ខេត្តតាកែវ ៖ សមត្ថកិច្ចអាវុធហត្ថខេត្តតាកែវ បានឆ្មក់បង្ក្រាបទីតាំងចែកចាយសារធាតុញៀនមួយកន្លែង នៅភូមិស្មោង ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ កាលពីរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ នេះ ដោយដកហូតបានសារធាតុញៀនចំនួន៥០១ក្រាម ស្មើនឹងកន្លះគីឡូក្រាម និងឃាត់ខ្លួនស្ត្រីម្នាក់ ។
ការឆ្មក់បង្ក្រាបបានទីតាំងចែកចាយគ្រឿងញៀនដ៏ធំនៅក្នុងស្រុកទ្រាំងនេះ គឺមានការដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការងកងរាជអាវុធហត្ថខេត្ត និងរួមសហការដោយការសម្របសម្រួលនីតិវិធីច្បាប់ដោយលោក ទេព មុនិន្ទ ព្រះរាជ្ញារងអមអាយ្យការសាលាដំបូងខេត្តតាកែវ ទើបឈានទៅដល់ការបង្ក្រាបទីតាំងចែកចាយនៅសារធាតុញៀនដុះស្លែនេះបានជោគជ័យ ។
លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ បានឱ្យដឹងថា ការបង្ក្រាបទីតាំងចែកចាយសារធាតុញៀនដុះស្លែខាងលើនេះបាន គឺដោយសារការទទួលដំណឹងពីភ្នាក់ងារសម្ងាត់ ក្រោយមកលោកក៏ដឹកនាំកម្លាំងចុះឡោមព័ទ្ធទីតាំង និងមានការសហការសម្របសម្រួលនីតិវិធីដោយលោកព្រះរាជ្ញារង ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យជាស្ត្រីម្នាក់ឈ្មោះ ប៉ាល់ ថាវ អាយុ២៣ឆ្មាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ និងដកហូតបានម្សៅក្រាម.សថ្លា ចំនួន១៤កញ្ចប់ មានទម្ងន់៥០១ក្រាម ស្មើនឹងកន្លះគីឡូក្រាម ជញ្ជីងថ្លឹង២ និងទូរស័ព្ទដៃ ១គ្រឿង ។
នៅចំពោះមុខសមត្ថកិច្ចស្ត្រីសង្ស័យបានសារភាពថា ថ្នាំញៀនទាំងនេះ មិនមែនជារបស់នាងនោះទេ គឺជារបស់ប្តីនាងមានឈ្មោះ មេង សេងហ៊ុយ ដែលបានរត់គេចខ្លួនបាត់ បន្ទាប់ពីក្រុមសមត្ថកិច្ចបានចូលមកដល់ក្នុងផ្ទះ ។
ចំពោះករណីនេះដែរ លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ បានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យជាស្ត្រី រួមជាមួយវត្ថុតាងទៅតុលាការ ចំណែកឯជនសង្ស័យជាប្តី កម្លាំងជំនាញកំពុងធ្វើសាវតារ ដើម្បីសុំគោលការណ៍ពីតុលាការ ធ្វើការតាមចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមច្បាប់ ។
ចែករំលែកព័តមាននេះ