រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ស្ត្រីម្នាក់ជាអាណិកជនខ្មែរ រស់នៅក្រៅប្រទេស នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីចេញមូលប្បទានបត្រអត់សាច់ប្រាក់(សែកស្អុយ)ចំនួន៣៥ម៉ឺនដុល្លារអាមេរិក ។
ស្ត្រីរូបនេះឈ្មោះ ហុក ផល្លា អាយុ៤៧ឆ្នាំ ស្នាក់នៅផ្ទះលេខ២ ផ្លូវលេខ៧ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
បើតាមមន្ត្រីនគរបាលព្រហ្មទណ្ឌឲ្យដឹងថា ស្ត្រីឈ្មោះ ហុក ផល្លា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនម្តងហើយ ពាក់ព័ន្ធនឹងបណ្តឹងរបស់លោក ហ៊ាង រតនា ករណីឆបោកដាក់ប្លង់ដីបញ្ចាំយកប្រាក់៤០ម៉ឺនដុល្លារអាមេរិក ប៉ុន្តែប្លង់ដីនោះជាប្លង់ដីខ្យល់ ។ បន្ទាប់មក ដើមបណ្តឹងបានប្តឹងសមត្ថកិច្ចរហូតមានការឃាត់ខ្លួនស្ត្រីរូបនេះទៀត តែពេលនោះប្តីគាត់ឈ្មោះ ឃឹម ស្តើង បានយកប្រាក់ចំនួន៥ម៉ឺនដុល្លារទៅដាក់តម្កល់ឲ្យដើមបណ្តឹង ហើយចេញមូលប្បទានបត្រលើទឹកប្រាក់ចំនួន៣៥ម៉ឺនដុល្លារអាមេរិក ដើម្បីធានាប្រពន្ធបាននៅក្រៅឃុំ ។
មន្ត្រីនគរបាលបន្តថា ប៉ុន្តែមូលប្បទានបត្រមានទឹកប្រាក់៣៥ម៉ឺនដុល្លារ ដែលឈ្មោះ ឃឹម ស្តើង ចេញឲ្យទៅដើមបណ្តឹងនោះជាសែកគ្មានសាច់ប្រាក់ ម្ល៉ោះហើយទើបជនរងគ្រោះសម្រេចចិត្តដាក់ពាក្យប្តឹងទៅសមត្ថកិច្ច រហូតមានដីកាពីសាលាដំបូងរាជធានីភ្នំពេញ បញ្ជាឲ្យចូលខ្លួនទាំង២នាក់ប្តីប្រពន្ធ ប៉ុន្តែពេលនេះចាប់បានប្រពន្ធ ចំណែកប្តីកំពុងគេចខ្លួន ។
ជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕
ចែករំលែកព័តមាននេះ