ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ថា ១​ឆ្នាំ​ដំបូង​ស្ទើរ​យំ​លែង​ចេញ ​តែ​ឥឡូវ​ជីវភាព​ធូរធា​ពីរ​បរ​ភ្ញា​ល់​កូន​​មាន់ (​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កសិករ​វ័យ​ចំណាស់​១​គ្រួសារ បាន​ប្រកប​របរ​ចិញ្ចឹមសត្វ​មាន់ ដើម្បី​ភ្ញាស់​ពង​លក់​កូន​តូច​ៗ មានការ​កាក់កប និង​អាច​រក​ប្រាក់​ចំណូល​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ ។ លើស​ពី​នេះ គាត់​អាច​សន្សំ​ប្រាក់​សម្រាប់​ទិញ​ម៉ាស៊ីន​ភ្ញាស់​ពងមាន់​ផ្ទាល់ខ្លួន…

ខេត្ត​ប៉ៃលិន ៖ កសិករ​វ័យ​ចំណាស់​១​គ្រួសារ បាន​ប្រកប​របរ​ចិញ្ចឹមសត្វ​មាន់ ដើម្បី​ភ្ញាស់​ពង​លក់​កូន​តូច​ៗ មានការ​កាក់កប និង​អាច​រក​ប្រាក់​ចំណូល​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ ។ លើស​ពី​នេះ គាត់​អាច​សន្សំ​ប្រាក់​សម្រាប់​ទិញ​ម៉ាស៊ីន​ភ្ញាស់​ពងមាន់​ផ្ទាល់ខ្លួន រហូត​ដល់​២​គ្រឿង​ទៀត​ផង ហើយ​អាច​រក​ប្រាក់​ចំណូល​បាន​ក្នុង​១​ខែ​ៗ​ប្រហែល​៣០០​ដុល្លារ និង​ជួនកាល​ក៏​អាច​លើស​នេះ ដោយ​មិន​ភ័យ​ព្រួយ​ពី​ការ​ខ្វះខាត​នោះ​ឡើយ ។

ជួប​ជាមួយ​ភ្នាក់ងារ​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០២០ ស្ត្រី​ម្នាក់​ឈ្មោះ ភួង ថា អាយុ​៧០​ឆ្នាំ មាន​ប្តី​ឈ្មោះ ណូ​ស សាន់ អាយុ​៨៣​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន បាន​រៀបរាប់​ឱ្យ​ដឹង​ថា ៖ គ្រួសារ​វ័យ​ចំណាស់​របស់​គាត់​បាន​ប្រកប​របរ​ចិញ្ចឹម​មេមាន់ ភ្ញាស់​កូន​លក់​អស់​រយ​:​ពេល​២​ឆ្នាំ​មក​ហើយ ដោយនៅ​ឆ្នាំ​ដំបូង គាត់​មានការ​បរាជ័យ​យ៉ាង​ខ្លាំង ស្ទើរតែ​អស់​រនូត​អស់​រនាប​យំ​លែង​ចេញ ពោល​គឺ​គ្មាន​សល់​ថវិកា​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​នោះ​ឡើយ ។

គាត់​បន្ត​ទៀត​ថា មូលហេតុ ដែល​នាំ​ឱ្យ​គាត់​បរាជ័យ​បែប​នេះ គឺ​ដោយសារ​តែ​អត់​ចេះ​ពី​របៀប​នៃ​ការ​ថែទាំ​កូន​មាន់ មិន​ចេះ​ដាក់​ភ្លើង​កំ​ដៅ អត់​ចេះ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​អុត ជំងឺ​ផ្តាសាយ បណ្តាល​ឱ្យ​កូន​មាន់​ងាប់​អស់​រាប់​ពាន់​ក្បាល ។ កាលពី​គាត់​ចាប់ផ្តើម​ចិញ្ចឹម​ដំបូង​នៅ​ឆ្នាំ​២០១៩ គាត់​បាន​ដាក់​មេមាន់​ចំនួន​៦០​ក្បាល ហើយ​អត់​មាន​ទូ​ភ្ញាស់​ត្រឹមត្រូវ​នោះ​ឡើយ ភ្ញាស់​តាម​របៀប​ធម្មជាតិ លុះ​បំបែក​ពី​មេ​អត់​មានកំ​ដៅ​គ្រប់គ្រាន់ ធ្វើ​ឱ្យ​កូន​មាន់​រងា​ងាប់​ជា​បន្តបន្ទាប់ ។

គាត់​បន្ត​ទៀត​ថា លុះ​ក្រោយ​ពី​រក​ថវិកា​បាន​មួយ​ចំនួន គាត់​ក៏​ទិញ​ទូ​ភ្ញាស់​ចំនួន​២​គ្រឿង ហើយ​រៀនសូត្រ​តាម​យូ​ធូប និង​មានការ​ពន្យល់​ពី​ម្ចាស់​ទូ​ភ្ញាស់ ទើប​ធ្វើ​ឱ្យ​គាត់​យល់​កាន់តែ​ច្បាស់ រហូត​មក​ដល់​ឆ្នាំ​២០២០​នេះ គាត់​ចេះ​ពី​របៀប​ថែទាំ និង​ចេះ​ប្រើ​ថ្នាំ​ព្យាបាល ទើប​ធ្វើ​ឱ្យ​កូន​មាន់​របស់​គាត់​កើតមក គឺ​រស់​ទាំងអស់​មិន​មាន​ងាប់​ច្រើន​ដូច​ពី​មុន​ឡើយ ។

គាត់​បញ្ជាក់​ទៀត​ថា ៖ ការ​លក់​កូន​មាន់ គឺ​បន្ទាប់​ពី​កូន​ញាស់​បាន​រយ​:​ពេល​២១​ថ្ងៃ ដោយ​មានការ​ចាក់​ថ្នាំ​វ៉ាក់សាំង​រួចរាល់ មាន​ម៉ូយ​មក​ពី​ក្នុង​ក្រុងប៉ៃលិន ទិញ​យក​ទៅ​ចិញ្ចឹម ដោយ​លក់​១​ក្បាល​តម្លៃ​៥០០០​រៀល រីឯ​ពងមាន់ គាត់​លក់​១​គ្រាប់​តម្លៃ​១៥០០​រៀល ។ រហូត​មក​ដល់​ពេល​នេះ បទ​ពិសោធន៍​នៃ​ការ​ចិញ្ចឹម​កូន​មាន់​របស់​គាត់​កាន់តែ​ច្បាស់ ធ្វើ​ឱ្យ​គាត់​អាច​លក់​កូន​មាន់បាន​ប្រាក់​ចំណូល​ក្នុង​១​ខែ​ៗ ប្រហែលជា​៣០០​ដុល្លារ ហើយ​គាត់​ក៏​បន្ត​ពង្រីក​ទ្រុង​បន្ថែម​ទៀត នៅ​លើ​ដី​ខាងក្រោយ​ផ្ទះ​របស់​ខ្លួន ។

គាត់​ក៏​សំណូមពរ​ឱ្យ​មាន​អង្គការ ឬ​ខាង​មន្ទីរ​កសិកម្ម​ជួយ​បង្រៀន​គាត់​បន្ថែម​ទៀត ដើម្បី​ឱ្យ​គាត់​មាន​ជំនាញ​ច្បាស់លាស់ ហើយ​ក៏​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុងប៉ៃលិន ដែល​មាន​ចំណាប់អារម្មណ៍​ចង់​ចិញ្ចឹមសត្វ​មាន់​ស្រែ អាច​ទិញ​កូន​មាន់​របស់​គាត់​យក​ទៅ​ចិញ្ចឹម ព្រោះ​ជា​ប្រភេទ​មាន់​ស្រែ តែ​មាន​មាឌធំ និង​មាន​ទម្ងន់​ធ្ងន់ គាត់​ក៏​មាន​លក់​ចំណី​ធម្មជាតិ សម្រាប់​ដាក់​ឱ្យ​កូន​មាន​ស៊ី​ឆាប់​ធំ​លឿន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ