ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ទទួល​បាន​សុខ​សន្តិភាព​ពេញ​លេញ ​គឺជា​រយៈកាល​នៃ​សុខ​សន្តិភាព

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្តាល ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពល​ខេ​មរ​ភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បាន​ថ្លែង​ថា កម្ពុជា​ទទួល​បាន​សុខ​សន្តិភាព​ពេញលេញ គឺជា​រយៈកាល​នៃ​សុខ​សន្តិភាព…

ខេត្តកណ្តាល ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពល​ខេ​មរ​ភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បាន​ថ្លែង​ថា កម្ពុជា​ទទួល​បាន​សុខ​សន្តិភាព​ពេញលេញ គឺជា​រយៈកាល​នៃ​សុខ​សន្តិភាព ។ ឯកឧត្តម ហុ​៊​ន ម៉ា​ណែ​ត បាន​ថ្លែង​បែប​នេះ កាលថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ក្នុង​ឱកាសប្រារព្ធ​ខួប​អនុស្សាវរីយ៍​គម្រប់​៣០​ឆ្នាំ ថ្ងៃ​បង្កើតវរ​សេនា​តូច​លេខ​២៤៦ និង​គម្រប់​ខួប​១១​ឆ្នាំ​ថ្ងៃ​បង្កើត​បញ្ជាការដ្ឋាន​អង្គរក្ស ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​សម្តែង​នូវ​ការ​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់​ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ និង​យោធិន​ទាំង​អស់នៃ​បញ្ជាការដ្ឋាន​អង្គរក្ស ដែល​បាន​ខិតខំ​បំពេញ​ភារកិច្ច​និង​សម្រេច​បាន​នូវ​ការ​កសាង​ពង្រឹង​អង្គ​ភាពរឹងមាំ​លើ​គ្រប់​វិស័យ ។ ជា​ពិសេស ការ​យកចិត្តទុកដាក់​លើ​ការងារ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​ធនធានមនុស្ស និង​ការ​កសាង​ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ​នានា បម្រើ​ឱ្យ​ការ​បំពេញ​ភារកិច្ច និង​ជីវភាព សុខមាលភាព​របស់​យោធិន និង​គ្រួសារ​យោធិន ។

ជាមួយ​នេះ ក៏​បាន​បង្ហាញ​ឱ្យ​ឃើញ​អំពី​សាមគ្គី​ឯកភាព​ភាព​ផ្ទៃក្នុង​ល្អ​រវាង​មេបញ្ជាការ មេបញ្ជាការ​រង ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និង​ពល​ទាហាន​របស់​បញ្ជាការ​ដ្ឋាន​អង្គរក្ស ធានា​បាន​នូវ​និរន្តរភាព​របស់​អង្គភាព​ក្នុង​ការ​សម្រេច​ភារកិច្ច​បម្រើ​ជាតិ មាតុភូមិ និង​ប្រជាជន ព្រមទាំង​ការ​ការពារ​សន្តិសុខ សុ​វ​តិ្ថ​ភាព​ជូន​ប្រមុខ​រាជរដ្ឋាភិបាល ថ្នាក់​ដឹកនាំ​ជាតិ​-​អន្តរជាតិ ក្នុង​កិច្ចប្រជុំ និង​ព្រឹ​ត្ត​ការណ៍​ថ្នាក់​ជាតិ និង​អន្តរជាតិ​នានា ។

ឯកឧត្តម​ថ្លែង​ទៀត​ថា ក្នុង​រយៈពេល​ជាង​៤០​ឆ្នាំ ក្រោយ​ការ​ដួល​រលំ​នៃ​របប​ខ្មែរក្រហម និង​ជាង​២០​ឆ្នាំ​ក្រោយ​ការ​បញ្ចប់​សង្គ្រាមស៊ីវិល​ដ៏​រ៉ាំរ៉ៃ​កន្លង​មកនេះ ប្រទេស​កម្ពុជា​បាន​ឆ្លងកាត់​នូវ​ឧ​ប​សគ្គ និង​ការ​លំបាក​ស្មុគស្មាញ​ជាទី​បំផុត នៅ​ក្នុង​ដំណើរការ​កសាង​និង​អភិវឌ្ឍ​ប្រទេស ។ ជា​ពិសេស ការ​ខិតខំ​ពុះពារ​ធ្វើ​យ៉ាងណា​ធានា​ឱ្យ​បាន​ដាច់ខាត​នូវ​បរិយាកាស​នយោបាយ​មួយ​ប្រកបដោយ​ស្ថិរភាព សន្តិសុខ និង​របៀបរៀបរយ ដើម្បី​ជា​មូលដ្ឋាន​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ។

ជាមួយ​គ្នា​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន ប្រកាន់​ជំហរ​ម៉ឺងម៉ាត់ រឹង​មាំ ការពារ​ឲ្យ​បាន​ដាច់​ខាត​នូវ​ឯករាជ្យ អធិបតេយ្យ សុខ​សន្តិភាព ស្ថិរ​ភាព សន្តិសុខ ដោយ​បន្ត​ធានា​បាន​នូវ​ជីវភាព​សង្គម និង​និរន្តរភាព​នៃ​ស្ថាប័ន​កំពូល​របស់​ជាតិ​ដែល​ស្តែង​ឡើង​តាម​រយៈ​ភាព​ប្រក្រតី​នៃ​ស្ថាន​ភាព​នយោ​បាយ សេដ្ឋកិច្ច ការទូត វប្បធម៌ វិ​និ​យោគ និង​ទេសចរណ៍ ការ​ទប់ស្កាត់ និង​បញ្ចៀស​បាន​​នូវ​អំពើ​ភេរវកម្ម ។ អ្វី​ដែល​ពិសេស​ជាង​នេះ​គឺ រហូត​មក​ដល់​ពេល​នេះ​កម្ពុជា​អាច​គ្រប់គ្រង និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​បាន​យ៉ាង​ល្អ​ប្រសើរ ដោយ​មាន​អត្រា​ឆ្លង​ទាប និង​គ្មាន​ការ​ចម្លង​ក្នុង​សហគមន៍ មាន​ករណី​ជា​សះស្បើយ​យ៉ាងច្រើន និង​មិន​ទាន់​មាន​ករណី​ស្លាប់ ហើយ​ក៏​មិន​ទាន់​មាន​យោធិន​ក្នុង​ប្រទេស​ណា​ម្នាក់​រង​គ្រោះ​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ នៅឡើយ​ទេ ។

ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ យើង​ក៏​មិន​បាន​ធ្វេសប្រហែស និង​មើល​ស្រាល​ចំពោះ​ស្ថានការណ៍​ដែល​នៅ​តែ​បន្ត​ឆ្លង​រាតត្បាត​នៅឡើយ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បន្ត​ការ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​គ្រប់​រូប គ្រប់​បណ្តា​ស្ថាប័ន កងឯកភាព​ទ័ព ត្រូវ​តែ​បន្ត​ការ​ប្រុង​ប្រយ័ត្ន​បង្កើន​ការ​យកចិត្តទុកដាក់​ខ្ពស់ និង​ត្រៀម​ទប់ស្កាត់​គ្រប់ពេលវេលា ចំពោះ​ការ​ងើបឡើង​វិញ​នៃ​ជំងឺ​កូ​វី​ដ​-១៩ ។

ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ថ្លែង​បន្ត ប្រទេស​កម្ពុជា​ទទួល​បាន​សុខ​សន្តិភាព​ពេញលេញ​ក្នុង​រយៈ​កាល​ជាង​២០​ឆ្នាំ​មក​ទល់​សព្វ​ថ្ងៃនេះ គឺជា​រយៈកាល​នៃ​សុខ​សន្តិភាព​ដ៏​យូរ និង​ពុំ​ធ្លាប់​កើត​មាន​ទ្បើ​ង​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស ។

សន្តិភាព​ដែល​ទទួល​បាន​មក​ដោយ​ការ​លំបាក និង​មានការ​លះបង់​ខ្ពស់​ពី​សំណាក់​ស្ថាបនិក​គ្រប់​រូប​នៃ​នយោបាយ​ឈ្នះ ឈ្នះ បាន​នាំ​មក​នូវ​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ជូន​ប្រជាជន​ទូ​ទាំង​ប្រទេស និង​បាន​បង្ក​លក្ខណៈ​ឱ្យ​ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវ​ភាព​ដោយ​ភាព​សុខសាន្ត រស់នៅ​ប្រកបដោយ​ភាព​ថ្លៃថ្នូរ មានឱកាស​ប្រារព្ធ​ធ្វើបុណ្យ​ទាន និង​គោរព​ប្រតិបត្តិ​សាសនា​នានា​តាម​ជំនឿ ។

ដូច្នេះ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ដែល​ជា​ខែល​ដ៏​សំខាន់ និង​រឹង​មាំ​ក្នុង​ការ​ថែរក្សា​ខឿន​ការពារ​ប្រទេស​ជាតិ ប្រជាពលរដ្ឋ ការពារ​សិទ្ធិ​សេរីភាព ស្រប​តាម​នីតិរដ្ឋ ត្រូវ​គោរព​នូវ​តួនាទី ភារកិច្ច​ចាំបាច់​របស់​ខ្លួន ក្នុង​ការ​ថែរក្សា​ការពារ​សន្តិភាព​នេះ​ឱ្យ​មាន​អាយុកាល​យូរអង្វែង​ទៅ​អនាគត ដោយ​រក្សា​បាន​នូវ​ស្មារតី​ជាតិនិយម បេ្ត​ជ្ញា​ស្មោះត្រង់​ចំពោះ​ជាតិ សាសនា ព្រះ​ហា​ក្សត្រ និង​រាជរដ្ឋាភិបាល​ស្របច្បាប់ រួម​ជាមួយ​ការ​ពង្រឹងសមត្ថភាព​ផ្ទាល់ខ្លួន និង​ម្ចាស់​ការ​ក្នុង​ការ​ធានា​ដល់​ការ​ហ្វឹកហ្វឺន ការ​ត្រៀម​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី មាន​សាមគ្គីភាព​ផ្ទៃក្នុង​ខ្ពស់ និង​ប្រឆាំង​ដាច់ខាត​នូវ​រាល់​សកម្មភាព​ទាំង​ទ្បា​យ​ណា​ដែល​បង្ក​ដល់​ការ​បំផ្លិចបំផ្លាញ​នូវ​សន្តិភាព​ដ៏​ស្រស់បំព្រង​នេះ ។

ឯកឧត្តម​បាន​បញ្ចា​ក់​បន្ថែម​ថា ទោះបីជា​មាន​ការ​ប្រមាថ​មក​លើ​កងកម្លាំងប្រដាប់អាវុធ​ជាតិ​ពី​សំណាក់​ក្រុម​ជន​មួយ​ក្តាប់​តូច​យ៉ាងណា​ក៏​ដោយ ក៏​ស្មារតី​មុតមាំ បេ្ត​ជ្ញា​ស្មោះត្រង់​ក្នុង​ការ​ការពារ​សន្តិភាព ការពារ​ភាព​សុខដុមរមនា ការពារ​អាយុ​ជីវិត​ប្រជាពលរដ្ឋ និង​សិទ្ធិ​សេរីភាព​ដោយ​ផ្អែក​ទៅ​លើ​នីតិរដ្ឋ នៅ​តែ​គោលដៅ​អាទិភាព​របស់​កងកម្លាំងប្រដាប់អាវុធ​យើង​គ្រប់​ប្រភេទ ហើយ​គោលដៅ​បន្ទាប់ គឺ​ធានា​នូវ​ភាព​សុខសាន្ត​ក្នុង​សង្គម​ជាតិ និង​ការ​អភិវឌ្ឍ​ប្រទេស ។ ការ​ថែរក្សា
នូវ​ចីរភាព និង​វិបុលភាព​នៃ​សន្តិភាព​នេះ គឺជា​កាតព្វកិច្ច​របស់​យើង​គ្រប់​គ្នា ទាំង​កងកម្លាំង​ប្រ
ដាប់​អាវុធ ក៏​ដូច​ជា​មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់ ព្រមទាំង​ប្រជាពលរដ្ឋ​ទាំងអស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ