ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក កឹ​ម សុខា រំលឹក​ប្រវត្តិ​រៀន​នៅ​សាលា​បឋម​សិក្សា​កាល ៦០​ឆ្នាំ​មុន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​រំលឹក​កាល​នៅ​មុន​ថ្នាក់បឋមសិក្សា​ក្នុង​ខេត្តតាកែវ កាលពី​៦០​ឆ្នាំ​មុន ។ ការ​រំលឹក​ពី​អតីតកាល​នេះ ខណៈ​លោក​នឹង​សហការ​រីក​មួយ​ចំនួន​បាន​កាន់បិណ្ឌ​នៅ​ក្នុង​វត្ត​ដែល​លោក​ធ្លាប់​សំណាក់អាស្រ័យ​នៅ​ដើម្បី​រៀនសូត្រ…

រាជធានី​ភ្នំពេញ ៖ លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​រំលឹក​កាល​នៅ​មុន​ថ្នាក់បឋមសិក្សា​ក្នុង​ខេត្តតាកែវ កាលពី​៦០​ឆ្នាំ​មុន ។ ការ​រំលឹក​ពី​អតីតកាល​នេះ ខណៈ​លោក​នឹង​សហការ​រីក​មួយ​ចំនួន​បាន​កាន់បិណ្ឌ​នៅ​ក្នុង​វត្ត​ដែល​លោក​ធ្លាប់​សំណាក់អាស្រ័យ​នៅ​ដើម្បី​រៀនសូត្រ ។

លោក កឹ​ម សុខា បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២០​ថា ថ្ងៃនេះ​(​ថ្ងៃ​ទី​១១ កញ្ញា ឆ្នាំ​២០២០) ខ្ញុំ​ព្រមទាំង​សហការី​បាន​មក​ចូលរួម​ធ្វើបុណ្យ​កាន់បិណ្ឌ​វេន​ទី​៩ នៅ​វត្ត​អង្គ​គោល (​ដងស្ទឹង​ស្លា​គូ​) ឃុំ​បឹង​ត្រាញ់​ខាងត្បូង ស្រុក​សំរោង ខេត្តតាកែវ ។ លោក​បញ្ជាក់​ថា​៖«​នេះ​គឺជា​វត្ត​ដែល​ខ្ញុំ​ធ្លាប់​ស្នាក់​នៅ​កាលពី​កុមារភាព ហើយ​ក៏​ជា​សាលា​ដែល​ខ្ញុំ​ធ្លាប់​បាន​រៀន​នៅ​បឋម​សិក្សា រយ​:​ពេល ៦​ឆ្នាំ កាលពី​៦០​ឆ្នាំ​មុន ។ មក​ដល់ទី​នេះ ខ្ញុំ​នៅ​ចង​ចាំ​នូវ​អនុស្សាវរីយ​ជា​ច្រើន ជា​ពិសេស​ធ្វើ​ឲ្យ​ខ្ញុំ​នឹករលឹក​ដល់​លោកតា ប្រាក់ ឌឹ​ត ដែល​ធ្លាប់​ជា​ព្រះ​គ្រូសូត្រស្តាំ​គង់នៅ​វត្ត​នេះ ។

លោកតា គឺជា​ព្រះសង្ឃ​ដែល​បាន​ផ្តល់​ជម្រក​ផ្តល់​ចំណីអាហារ និង​ផ្តល់​ការ​អប់រំ ទាំង​ផ្លូវធម៌ និង​ផ្លូវលោក ផ្ទាល់​ដល់​រូប​ខ្ញុំ មិន​ត្រឹមតែ​កាលពី​ខ្ញុំ​នៅ​វ័យ​កុមារ​នៅ​ជនបទ​នោះ​ទេ រហូត​ដល់​ដើម​ទសវត្សរ៍​ទី​៧០ ពេល​ដែល​ខ្ញុំ​បាន​មក​បន្ត​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​ក្នុង​រាជធានី​ភ្នំពេញ ខ្ញុំ​ក៏​បាន​ស្នាក់​នៅ​ក្នុង​វត្ត​ស្រះ​ចក​ជាមួយ​លោកតា និង​រស់រៀន​ក្រោម​ការ​គ្រប់គ្រង ឧបត្ថម្ភ និង​អប់រំ ដោយ​លោកតា ប្រាក់ ឌឹ​ត ដែល​ជា​អ្នក​មានគុណ​ដ៏​ធំ​របស់ខ្ញុំ​ដែរ​»​។

លោក​បន្ថែម​ថា អ្វី​ដែល​ខ្ញុំ​បាន​រៀនសូត្រ​បាន​យល់​ដឹង និង​នៅ​ចង​ចាំ​មិន​ភ្លេច​នោះ គឺ​លោកតា​ប្រាក់ ឌឹ​ត បាន​ប្រៀនប្រដៅ​ខ្ញុំ​ថា ៖ ទី​១ ចៅ​ត្រូវ​ខំរៀន​ឲ្យ​មាន​ព្រះធម៌​នៅ​ក្នុង​ចិត្ត​ទើប​ចិត្តរឹង​មាំ ចេះ​អត់ធ្មត់ ចេះ​អត់ឱន មិន​គុំកួន​ន​សងសឹក មិន​ជ្រុលនិយម ។ ទី​២ ចៅ​ត្រូវ​មាន​កាយវិការ​ទន់ភ្លន់ សុភាព​រាបសា កុំ​ហិង្សា កុំ​រើសអើង កុំ​ឆ្មើងឆ្មៃ កុំ​ប្រមាថ​អ្នក​ដ៏​ទៃ និង​ទី​៣ ចៅ​ត្រូវ​មាន​ទ្រឹស្តី មាន​ន័យ​ខ្លឹមសារ​ក្នុង​ការ​និយាយ​ស្តី ងាយ​ស្តាប់ ងាយ​យល់ មិន​អសុរោះ មិន​ទ្រគោះ​ញុះញង់ ។

លោក​ថា ក្នុង​ឱកាស​បុណ្យកាន់បិណ្ឌ​ថ្ងៃនេះ ខ្ញុំព្រះករុណា ខ្ញុំបាទ សូម​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដល់​ដួង​វិញ្ញាណក្ខន្ធ លោកតា ប្រាក់ ឌឹ​ត បុព្វការី​ជន និង​អ្នក​មានគុណ​ទាំងឡាយ សូម​បាន​ទៅ​សោយ​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ ។ ជា​ពិសេស កុសលផល​បុណ្យ​ដែល​យើងខ្ញុំ​កសាង​នេះ សូម​ចែករំលែក​ទៅ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅប្រទេស សូម​ជួប​តែ​សេចក្តីសុខ ចាក​ផុត​ទុក្ខ និង​ឈប់​ចងកម្ម​ពៀរ​វេរា​គ្នា​ចាប់ពី​រដូវ​ភ្ជុំបិណ្ឌ​នេះ​តរៀង​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ