ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាងសង់​ប្រព័ន្ធ​លូ​ថ្មី​ ក្រោយ​​បាក់​ស្រុត​ស្រូប​យក​ទាំង​ម៉ូតូ​និង​មនុស្ស (វីដេអូ)

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ ក្រោម​ការ​យកចិត្តទុកដាក់​ពី​សំណាក់​​លោក​​អ៊ុ​ន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាល ខេត្ត​រួម​និង​សហការី បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​មើល​​រណ្តៅ​បេតុង ក្បែរលូ​ធំម្តុំមាត់ទន្លេ​ដែល​បាន​បាក់​ស្រុត ​ព្រមទាំង​ស្រូបយកម៉ូតូគ្រឿង ​និង​បុរសម្នាក់…

ខេត្តកំពង់ចាម​ ៖ ក្រោម​ការ​យកចិត្តទុកដាក់​ពី​សំណាក់​​លោក​​អ៊ុ​ន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាល ខេត្ត​រួម​និង​សហការី បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​មើល​​រណ្តៅ​បេតុង ក្បែរលូ​ធំម្តុំមាត់ទន្លេ​ដែល​បាន​បាក់​ស្រុត ​ព្រមទាំង​ស្រូបយកម៉ូតូគ្រឿង ​និង​បុរសម្នាក់ ប៉ុន្តែ​សំណាងល្អ​​​បុរសជា​ម្ចាស់​ម៉ូតូ​បានរួចផុត​គ្រោះថ្នាក់​ ។ ​ទីតាំងកើតហេតុ​​នេះ​​មាន​ទំហំ​៧​ម៉ែត្រ​៤ជ្រុង ​និង​ជម្រៅ​៦​ម៉ែត្រ​នៅ​សួនច្បារ​មាត់ទន្លេ​ក្នុង​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម នា​ព្រឹក​ថ្ងៃ​ទី​១៤ កញ្ញា ២០២០ ។ ​ជាមួយ​នោះ​ក៏​បាន​ណែនាំ​ឲ្យ​ស្ថាប័ន​ជំនាញ​ធ្វើការ​សិក្សា​និង​ជួសជុល​ជា​បន្ទាន់ ដើម្បី​ចៀសវាង​កុំ​ឲ្យ​កើត​មាន​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ ដល់​ប្រជាពលរដ្ឋ​ដែល​មក​លេង​កម្សាន្ត​នៅ​សួនច្បារ​មាត់ទន្លេ​។ គួររំលឹកថា បុរស​ភ័យ​ស្ទើរ​គាំងបេះដូង​! កំពុង​ជិះ​សុខ​ៗ​បាក់​ស្រុត​បេតុង​សួនច្បារ​មាត់ទន្លេ​(​វី​ដេ​អូ​)

លោក​សុខ ស្រ៊ុ​ន ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​:
ប្រព័ន្ធ​លូ​ធំ​សម្រាប់​បង្ហូរទឹក​សំអុយ ចេញពី​តាម​បណ្ដា​លូ​ជា​ច្រើន​ខ្សែ ដោយ​បាន​ហូរ​កាត់​លូ​នេះ​ចូល​ទៅ​ក្នុង​ទន្លេមេគង្គ​។ ចំពោះ​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​បាក់​ស្រុត​បេតុង និង​មាន​រណ្ដៅ​ធំ​បែប​នេះ ដោយសារ​តែ​បាក់​លូ​ចាស់ ដែល​មាន​សភាព​ទ្រុឌ​ទ្រម កសាង​ឡើង​តាំងពី​សម័យ​បារាំង​មក​ម្ល៉េះ​។

លោក​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​មាន​ប្រសាសន៍​បន្ត​ថា ក្នុង​ពេល​ដែល​​លោក​​អ៊ុ​ន ចាន់​ដា​ អភិបាលខេត្ត អញ្ជើញ​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​នា​ព្រឹក​ថ្ងៃ​ទី​១៤ កញ្ញា បាន​ណែនាំ​ដល់​ស្ថាប័ន​មន្ទីរ​សាធារណការ​ខេត្ត ឲ្យ​បញ្ជូន​ក្រុមបច្ចេកទេស​មក​សិក្សា​ជា​បន្ទាន់ និង​ត្រៀម​សាងសង់​ប្រព័ន្ធ​លូ​ស្តង់ដារ​ថ្មី​ដែល​មានមុខ​កាត់​៨​ទឹក​ចំនួន​៣​ខ្សែ​ ។​ មាន​លក្ខណៈ​ធំ​ទូលាយ​ជាង​លូ​ចាស់ ហើយ​បណ្ដោយ​ប្រវែង​៨០​ម៉ែត្រ ដើម្បី​សម្រួល​ក្នុង​ការ​បង្ហូរទឹក​សំអុយ​ចេញពី​ក្នុង​ក្រុង ចូល​ទៅ​ទន្លេមេគង្គ​។

លោក​បាន​បន្ត​ថា តែ​ដោយសារ​បុណ្យ​ភ្ជុំ​ កម្មករ​សំណង់​មួយ​ចំនួន​ធំ​​បាន​វិល​ត្រឡប់​ទៅ​លេង​ស្រុក​កំណើត ជួបជុំ​ញាតិ​មិត្ត​ប្អូន​បង​និង​ឪពុក​ម្ដាយ​ជីដូន​ជីតា​ ។ ​ក្រោយ​ភ្ជុំបិណ្ឌ​នៅ​ថ្ងៃ​ទី​២១ កញ្ញា ២០២០ នឹង​ចាប់ផ្ដើម​បើក​ការដ្ឋាន​សាងសង់​ប្រព័ន្ធ​លូ​តាម​លក្ខណៈ​បច្ចេកទេស​ថ្មី​ ដោយ​ធ្វើ​យ៉ាងណា​ឱ្យ​មានគុណ​ភាព និង​ប្រើប្រាស់​បាន​យូរអង្វែង​។

លោក​បន្តទៀត​ថា សួនច្បារ​មាត់ទន្លេ​ក្រុង​កំពង់ចាម បាន​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​ពី​សំណាក់​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ដើរ​កំសាន្ត​លេង​នឹង​ស្រូប​យក​ខ្យល់អាកាស ជំនោរ​ពី​ទន្លេមេគង្គ ហើយ​នៅ​ពេល​ល្ងាច​មិន​ថា​ក្មេង​ឬ​ចាស់​នោះ​ទេ តែងតែ​នាំ​គ្នា​ដើរ​ហាត់ប្រាណ​។ ចំណែក​ម៉ូតូ​ម៉ាក​វ៉េវ​ដែល​បាន​កប់​នៅ​ក្នុង​រណ្ដៅ​ដី​មានទឹក ក្រុម​ជំនាញ​មន្ទីរ​សាធារណការ​ខេត្ត និង​ស្ដារ​ឡើង​លើគោក​ដើម្បី​ប្រគល់​ជូន​ម្ចាស់​វិញ​ឲ្យ​បាន​ឆាប់​នេះ​។

គួរ​រំលឹក​ថា ​មានករណី​​បាក់​ស្រុតបេតុង​ម្តុំ​សួនច្បារ​មាត់ទន្លេ ក្បែរ​លូ​ធំ​បង្ហូរទឹក​ចូល​ទៅ​ក្នុង​ទន្លេមេគង្គ ជិត​ក្រោម​ស្ពាន​គី​ហ្សុ​ណា​ក្រុង​កំពង់ចាម កាលពី​យប់​រំលង​អា​ធ្រា​ត្រ​ថ្ងៃ​ទី​១២ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១៣ កញ្ញា ២០២០​ បណ្តាល​ឱ្យ​ម៉ូតូ​មួយគ្រឿង​ម៉ាក​វ៉េវ​ត្រូវ​បាន​ស្រូប​ធ្លាក់​ចូល​ទៅ​ក្នុង​លូ​​លិច​បាត់ រក​ពុំ​ទាន់​ឃើញនៅឡើយ ​សំណាងល្អ​មិន​បណ្ដាល​ឱ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​ម្ចាស់ម៉ូតូ​នោះ​ទេ ចំណែក​អាជ្ញាធរ​វិញ​បាន​រុំខ្សែ​ព័ទ្ធ​និង​ហាម​មិន​ឲ្យ​មនុស្ស​ចូល​ទៅ​កន្លែង​បាក់​ស្រុត​បេតុង​នោះ​ទេ ព្រមទាំង​រៀបចំ​ជួសជុល​ឡើង​វិញ ឲ្យ​បាន​ឆាប់​បំផុត​។

លោក​នេន សុខ​ឃី​ន អាយុ​៤៤​ឆ្នាំ អ្នកលក់​បបរស ដែល​មានផ្ទះ​ជួល​នៅ​ក្នុង​សង្កាត់​វាលវង់ មាន​ចម្ងាយ​ប្រមាណ​៣០០​ម៉ែត្រ ពី​កន្លែង​កើតហេតុ​បាន​រៀបរាប់​ទាំង​តក់ស្លុត​​ថា មុនពេលកើតហេតុ នៅពាក់​​កណ្ដាល​អា​ធ្រា​ត្រ​ថ្ងៃ​ទី​១២​ កញ្ញា ២០២០ គាត់​បាន​ជិះ​ម៉ូតូ​ម៉ាក​វ៉េវ​មួយ​គ្រឿង​តែ​ម្នាក់ឯង​នៅ​លើ​ខឿន​បេតុង​សួនច្បារ​មាត់ទន្លេ ជិត​ក្រោម​ស្ពាន​គី​ហ្សុ​ណា ​ពេល​នោះ​ស្រាប់តែ​បាក់​ស្រុត​បេតុង​ដោយ​ចៃដន្យ ​ក្រោយ​ពី​មេឃ​បាន​ធ្លាក់​ភ្លៀង​​ជា​ហេតុ​ធ្វើ​ឲ្យ​ម៉ូតូ​និង​​គាត់​បាន​ធ្លាក់​ចូល​ក្នុង​រណ្ដៅ​ដី​ដែល​មាន​ទំហំ​ប្រមាណ​៥​ម៉ែត្រ​បួន​ជ្រុង គ្រានោះ​គាត់​បាន​ប្រឹង​ឡើង​លើគោក​បាន​ទាំង​ត្រហេបត្រហប ​និង​មានការ​ភិត​ភ័យ​ជា​ខ្លាំង ស្ទើរតែ​គាំងបេះដូង​។

បុរស​រង​គ្រោះ​បាន​រៀបរាប់​បន្ត​ថា ក្នុង​ពេល​​កើត​មាន​ហេតុ​​ការណ៍​បាក់​ស្រុត​លូ​​ខាងលើ​នោះ មិន​មាន​មនុស្ស​ណា​ម្នាក់​នៅ​កន្លែង​កើតហេតុ​នោះ​ទេ គឺ​មាន​តែ​រូប​គាត់​ម្នាក់​ប៉ុណ្ណោះ ​។ ​បន្ទាប់​មក​ គាត់​ក៏​បាន​ទូរ​សព្ទ​ហៅ​ប្អូនថ្លៃ​នៅផ្ទះ​ឲ្យ​ជិះ​ម៉ូតូ​មក​ឌុ​បគាត់​ត្រឡប់​ទៅ​ផ្ទះ​ជួល​កន្លែង​លក់​បបរស​វិញ​។​

បុរសរងគ្រោះបាន​រៀបរាប់បន្តទៀត​ថា រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៣ ​កញ្ញា គាត់​បាន​ជិះ​ម៉ូតូ​មក​កាន់​កន្លែង​បាក់​ស្រុត​បេតុង​នៅ​ជាប់​ពីលើ​ប្រព័ន្ធ​លូ​ធំ បង្ហូរទឹក​ចូល​ទៅ​ក្នុង​ទន្លេ​ដោយ​មាន​ទាំង​ឬ​ស្សី​មួយ​ដើម​បម្រុង​យក​មក​ចាក់​មើល​រណ្ដៅ​ដែល​បាក់​ស្រុត រក​ម៉ូតូ​ដែរ តែ​ឬ​ស្សី​មួយ​ដើម​នោះ​ខ្លី​ពេក​ចាក់​មិន​ដល់ ហើយ​ក៏​ខ្លាច​គ្រោះថ្នាក់​បាក់​ស្រុត​បន្ថែម និង​រង់​ចាំ​មើល​អាជ្ញាធរ​ដែនដី​ជួយ​អន្តរាគមន៍​យក​ម៉ូតូ​ចេញពី​ក្នុង​ដី​ដែល​បាន​លិច​នៅ​ក្នុង​ទឹក​ទៀត​ផង​។

តាម​ប្រភពពី​សាក្សី​បាន​និយាយ​ថា ក្រោយ​ពេលទំនេរ​ពី​ការ​លក់ដូរ​បបរស ជា​រឿយ​ៗ បុរស​ម្ចាស់​ម៉ូតូ​តែងតែ​ឌុ​ប​កូន​ដាក់​នៅ​ពី​ខាង​មុខ ដើម្បី​ដើរ​លេង​លំហែកាយ​តាម​ផ្លូវ​មាត់ទន្លេ ។ ​តែ​នេះ​សំណាងល្អ​ដែល​គ្រោះថ្នាក់​បាក់​ស្រុត​​លូម្តុំ​សួនច្បារ​មាត់ទន្លេ គឺ​មាន​តែ​បុរស​រង​គ្រោះ​ម្នាក់​ប៉ុណ្ណោះ បើសិនជា​​មាន​កូន​តូច​មក​ជាមួយ​អាច​នឹង​ត្រូវ​គ្រោះថ្នាក់​ជាក់​ជា​មិន​ខានឡើយ ​។

នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ កញ្ញា ​ឆ្នាំ​២០២០ មន្ត្រី​សាលាក្រុង​បាន​ដឹក​យក​ដែក​របាំង​មក​ដាក់​នៅ​ត្រង់​កន្លែង​ដែល​បេតុង​បាន​បាក់​ស្រុត នឹង​មិន​ឲ្យ​មនុស្ស​ចូល​ទៅ​កន្លែង​នោះ​ទេ ដើម្បី​ការពារ​កុំអោយ​​មាន​គ្រោះថ្នាក់​ជាយថាហេតុណាមួយកើតឡើង ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ