រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូមកពីដើរលេងវិញ ក៏ស្រាប់តែត្រូវរថយន្តបុកបណ្តាលឱ្យបាត់បង់ជីវិត ចំណែករថយន្តបង្កក៏បើករត់បាត់ស្រមោល មិនត្រឹមតែប៉ុណ្ណោះម៉ូតូរបស់ជនរងគ្រោះក៏ត្រូវជនសង្ស័យបន្លំលួចយកទៅបាត់ទៀត ធ្វើឲ្យបងប្អូនជនរងគ្រោះហួសចិត្តរកអ្វីថ្លែងមិនចេញឡើយ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចផ្លូវ៣៦៩ ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ។
សពជនរងគ្រោះខាងលើមានឈ្មោះ កែវ ពុធ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
បើតាមការបញ្ជាក់ពីបងប្រុសបង្កើតជនរងគ្រោះបានឱ្យដឹងថា មុនកើតហេតុ ប្អូនប្រុសរបស់គាត់ទៅហូបបាយ និងផឹកស្រាបៀរផ្ទះពូនៅច្បារអំពៅ ក្រោយពេលហូបបាយ និងផឹកស្រាបៀរតិចតួចរួច ប្អូនរបស់គាត់មិនដឹងថាបានទៅផឹកបន្តនៅឯណាទៀតនោះទេ លុះដល់ម៉ោង១រំលងអធ្រាត្រក៏មាននគរបាលទូរស័ព្ទមកប្រាប់ថា «ប្អូនគាត់ជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យបាត់បង់ជីវិតទៅហើយ» ។
ប្រភពដដែលបន្តថា ក្រោយពេលឮដូច្នេះ រូបគាត់ក៏បានជិះម៉ូតូឌុបប្រពន្ធទៅដល់កន្លែងកើតហេតុ ក៏ឃើញប្អូនប្រុសដួលបោកក្បាលហូរឈាមធ្វើឱ្យបាត់បង់ជីវិត ហើយរូបគាត់ក៏បានហៅរថយន្តដឹកសពមកយកទៅតំកល់នៅវត្តច្បារអំពៅ ដើម្បីធ្វើបុណ្យតាមប្រពៃណី ។
ក្នុងគ្រានោះផងដែរ ក្រុមគ្រួសារសពជនរងគ្រោះក៏បានស្នើសុំទទូចឱ្យនគរបាលមេត្តាស្រាវជ្រាវករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយសាររថយន្តមិនចាំស្លាកលេខដែលបុកជនរងគ្រោះ ហើយរត់គេចខ្លួនបាត់នោះផង ។ មិនតែប៉ុណ្ណោះទេ ជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកគុបជ្រុង ពណ៌ទឹកប៉ិច មិនចាំស្លាកលេខមួយគ្រឿង ក៏ត្រូវជនសង្ស័យដែលឆ្លៀតឱកាសលួចម៉ូតូរបស់ប្អូនគាត់យកទៅបាត់ទៀត។
គួរបញ្ជាក់ផងដែរថា ជនរងគ្រោះបានជិះម៉ូតូម៉ាកគុបជ្រុងមួយគ្រឿងមកដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿងមិនចាំម៉ាកបានបើកបុកជនរងគ្រោះ បណ្តាលឱ្យដួលបោកក្បាលហូរឈាមរហូតបាត់បង់ជីវិតតែម្តង ។ ក្រោយពេលកើតហេតុ រថយន្តបង្កក៏បានរត់គេចខ្លួនបាត់ស្រមោលតែម្តង នៅសល់តែជនរងគ្រោះនៅកន្លែងកើតហេតុគួរឱ្យអាណោចអាធ័ម ចំណែកម៉ូតូរបស់ជនរងគ្រោះវិញ ក៏ត្រូវជនសង្ស័យលួចយកទៅបាត់ទៀត ។
ក្រោយពេលកើតហេតុខាងលើនេះ នគរបាលផ្នែកវាស់វែងខណ្ឌច្បារអំពៅ បានសហការជាមួយនគរបាលប៉ុស្តិ៍ ដើម្បីព្យាយាមស្វែងរកសាក្សីឃើញហេតុការណ៍ ក្រែងស្គាល់ភិនភាគ និងស្លាកលខរថយន្តបង្កហេតុ ប៉ុន្តែព្រោះតែយប់ជ្រៅពេក គ្មានអ្នកណាបានឃើញហេតុការណ៍នោះឡើយ ។ ណាមួយយប់ជ្រៅផង មានតែរង់ចាំព្រឹកឡើងសហការជាមួយផ្នែកព្រហ្មទណ្ឌខណ្ឌ ដើម្បីស្រាវជ្រាវរកជនល្មើសលួចម៉ូតូ និងរថយន្តបង្កហេតុគ្រោះថ្នាក់មិនព្រមឈប់ទទួលខុសត្រូវនៅកន្លែងកើតហេតុ ដែលរត់គេខ្លួនបាត់ ៕
ចែករំលែកព័តមាននេះ