រាជធានីភ្នំពេញ ៖ ក្នុងគោលបំណងជំរុញដល់ការផលិត និងរកទីផ្សារសម្រាប់ផលិតផលក្នុងស្រុក សហគ្រិនក្នុងវិស័យសហគ្រាសខ្នាតតូច និងមធ្យម បានស្នើសុំឲ្យរដ្ឋាភិបាល ដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការ កាត់បន្ថយនូវការនាំចូលទំនិញដែលអាចផលិតក្នុងស្រុកបាន។ ធ្វើបែបនេះនឹងអាចជួយជំរុញដល់អ្នកក្នុងស្រុក មានទឹកទឹកចិត្តក្នុងការផលិតហើយនឹងមានទីផ្សារសម្រាប់ផលិតផលផលិតក្នុងស្រុកផងដែរ។
លោក លាង ឡេង ម្ចាស់សិប្បកម្មផលិតទឹកត្រី ទឹកស៊ីអ៊ីវ នៅម្ដុំជ្រោយចង្វារបានឲ្យដឹងថា បច្ចុប្បន្ននេះ ផលិតផលក្នុងស្រុកពិបាកក្នុងការប្រកួតប្រជែងជាមួយអ្នកក្រៅស្រុក ដោយសារតែទំនិញរបស់យើងផលិតឡើងដោយប្រើដើមទុនច្រើនជាងទំនិញនាំចូល ហើយទំនិញនាំចូលក៏មិនដឹងប្រភពច្បាស់លាស់តែគេមានតម្លៃទាបជាងទំនិញក្នុងស្រុក។ លោកបានបន្តថា បើសិនមានការកាត់បន្ថយការនាំចូលពីខាងក្រៅវានឹងធ្វើឲ្យអ្នកក្នុងស្រុកមានទឹកចិត្តផលិតបន្ថែម ហើយនឹងអាចផ្គត់ផ្គង់បានលើទីផ្សារ។
មិនតែប៉ុណ្ណោះ រដ្ឋាភិបាលក៏មានភាពងាយស្រួលក្នុងការត្រួតពិនិត្យទំនិញរបស់អ្នកក្នុងស្រុកព្រមទាំងអាចធានាបាននូវគុណភាពសម្រាប់អ្នកប្រើប្រាស់ផងដែរ។ ម្យ៉ាងទៀតពលរដ្ឋក្នុងស្រុកជាច្រើននឹងទទួលបានទំនិញដែលផលិតពីក្នុងស្រុកប្រើប្រាស់កាន់តែច្រើន។ ជាពិសេសនោះនឹងធ្វើឲ្យការផលិតកាន់តែច្រើនបង្កើតការងារកាន់តែច្រើន និងអាចរួមចំណែកក្នុងការផ្ដល់ប្រាក់បៀរវត្សរ៍ដល់ពលរដ្ឋកម្ពុជា និងជំរុញកំណើនសេដ្ឋកិច្ចកាន់តែបានច្រើនផងដែរ។
លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធ សហគ្រាសធុនតូច និងមធ្យមកម្ពុជា បានធានាអះអាងថា បើសិនជារដ្ឋាភិបាលអាចធ្វើបាន ដោយកាត់បន្ថយ និងឈានដល់បញ្ឈប់ការនាំចូលទំនិញ ដែលអាចផលិតក្នុងស្រុកបាននោះ កម្ពុជានឹងមិនខ្វះខាតផលិតផលសម្រាប់ប្រើប្រាស់នោះឡើយ ដោយសារតែសហគ្រិនក្នុងស្រុកជាច្រើនបាន និងកំពុងពង្រីកអាជីវកម្ម និងសហគ្រាសរបស់ខ្លួនកាន់តែច្រើន ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ តែអ្វីដែលសហគ្រិនក្នុងស្រុកពិបាកនោះគឺការប្រកួតប្រជែងពីផលិតផលខាងក្រៅ។
លោកឧកញ៉ាបានបន្តថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោជាប្រមុខ បានដាក់ចេញរួចហើយឲ្យជំរុញការកែច្នៃការផលិតនៅក្នុងស្រុក និងកាត់បន្ថយការនាំចូលទំនិញពីបរទេស ដោយទុកលទ្ធភាពអោយអ្នកក្នុងស្រុក ផលិតសម្រាប់ផ្គត់ផ្គង់លើទីផ្សារវិញ។ ប៉ុន្តែមន្ត្រីថ្នាក់ក្រោមនៅតែបន្តបើកដៃឲ្យឈ្នួញនាំចូលទំនិញដែលកម្ពុជាអាចផលិតបានមកចែកចាយដដែល ដោយមិនអនុវត្តន៍តាមអនុសាសន៍របស់សម្ដេចអោយបានខ្ជាប់ខ្ជួននោះឡើយ។ នៅក្នុងវិស័យកសិកម្ម ឃើញថារដ្ឋាភិបាលបានអនុវត្តន៍បណ្ដើរៗហើយនូវការកាត់បន្ថយរបស់ដែលផលិតបានដោយខ្លួនឯង ប៉ុន្តែនាំចូលដើម្បីតែបង្គ្រប់ទីផ្សារប៉ុណ្ណោះជាក់ស្ដែងដូចជាជ្រូករស់ មាន់ ទា ជាដើម។
ធ្វើដូច្នេះវានឹងជំរុញឲ្យតម្លៃកសិផលក្នុងស្រុកកើនឡើងមួយកម្រិត ដើម្បីឲ្យកសិករអាចរកប្រាក់ចំណេញសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ។ ជាលទ្ធផលវិស័យកសិកម្មបានដើរតួនាទីសំខាន់ក្នុងដំណាក់កាលកូវីដ-១៩នេះ ដោយវិស័យនេះបាន និងកំពុងពង្រីកវិសាលភាពកាន់តែធំឡើងថែមទៀត ហើយបានជួយដល់ប្រជាកសិករកាន់តែច្រើន រកប្រាក់ចំណូលក្រៅពីការងារដែលធ្លាប់ទទួលបានមុនកូវីដ-១៩៕ ដោយ ៖ សុវណ្ណ ណែត
ចែករំលែកព័តមាននេះ