ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់​ទៅ​បោះ​បាយបិណ្ឌ​ លុះ​​ត្រឡប់​មក​វិញ​​ក្របី​​អស់ពី​ក្រោល​​ផ្អើល​

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ តាម​ព័ត៌មាន​បឋម​ឲ្យ​ដឹង​ថា គ្រួសារ​កសិករ​មួយ​នៅ​ភូមិ​ពោង ឃុំ​សំបួរមាស ស្រុក​មុខកំពូល បាន​ត្រូវ​ចោរលួច​ក្របី​ពី​ក្រោល​អស់​៥​ក្បាល និង​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៥​និង​៤០​នាទី​ភ្លឺ​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២០…

ខេត្តកណ្តាល ៖ តាម​ព័ត៌មាន​បឋម​ឲ្យ​ដឹង​ថា គ្រួសារ​កសិករ​មួយ​នៅ​ភូមិ​ពោង ឃុំ​សំបួរមាស ស្រុក​មុខកំពូល បាន​ត្រូវ​ចោរលួច​ក្របី​ពី​ក្រោល​អស់​៥​ក្បាល និង​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៥​និង​៤០​នាទី​ភ្លឺ​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២០ ខណៈ​ម្ចាស់​ងើប​ពី​ដំណេក​។

ស្ត្រី​ឈ្មោះ អុ​ន សុខ​ជា អាយុ​៣២​ឆ្នាំ ជាម្ចាស់​ក្របី រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា ប្ដី​ប្រពន្ធ​គាត់​ចិញ្ចឹម​ក្របី​ចំនួន​៧​ក្បាល គឺ​មេ​៤​ក្បាល កូន​២​ក្បាល និង​ឈ្មោល​១​ក្បាល ។ ជា​រៀងរាល់ថ្ងៃ នៅ​វេលា​ម៉ោង​៥​ទៅ​៦​ព្រឹក គាត់​តែង​ដឹក​ក្របី​ចេញពី​ក្រោល​ទៅ​ចង​និង​លែង​ឲ្យ​ស៊ី​ស្មៅ​នៅ​ក្រោយ​ផ្ទះ រហូត​វេលា​ម៉ោង​៥​ល្ងាច​ទើប​ដឹក​ចូល​ក្រោល​វិញ ។

នៅ​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០២០ គាត់​បញ្ចូល​ក្របី​ក្នុង​ក្រោល និង​ចង​បិទទ្វារ​របង​ខាងក្រោម​ផ្ទះ​ដូច​សព្វដង រួច​ក៏​ចូល​ដាំបាយ​ហូប​ជាមួយ​ក្រុមគ្រួសារ ។ បន្ទាប់​មក រូប​គាត់​និង​ប្តី​នាំ​គ្នា​ទៅ​ចូលរួម​ពិធីបង្កក់កូន​គេ​នៅផ្ទះ​ឈ្មោះ អុ​ន វិចិត្រ ហើយ​មានការ​ផឹកស៊ី​នៅ​ទីនោះ ។ រហូត​ដល់​វេលា​ម៉ោង​ប្រមាណ​៩​យប់ គាត់​ក៏​មក​ផ្ទះ​មុន​ប្តីដើម្បី​មើល​កូន ដែល​ពេល​មក​ដល់​ទៅ​មើល​ក្របី​ក្នុង​ក្រោល​ឃើញ​នៅ​ទាំងអស់ ហើយ​គាត់​ក៏​ឡើង​ទៅ​ដេក​នៅ​លើ​ផ្ទះ​ជាមួយ​កូន​ទៅ ។

លុះ​នៅ​ម៉ោង​ប្រហែល​១១​យប់ ប្ដី​គាត់​មក​ពី​ចូលរួម​កម្មវិធី​ដល់​ផ្ទះ​វិញ ទៅ​មើល​ក្របី​ក្នុង​ក្រោល​ក៏​ឃើញ​នៅ​ទាំងអស់​ដែរ រួច​ក៏​ឡើង​លើ​ផ្ទះ​ចូល​ដេក​ដែរ​ទៅ ។

នៅ​វេលា​ម៉ោង​ប្រមាណ​៥​និង​៤០​នាទី​ភ្លឺ គាត់​មាន​បំណង​ទៅ​បោះ​បាយបិណ្ឌ ក៏​ដាស់​ប្ដី​ឲ្យ​ដឹក​ក្របី​ចេញពី​ក្រោល​យក​ទៅ​ចង​ឲ្យ​ស៊ី​ស្មៅ ពេល​នោះ​ស្រាប់តែ​ប្ដី​ស្រែក​ទាំង​រំជួលចិត្ត​ថា ក្របី​យើង​បាត់​អស់ហើយ ។ ពេល​នោះ​ក៏​មានការ​ផ្អើល​ឆោឡោ​ឡើង និង​បាន​ទូរ​សព្ទ័​ប្រាប់​បងប្អូន​ចែកផ្លូវ​គ្នា​ដើរ​រក និង​ទូរស័ព្ទ​ទៅ​ប្តឹង​នគរបាល​ប៉ុស្ដិ៍​សំបួរមាស​ភ្លាម​ៗ​ដែរ ប៉ុន្តែ​ស្ងាត់​ដូច​ចោរ​លួច​សេះ មិនដឹង​ថា​ចោរ​ដឹក​ក្របី​ចេញពី​ក្រោល​តាំងពី​ថ្មើរ​ណា​ទេ ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ កម្លាំង​នគរ​បាល​ប៉ុស្តិ៍​បាន​សហការ​ជាមួយ​កម្លាំង​យុត្តិធម៌​ស្រុក ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​និង​ស្វែង​រកមុខ​សញ្ញា​ជាមួយ​ម្ចាស់​ក្របី ។ ពេល​នោះ​ក៏​បាន​រក​ឃើញ​កូន​ក្របី​ចំនួន​២​ក្បាល ដែល​ចោរ​លែង​ចោល​ទំនង​ដឹក​ទៅ​មិន​រួច ចំណែក​មេ​ចំនួន​៤ ក្បាល​និង​ឈ្មោល​១​ក្បាល​ស្ថិត​នៅ​ដៃ​ចោរ​នៅឡើយ​ទេ ។

ទោះជា​យ៉ាងណា ករណី​នេះ​មន្ត្រី​នគរបាល​ជំនាញ​និង​នគរបាល​ប៉ុស្តិ៍ កំពុង​ដុតដៃដុតជើង​បន្ត​ស្រាវជ្រាវ​រកមុខ​សញ្ញា ដើម្បី​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ