រាជធានីភ្នំពេញ ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានប្រកាសឲ្យដឹងថា នាឱកាសសម្រាកបុណ្យប្រពៃណីជាតិខ្មែរ បុណ្យភ្ជុំបិណ្ឌខាងមុខនេះ ក្រសួងនឹងផ្អាកជាបណ្តោះអាសន្នក្នុងការបើកប្រាក់ឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ- ១៩ ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ។
ប្រកាសដដែលបានបញ្ជាក់ថា ក្រសួងជូនដំណឹងដល់សាធារណជន និងអ្នកទទួលផលទាំងអស់នៃកម្មវិធី ឧត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងកម្មវិធីឧត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ មេត្តាជ្រាបថា ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខននេះ ក្រសួងនឹងផ្អាកដំណើរការអនុវត្តកម្មវិធីឧត្ថម្ភសាច់ប្រាក់ជូនអ្នកទទួលផលដូចបានរៀបរាប់ខាងលើ រយៈពេល០៥ ថ្ងៃ ។
ក្រសួងបានបន្តថា ការផ្អាកនេះនឹងធ្វើឡើងចំនួន ០៥ ថ្ងៃ ដែលចាប់ពីបិណ្ឌទី១៤ ត្រូវនឹងថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ។ ប្រភពដដែលបានបន្តថា «ក្នុងអំឡុងនៃការឈប់សម្រាកនេះ មិនប៉ះពាល់ដល់ការទទួលបាននូវអត្ថប្រយោជន៍របស់បងប្អូនជាអ្នកទទួលផលឡើយ ហើយកម្មវិធីនឹងបន្តអនុវត្តជាធម្មតាឡើងវិញនៅតាម ឃុំ សង្កាត់ មណ្ឌលសុខភាព និងបញ្ជរបើកប្រាក់វីង ចាប់ពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២០តទៅ» ។
សូមសាធារណជន និងស្ថាប័នពាក់ព័ន្ធ ជាពិសេសអ្នកទទួលផល ទាំងអស់មេត្តាជ្រាប និងបន្តសហការអនុវត្តដើម្បីឱ្យកម្មវិធីទាំងពីរខាងលើ បន្តដំណើរការដោយរលូន និងទទួលបានជោគជ័យតាមផែនការគ្រោងទុក ៕
ចែករំលែកព័តមាននេះ