកចិត្ត ព្រោះថា រឿង​ដីធ្លី​នេះ​សំខាន់​ណាស់​មាន​របស់​ត្រឹមត្រូវ​ឱ្យ​គេ​មើល​ទើប​មិន​បោក​គេ ចឹ​ង​ពេល​យើង​មានកេរ្តិ៍ឈ្មោះ​ល្អ​នោះ​ការ​ទុកចិត្ត​ក៏​កាន់តែ​មាន​ច្រើន​ដូចនេះ​មិន​ប្រាកដ​ថា យើង​ជា​ក្រ ឬ​មិន​មានចំណេះ​ខ្ពស់ មិន​អាច​ទទួល​បាន​ភាព​ជោគជ័យ​នោះ​ទេ ។

២- ហ៊ាន​ធ្វើ​ទើប​អាច​ជោគជ័យ ៖ កាល​ខ្ញុំ​រកស៊ី​ដំបូង​ខ្ញុំ​មិន​មាន​អ្វី​ច្រើន​នោះ​ទេ តែ​អ្វី​ដែល​ខ្ញុំ​មាន​ច្រើន គឺ​ហ៊ាន ហើយ​ការ​លំបាក​សម្រាប់​ខ្ញុំ គឺ​មិន​មាន​ទេ ព្រោះ​ពាក្យ​នេះ​ខ្ញុំ​មិន​បាន​ដាក់​វា​ក្នុង​បេះដូង​ទេ ខ្ញុំ​ធ្វើ​វា​តាម​ក្តី​ប្រាថ្នា​មិន​ថា លំបាក​ប៉ុណ្ណា ខ្ញុំ​មិន​ដែល​យកពាក្យ​នេះ​មក​ក្បែរ​ខ្លួន​ទេ ។ ពីព្រោះ​មក​ពី​យើង​ខ្លាច​ពាក្យ​នឹង​ទើប​មិន​មាន​ភាព​រីក​ចំរើន និង​មិន​អាច​មាន​ភាព​ជោគជ័យ ។

៣- ស្គាល់​ខ្លួនឯង​ឱ្យ​បាន​ច្បាស់​សិន ៖ ចង់​ធ្វើ​អាជីវកម្ម​អ្វីមួយ ត្រូវ​ស្គាល់​ថា​ខ្លួនឯង​មាន​សមត្ថភាព​ប៉ុណ្ណា ចង់ទៅ​ដល់​ណា មានការ​ប្តេជ្ញា​ចិត្ត​ដូច​ម្តេច ក្នុង​ការ​ប្រកប​អា​ជី​កម្ម​នោះ​។ ដូចនេះ​នៅ​ពេល​យើង​ស្គាល់​ខ្លួនឯង នោះ​យើង​អាច​ធ្វើ​អាជីវកម្ម ដោយ​ដឹង​ពី​ផ្នែក​ហិរញ្ញវត្ថុ និង​កំរិត​បទ​ពិសោធន៍​របស់​យើង​។ ៤- ចាប់ផ្តើម​ធ្វើ​នូវ​អ្វី ដែល​ខ្លួន​អាច ៖ ខ្ញុំ​បាន​ចាប់ផ្តើម​ត្រឹម​អ្វី​ដែល​ខ្ញុំ​មាន ពី​តូច​ទៅ​ធំ សន្សឹម​ៗ​ឬ​តក់​ៗ ហើយ​អនុវត្ត​នូវ​វិធីសាស្ត្រ​នានា​ដែល​ខ្លួន​មាន រៀន​បន្ថែម​ជា​និច្ច និង​ការ​យល់​ដឹង​ក្នុង​ការ​វិវឌ្ឍន៍​របស់​សង្គម​ឬ​ប្រទេស ។ ខ្ញុំ​ចាប់ផ្តើម​ក្រុមហ៊ុន​ជា​បុគ្គលិក​ខ្លួនឯង​ផង​ជា​ថៅកែ​ខ្លួនឯង​ផង​។

៥- ជា​និច្ចកាល មិន​បោះបង់​ចោល ៖ ខ្ញុំ​តែងតែ​រក្សា​ពាក្យ​ថា គ្មាន​អ្វី​ដែល​មនុស្ស​យើង​ធ្វើ​មិន​បាន​នោះ​ទេ​។ ហើយ​ខ្ញុំ​មិន​ដែល​បោះបង់​រាល់​ការងារ​ដែល​បរាជ័យ​ក្តី ឬ​ជោគជ័យ​ក្តី កាន់តែ​មាន​បញ្ហា ខ្ញុំ​កាន់តែ​ប្រឈម​មុខ​នឹង​វា ។ ភាគច្រើន​នៃ​មនុស្ស​បរាជ័យ គឺ​ចេញ​មក​ពី​មនុស្ស​ខ្ជិលច្រអូស និង​ព្យាយាម​មិន​ដល់​កំរិត ការ​រារែក និង​ការ​បោះបង់​ចោល​ពេល​មាន​បញ្ហា​អ្វីមួយ​។ ៦- ធ្វើ​ឱ្យ​អស់ពី​សមត្ថភាព ៖ គ្មាន​អ្នក​ណា​ម្នាក់​កើតមក​គ្រាន់បើ​ជាង​ន​ណា​ទេ ចឹ​ង​ហើយ​បានជា​ខ្ញុំ​តែងតែ​ធ្វើ​អ្វីមួយ​ឱ្យ​អស់ពី​សមត្ថភាព​ខ្ញុំ​ជា​មុន​សិន ជា​ពិសេស​សូម​ប្រើប្រាស់​ពេលវេលា​ឱ្យ​ចំ​គោលដៅ និង​មិន​ចំណាយពេល​ណាមួយ​ទៅ​ប្រព្រឹត្តិ​អ្វីមួយ​ដែល​សង្គម​មិន​ទទួលស្គាល់​។

មាន​ន័យ​ថាបើ​រៀន រៀន​ឱ្យ​អស់ពី​ចិត្ត បើ​ធ្វើការ ធ្វើ​ឱ្យ​អស់ពី​សមត្ថភាព​។ ៧)- ពេល​សិក្សា​ត្រូវ​ផ្សា​ភ្ជាប់​នឹង​ការ​អនុវត្តន៍ ៖ អ្នក​ដែល​ពូកែរៀន និង​ពូកែ​អាន​សៀវភៅ ហើយ​គាត់​មិន​ដែល​ចូល​ប្រលូក​ក្នុង​សង្គម ដូចនេះ​ខ្ញុំ​ជឿជាក់​ថា​គាត់​ប្រហែលជា​មិន​អាច​ជោគជ័យ​នោះ​ទេ សិក្សា​ហើយ​ត្រូវ​មានការ​អនុវត្តន៍​ជាក់ស្តែង ប្រលូក និង​មើលទៅ​ប្រទេស​ដទៃ​ឬ​ពិភពលោក​។ ការ​អនុវត្តន៍​គឺជា​បទ​ពិសោធន៍​មិន​ត្រឹមតែ​ក្នុង​ជីវិត​នោះ​ទេ គឺ​ទាំង​អាជីវកម្ម​ផង​ដែរ​។

ដូចនេះ ការ​សិក្សា​និង​អនុវត្តន៍​ត្រូវ​តែ​មក​ទន្ទឹម​គ្នា​។ ៨- ហ៊ាន​ជំនះ​ខ្លួនឯង ៖ គ្មាន​អាជីវកម្ម​ណា​ដែល​មិន​ជួប​បញ្ហា​នោះ​ទេ គ្រាន់តែ​វា​អាច​មាន​ទំហំ​ប៉ុណ្ណា ដូចនេះ​យើង​ត្រូវ​ដឹង​រាល់​បញ្ហា ការ​ដោះស្រាយ​បញ្ហា​កាន់តែ​ច្រើន ធ្វើ​បញ្ញា​របស់​យើង​ក៏​កាន់​ឆ្លាត​វៃ​។ ចឹ​ង​បើ​ជួប​មួយ​ដោះ​មួយ ជួប​កាន់តែ​ច្រើន ដោះ​កាន់តែ​ច្រើន​។ សម្រាប់​ខ្ញុំ ឧបសគ្គ​គឺជា​គ្រូបង្រៀន​របស់ខ្ញុំ​។ ៩- ហ៊ាន​ពិបាក​មុន ទើប​អាច​ស្រណុក​ក្រោយ ៖ យើង​សុខចិត្ត​ការ​ចាប់ផ្តើម​ដំបូង​ឱ្យ​វា​លំបាក នៅ​ពេល​យើង​ជួប​លំបាក​ឆ្អែត​ហើយ នោះ​វា​នឹង​ក្លាយជា​ភាព​ងាយស្រួល​សម្រាប់​យើង​វិញ ។ មាន​ន័យ​ថា​ជួប​ឆ្អែត​ជួប​ឆ្អន់​ហើយ នោះ​វា​នឹង​ក្លាយជា​បញ្ហា​ធម្មតា​។ នៅ​ពេល​ជំនះ​ខ្លួន​ពី​ភាព​ក្រ នោះ​នៅ​ពេល​យើង​ក្លាយជា​អ្នកមាន​ហើយ​យើង​នឹង​ស្រួល​វិញ និង​អាច​រហូត​ទៀត​។ តើ​យើង​ចង់ឱ្យ​ជីវិត​ចាប់ផ្តើម​មក​ស្រួល ហើយ​លំបាក​រហូត​ឬ​លំបាក​មុន​ទើប​ស្រួល​ក្រោយ​។

១០- មានការ​តាំងចិត្ត​មោះមុត ៖ ឧទាហរណ៍ ប្រសិនបើ​យើង​ធ្វើ​អ្វីមួយ​មាន​ភាព​បរាជ័យ នោះ​មិនមែន​ជា​ថ្ងៃ​អាវ​សាន​នៃ​ជីវិត​នោះ ដ​រា​ណា​នៅ​មាន​ដង្ហើម យើង​នៅ​តែ​មាន​សង្ឃឹម​។ នៅ​ពេល​ដែល​យើង​ដើរ​ដួល តើ​ត្រូវ​ងើបឡើង​ដើរទៅ​មុខ​ឬ​មិន​ទៅ សម្រាប់​ខ្ញុំ​នៅ​ពេល​ខ្ញុំ​ដួល ខ្ញុំ​ងើបឡើង​មិនមែន​ដើរ​ទៀត​ទេ ខ្ញុំ​រត់​តែ​ម្តង ដើម្បី​ឱ្យ​ទាន់សភាពការណ៍ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ