ក្រសួង​អប់រំ​ព្រមាន​ផ្អាក​រាល់​សកម្មភាព​កីឡា​ដែល​មិន​គោរព​តាម​វិធាន​សុវត្ថិ​ភាព


រាជធានី​ភ្នំពេញ ៖ ក្រសួង អប់រំ យុវជន និង​កីឡា បាន​ស្នើ​ឲ្យ​អភិបាល​រាជធានី​-​ខេត្ត យក ចិត្តទុកដាក់​ខ្ពស់ និង​សហការ​ក្នុង​ការ​ត្រួត ពិនិត្យ​កន្លែង​លេង​កីឡា ដើម្បី​ណែនាំ និង​ផ្អាក​រាល់​សកម្មភាព​នានា ដែល​មិន​គោរព​តាម​វិធាន​សុវត្ថិភាព​សុខភាព​របស់​ក្រសួងសុខាភិបាល​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​។

យោង​តាម​សេចក្ដី​ជម្រាប​ជូន​អភិបាល​រាជធានី​-​ខេត្ត របស់​ក្រសួង អប់រំ យុវជន និង​កីឡា ចុះ​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២០ បាន​លើក​ឡើង​ថា ក្រសួង​អប់រំ បាន​ពិនិត្យ​ឃើញ​ថា កន្លែង​លេង​កីឡា​នៅ​តាម​រាជធានី​-​ខេត្ត មួយ​ចំនួន​ពុំ​ទាន់​អនុវត្ត​តាម​គោលការណ៍​ណែនាំ​របស់ គណៈកម្មការ​អន្ដរ ក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩ និង​ក្រសួង​អប់រំ បាន​ត្រឹមត្រូវ​នៅឡើយ ជា​ពិសេស​កន្លែង​លេង​កីឡាបាល់ទះ​តែ​ម្ដង ដែល​បើក​ទូលាយ​ឲ្យ​ទស្សនិកជន​ចូល​ទស្សនា​ច្រើន​កុះករ​ដែល​អាច​បង្ក​ឲ្យ​មាន​រលក​ទី​ពីរ​នៃ​ការ​ចម្លងជំងឺ​កូ​វី​ដ​-១៩ ។

រូប​តំណាង

សេចក្ដី​ជម្រាប​ជូន​ដដែល​បាន​លើក​ឡើង​ថា កន្លង​មក គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩ និង​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចេញ​សេចក្តី​ជួន​ដំណឹង​ស្តី​ពី​ការ​អនុញ្ញាត​ឲ្យ​ដំណើរការ​ឡើង​វិញ​នូវ​សកម្មភាព​ហាត់ប្រាណ និង​លេង​កីឡា​តាម​ទីធ្លា​សាធារណៈ នៅ​តាម​រាជធានី ខេត្ត និង​ធ្វើ​សកម្មភាព​ហាត់​ហ្វឹកហ្វឺន​និង​ប្រកួត​លី​គ​ឡើង​វិញ​ជា​ជំហាន​ៗ ដោយ​ការ​ប្រកួត​បិទទ្វារ និង​ត្រូវ​គោរព​តាម​វិធាន​សុវត្ថិភាព​សុខភាព​របស់​ក្រសួងសុខាភិបាល ឲ្យ​បាន​ត្រឹមត្រូវ និង​ម៉ឺងម៉ាត់​។

លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ព្រមាន​ដល់​ម្ចាស់​អាជីវកម្ម​កន្លែង​លេង​បាល់ទះ ទាំងឡាយ​ណា ដែល​មិន​គោរព​តាម​វិធានការ​សុវត្ថិភាព​របស់​ក្រសួង​សុខា​ភិបាល នឹង​ត្រូវ​ប្រឈម​នឹង​ការ​ផ្អាក​អាជីវកម្ម ដោយ​មិន​លើកលែង ។ លោក សុ​វាចា បន្ថែម​ថា កាលពី​ថ្ងៃ​ទី​១១ ខែកញ្ញា ក្រសួង​អប់រំ បាន​ចេញ​សេចក្តីជូនដំណឹង​មួយ ក្រោយ​ពី​សង្កេត​ឃើញ​កន្លែង​លេង​កីឡា​ខ្លះ នៅ​តែ​មិន​គោរព​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ពិសេស​កន្លែង​លេង​កីឡាបាល់ទះ ដែល​បាន​បើក​ឲ្យ​អ្នកគាំទ្រ​ចូល​ទស្សនា​ច្រើ​កុះករ​ដែល​អាច​បង្ក​ឲ្យ​កើត​មាន​រលក​ទី​ពីរ​នៃ​ជំងឺ​កូ​វី​ដ​-១៩​។

អ្នកនាំពាក្យ​ក្រសួង​អប់រំ​រូប​នេះ បញ្ជាក់​ថា មកដល់​ពេល​នេះ ក្រសួង​នៅ​មិន​ទាន់​បាន​អនុវត្ត​វិធានការ​បិទ​ទីតាំង​ណាមួយ​នៅឡើយ តែ​ក្រសួង​ស្នើ​ដល់​អាជ្ញាធរ​ឲ្យ​យកចិត្តទុកដាក់​លើ​ការ​ចុះ​ពិនិត្យ ណែនាំ និង​ផ្អាក​រាល់​សកម្មភាព​នានា​ដែល​មិន​គោរព​តាម​វិធាន​សុវត្ថិភាព​របស់​ក្រសួងសុខាភិបាល ។

លោក​បញ្ជាក់​ថា នៅ​ពេល​ឃើញ​ទីតាំង​លេងកីឡា​ណាមួយ ជា​ពិសេស​កីឡាបាល់ទះ មិន​គោរព​តាម​វិធានការ​សុវត្ថិភាព សូម​រាយការណ៍​មក​ក្រសួង​អប់រំ ហើយ​ក្រសួង​នឹង​ពិភាក្សា​ជាមួយ​អន្តរ​ក្រសួង​ដើម្បី​ចាត់វិធានការ ។ ជាមួយ​គ្នា​នេះ ក្រសួង​អប់រំ​បាន​បន្ត​ក្រើនរំលឹក​ថា ទោះបី​កម្ពុជា​ពុំ​មាន​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​ក៏​ពិតមែន ប៉ុន្តែ​ស្ថានភាព​ជំងឺ​នៅ​តែ​មាន​ហានិភ័យ​ខ្ពស់​ដែល​អាច​បណ្ដាល​ឲ្យ​កើត​មាន​រលក​ទី​ពីរ​បាន ។ ដូច្នេះ ក្រសួង​ទាមទារ​ឲ្យ​មានការ​យកចិត្តទុកដាក់​ខ្ពស់​ពី​ស្ថាប័ន​ទទួលខុសត្រូវ អាជ្ញាធរ​ដែនដី និង​ការ​ចូលរួម​អនុវត្ត​ពី​មហាជន​ផង​ដែរ ។

សូម​រំលឹក​ថា កាលពី​ថ្ងៃ​ទី ២៨ ខែកក្កដា ឆ្នាំ​២០២០ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន
បាន​ប្រកាស​អនុញ្ញាត​ឱ្យ​ដំណើរការ​ហាត់ប្រាណ​និង​លេង​កីឡា​តាម​ទី​សាធារណៈ កន្លែង​ហាត់
ប្រាណ និង​កន្លែង​លេង​កីឡា​ឡើង​វិញ ក្រោយ​ផ្អាក​ជិត​៤​ខែ ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ