ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​សង់​ផ្លូវ​៣៨​ខ្សែ ក្នុង​ក្រុង​សៀមរាប​ត្រូវ​ប្រើ​ថវិកា​ប្រមាណ​​១០០ ទៅ​១៥០ លាន​ដុល្លារ​អា​មេ​រិ​ក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ទីស្តីការក្រសួង​បាន​បើក​កិច្ចប្រជុំ នា​ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០២០ ស្តី​ពី​គម្រោង​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ក្នុង​ទីក្រុង​សៀមរាប ដែល​រាជរដ្ឋាភិបាល​បាន​សម្រេច​បញ្ចេញ​កញ្ចប់​ថវិកា​ប្រមាណ​ពី​១០០ ទៅ​១៥០…

រាជធានី​ភ្នំពេញ ៖ នៅ​ទីស្តីការក្រសួង​បាន​បើក​កិច្ចប្រជុំ នា​ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០២០ ស្តី​ពី​គម្រោង​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ក្នុង​ទីក្រុង​សៀមរាប ដែល​រាជរដ្ឋាភិបាល​បាន​សម្រេច​បញ្ចេញ​កញ្ចប់​ថវិកា​ប្រមាណ​ពី​១០០ ទៅ​១៥០ លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​គម្រោង​សាងសង់​ផ្លូវ​ចំនួន​៣៨​ខ្សែ ក្នុង​ក្រុង​សៀមរាប ។

ក្នុង​គោលបំណង​ប្រែក្លាយ​ក្រុង​មួយ​នេះ​ឱ្យ​ក្លាយជា​ទីក្រុង​ដែល​ពោរពេញ​ដោយ​សោភ័ណ​ភាព​បរិស្ថាន​ល្អ ជំរុញ​ការ​បង្កើត​ការងារ និង​លើក​ស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ ព្រមទាំង​ជំរុញ​កំណើន​ភ្ញៀវ​ទេសចរ និង​កំណើន​សេដ្ឋកិច្ចជាតិ ក្រោយ​វិបត្តិ​ជម្ងឺ​កូ​វី​ដ​-១៩ ។

គម្រោង​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្នុង​ទីក្រុង ក្នុង​ទីរួមខេត្ត​សៀមរាប​នេះ​មាន​ចំនួន​៣៨​ខ្សែ មាន​ប្រវែង​សរុប​៩៨,៣៤​គីឡូម៉ែត្រ ហើយ​គម្រោង​នេះ​គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២១ ។ គម្រោង​នេះ​គ្រោង​នឹង​សិក្សា​សាងសង់​ផង​ដែរ​នូវ​ប្រព័ន្ធ​លូ ចិញ្ចើម​ផ្លូវ ផ្លូវ​ថ្មើរជើង ផ្លូវ​ជិះ​កង់ ចំណតរថយន្ត ប្រព័ន្ធ​បំភ្លឺ​ផ្លូវ​សាធារណៈ ផ្លា​ក​សញ្ញា និង​គំនូស​ចរាចរណ៍​ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព អាច​ចម្រោះ​ទឹក​កខ្វក់ និង​ការ​ធ្វើ​សួន និង​ដាំ​ដើមឈើ ។

ការ​ស្តារ​ឡើង​វិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ ជា​ការ​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ មិន​ធ្លាប់​មាន​ពី​មុន​មក​ក្នុង​ការ​ស្ថាបនា​ផ្លូវ​ទូ​ទាំង​ក្រុង​សៀមរាប​បែប​នេះ ហើយ​នេះ គឺជា​ការ​បង្ហាញ​នូវ​ការ​យកចិត្តទុកដាក់​ពី​ប្រមុខ​រាជរដ្ឋាភិបាល ក្នុង​ការ​ប្រែក្លាយ​ទីក្រុង​វប្បធម៌​ប្រវត្តិសាស្ត្រ ដ៏​សម្បូរ​បែប​មួយ​នេះ​ឲ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរ និង​ការ​វិនិយោគ​បន្ថែម​ទៀត ស្រប​ទៅ​នឹង​គោលនយោបាយ​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល ។

អង្គប្រជុំ​បាន​សម្រេច​ឯកភាព​គ្នា​ថា ប្លង់​នៃ​ការ​សិក្សា​លម្អិត និង​ផែនការ​នៃ​ការ​អនុវត្ត​គម្រោង​នេះ​នឹង​ត្រូវ​បង្ហាញ​ជូន​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​អន្ដរក្រសួង ដើម្បី​សិក្សា និង​អនុវត្ត​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន​៣៨​ខ្សែ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ក្រុង​សៀមរាប នា​ថ្ងៃ​ទី​២៣ ខែកញ្ញា ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ