ខេត្តព្រៃវែង ៖ នាព្រឹកថ្ងៃទី៩ កញ្ញា ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបានដឹកនាំមន្ត្រីនគរបាលអន្តោប្រវេសន៍ជាច្រើនរូបចុះពិនិត្យមើលការសាងសង់អគារធ្វើការ និងអគារស្នាក់នៅរបស់មន្ត្រីច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ដែលស្ថិតនៅក្នុងឃុំគ្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង ។
ប្រភពព័ត៌មានពីមន្ត្រីដែលប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ បានឱ្យដឹងថា ការសាងសង់អគារនៅមាត់ច្រកទ្វារនេះ បានចាប់ផ្តើមធ្វើឡើងតាំងពីដើមខែមករា ២០២០មកម៉្លេះ ។ មកដល់ពេលនេះសម្រេចបាន៩០%ហើយ ក្នុងនោះមានទាំងអគាររដ្ឋបាល និងអគារសម្រាប់ឱ្យមន្ត្រីទាំងអស់ស្នាក់នៅផងដែរ។ លោកថា អគារនីមួយៗមានបំពាក់ទៅដោយគ្រឿងសង្ហារិម និងគ្រឿងបរិក្ខារទំនើបៗជាច្រើន ដើម្បីបង្កលក្ខណៈងាយស្រួលដល់មន្ត្រីទាំងអស់ ក្នុងការបំពេញការងារតួនាទីរបស់ខ្លួនឱ្យមានប្រសិទ្ធភាព ។
ក្នុងឱកាសនោះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធិ ក៏បានជំរុញឱ្យក្រុមហ៊ុនដែលទទួលការសាងសង់ខិតខំពន្លឿនការងារសាងសង់នេះឱ្យបានឆាប់រួចរាល់ ព្រោះថាច្រកទ្វារអន្តរជាតិម៉ឺនជ័យនេះ ត្រៀមនិងធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅដើមខែតុលាខាងមុខនេះហើយ ។
គួរបញ្ជាក់ផងដែរ ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យនេះ គឺជាច្រកទ្វារដែលមានអគារត្រួតពិនិត្យបែបបទ ច្រកចេញ-ចូលដាច់ដោយឡែកពីគ្នា ដោយបានចាប់ផ្តើមសាងសង់ឡើងតាំងពីដើមខែមករា ឆ្នាំ២០២០ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ខាងមុខនេះ ។ ខណៈពេលនេះការសាងសង់សម្រេចបានប្រហែលជា៩០%ភាគរយហើយដឹងទាន់ឬមិនទាន់ទេ ៕
ចែករំលែកព័តមាននេះ