ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ចចម្រុះដឹកនាំដោយមន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ បានចេញប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទក្នុងរដូវបិទនេសាទ ស្ថិតនៅឃុំពាមឆ្កោក ស្រុកជលគីរី ក្នុងគោលបំណងការពារ និងថែរក្សាធនធានជលផល ដែលកំពុងតែធ្លាក់ចុះជារៀងរាល់ថ្ងៃ។
លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ដើម្បីការពារធនធានជលផលក្នុងរដូវបិទនេសាទ ដែលជារដូវត្រីពងកូននេះ មន្ត្រីខណ្ឌរដ្ឋបាលជលផល បានសហការជាមួយមន្ត្រីផ្នែក សង្កាត់ជលផល និងកម្លាំងអធិការរដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប បានធ្វើការចុះបង្ក្រាបបទល្មើសនេសាទដាក់របាំស្បៃមុង និងរបាំងសាច់អួន។ ជាមួយគ្នានេះបានរុះរើរបាំងរាំងផ្ជិតព្រែក ដែលជាផ្លូវត្រីឡើងរកទីជំរកពងកូន នៅចំណុច បឹងអញ្ចាញ, ខ្វែងឆ្លុះ ,កំពង់អួរ,កបចេស និងវាលសំណាប ស្ថិតនៅក្នុងភូមិសាស្ត្រភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគីរី។
កិច្ចប្រតិបត្តិការខាងលើនេះ ក្រុមការងារបានឯកភាពរុះរើ និងបំផ្លាញចោលនៅនឹងកន្លែង ដូចជា របាំងស្បៃមុង៣២កន្លែងប្រវែង១៥០០ម៉ែត្រ លបលូស្បៃមុង ៣២គ្រឿង , បង្គោល៨០០ដើម និងចាក់កូនត្រីលែងចូលក្នុងទន្លេវិញបានជាងចំនួន៣០០គីឡូក្រាមផងដែរ ។ ហើយកិច្ចបង្ក្រាបបទល្មើសនៅថ្ងៃនោះផងដែរ សមត្ថកិច្ចចម្រុះ ក៏បានប្រើប្រាស់កម្លាំងសរុបចំនួន៣៥នាក់ មធ្យោបាយកាណូតចំនួន៨ គ្រឿង ។
តាមលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល បានឱ្យដឹងថា សូមបងប្អូនប្រជាពលរដ្ឋ មេត្តាកុំនេសាទក្នុងរដូវបិទនេសាទ កុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដូចជាដាក់របាំងស្បៃមុង របាំងសាច់អួនក្រឡាញឹក ដាក់របាំងរាំងផ្ជិតព្រែក និងប្រើប្រាស់ឧករណ៍ឆក់ត្រីជាដើម។
សូមបញ្ជាក់ដែរថា យោងតាមស្ថានភាពទឹកទន្លេសព្វថ្ងៃ ដែលជាទឹកតូចបំផុតមិនធ្លាប់មានពីមុនមកដែលមន្ត្រីជំនាញ បានឱ្យដឹងថា ដោយសារធាតុអាកាសប្រែប្រួល របបទឹកភ្លៀងមិនគ្រប់គ្រាន់ គួបផ្សំរបបទឹកទន្លេមេគង្គ មិនជួយបំពេញផងនោះ ផលនេសាទឆ្នាំនេះ ពិតជាខ្សត់ ជាក់ជាពុំខានឡើយ ។
ដោយហេតុនេះហើយ ទើបបច្ចុប្បន្ន ដោយសារតែមិនរំពឹងចាប់ត្រីក្នុងទន្លេបានទៀតនោះ បងប្អូនប្រជាពលរដ្ឋមួយភាគធំបានងាកមកចិញ្ចឹមត្រីជាលក្ខណៈគ្រួសារ ខ្លះចិញ្ចឹមបែបវារីវប្បកម្មវិញ ។ នេះជាអះអាងរបស់មន្ត្រីជំនាញ ដែលធ្លាប់អះអាងកន្លងមក ៕
ចែករំលែកព័តមាននេះ