ខេត្តកំពង់ឆ្នាំង ៖ អ្នករត់ម៉ូតូឌុបម្នាក់ត្រូវបានជនសង្ស័យប្រើអំបែងដបចាក់ពីក្រោយ ប្លន់យកម៉ូតូគេចខ្លួន ។ ប៉ុន្តែដោយមានកិច្ចសហប្រតិបត្តិការល្អរបស់សមត្ថកិច្ចនគរបាល ម៉ូតូត្រូវបានរឹបអូសត្រឡប់មកវិញ តែជនដៃដល់បានគេចខ្លួនបាត់។ ជាមួយគ្នានេះ ជនរងគ្រោះត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងផងដែរ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង០៦ និង៣០នាទីយប់ថ្ងៃទី១៣កញ្ញា ស្ថិតនៅចំណុចខាងក្រោយទីសត្តឃាត ក្នុងភូមិទី7 សង្កាត់ខ្សាម ក្រុងកំពង់
ឆ្នាំង ។
លោក ឆាយ ខេមរ័ត្ន អធិការនគរបាលក្រុងកំពង់ឆ្នាំង បានអោយដឹងថា ជនរងគ្រោះជាអ្នករត់ម៉ូតូឌុប មានឈ្មោះស្រី សុភ័ក្រ អាយុ៤៧ ឆ្នាំ មានទីលំនៅភូមិសាលាផ្លូវវាយ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ។ លោកបានបន្តថា មុនពេលកើតហេតុបុរសអ្នករត់ម៉ូតូឌុប បានឌុបជនសង្ស័យម្នាក់ ពីចំណុចសួនច្បារ មុខទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដោយជនសង្ស័យប្រាប់ថា ឌុបទៅវត្តភ្នំយោង ។ លុះមកដល់ចំណុចកើតហេតុជនសង្ស័យក៏បានប្រើ អំបែងដប (ដបស្រាបៀដាច់ត្រឹមក) ចាក់ជនរងគ្រោះពីក្រោយចំក្បាល ចំខ្នង ជាច្រើនកន្លែង បណ្ដាលឱ្យជនរងគ្រោះទ្រាំលែងបានក៏រត់ចោលម៉ូតូ រួចជនសង្ស័យក៏យកម៉ូតូជនរងគ្រោះ ជិះម៉ូតូគេចខ្លួនបាត់តែម្តង ។
លោក បាត់ការនគរបាលក្រុងកំពង់ឆ្នាំងបាន បញ្ជាក់ថា ក្រោយពីទទួលព័ត៌មាននេះ លោក ឧត្តមសេនីយ៍ ខូវ លី ស្នងការនគរបាលខេត្ត កំពង់ឆ្នាំង ក៏បានចាត់កម្លាំងឱ្យ ចេញល្បាត ពួនស្ទាក់គ្រប់ទីកន្លែង និងរកលុយតាមផ្ទះសំណាក់ ។ លុះដល់វេលាម៉ោងប្រមាណជាង 8 យប់កម្លាំងសមត្ថកិច្ចនគរបាលស្រុកទឹកផុសដែលដាក់ស្ទាក់ចាំនៅទីនោះបានប្រទះឃើញម៉ូតូមួយគ្រឿងខណៈដែលជនល្មើសបាន បានឃើញ សមត្ថកិច្ចកំពុងល្បាត ក៍បានទុក ម៉ូតូចោលរួចគេចខ្លួនបាត់ ។
ក្រោយពីទទួលព័ត៌មាននេះសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានសហការ និងទៅយកម៉ូតូជនរងគ្រោះត្រឡប់មកអធិការនគរបាលក្រុងវិញ លុះនៅព្រឹកថ្ងៃទី 14 ខែកញ្ញាសមត្ថកិច្ចក៏បានប្រគល់ម៉ូតូទៅគ្រួសារជនរងគ្រោះវិញ។ តាមការបញ្ជាក់របស់សមត្ថកិច្ចនគរបាលបានឲ្យដឹងថា សមត្ថកិច្ចបានកំណត់មុខសញ្ញាជនសង្ស័យខ្លញៗហើយដែលពេលនេះកំពុងតែគេចខ្លួន ៕
ចែករំលែកព័តមាននេះ