ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្និសីទ​ផ្សព្វផ្សាយ​បញ្ជី​ក្រហម​ស្ដី​ពី​វត្ថុ​បុរាណ​ខ្មែរ​ដែល​ប្រឈម​នឹង​គ្រោះថ្នាក់

14 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​សារមន្ទីរ​ជាតិកាលពី​ថ្ងៃ​ទី​៩ កុម្ភៈ បាន​រៀបចំ​ធ្វើ​សន្និសីទកាសែត​ស្ដី​ពី​ការ​ផ្សព្វផ្សាយ​បញ្ជី​ក្រហម​ជាភាសា​ អង់គ្លេស​ដែល​នៅ​ក្នុង​បញ្ជី​នោះ​មានរាយ​ប្រភេទ​វត្ថុ​បុរាណ​របស់​ខ្មែរ​ដែល ​ប្រឈម​នឹង​គ្រោះថ្នាក់ ក្រោម​អធិបតីភាព​លោក​ជុច ភឿន រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និងវិចិត្រ សិល្បៈ ។

រាជធានី​ភ្នំពេញ ៖ នៅ​សារមន្ទីរ​ជាតិកាលពី​ថ្ងៃ​ទី​៩ កុម្ភៈ បាន​រៀបចំ​ធ្វើ​សន្និសីទកាសែត​ស្ដី​ពី​ការ​ផ្សព្វផ្សាយ​បញ្ជី​ក្រហម​ជាភាសា​អង់គ្លេស​ដែល​នៅ​ក្នុង​បញ្ជី​នោះ​មានរាយ​ប្រភេទ​វត្ថុ​បុរាណ​របស់​ខ្មែរ​ដែល​ប្រឈម​នឹង​គ្រោះថ្នាក់ ក្រោម​អធិបតីភាព​លោក​ជុច ភឿន រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និងវិចិត្រ សិល្បៈ ។

សន្និសីទកាសែត​នោះ​ធ្វើ​ឡើងជា​ភាសា​អង់គ្លេស និង​បារាំង​ឯ​ឯកសារ​បញ្ជី​ក្រហមនោះ​ក៏​ជា​ភាសា​អង់គ្លេស​ធ្វើ​ឱ្យ​អ្នក​សារព័ត៌មាន​ដែល​ជា​ជនជាតិ​ខ្មែរ​អត់​មាន​អ្នក​ណាអាច​ឡើង​សួរ​បាន​ឡើយ ។ ដូច្នេះ​អ្នក​សារព័ត៌មាន​ទាំងនោះ​អត់​ស្ដាប់​បាន​ថា សន្និសីទកាសែត​និយាយ​អំពី​អ្វីខ្លះ​ទេ ។ 
ក្នុង​កិច្ច​សំភាសន៍​ដាច់​ដោយឡែក​មួយលោក​ហាប់ ទូច ប្រធាន​នាយកដ្ឋាន​សារមន្ទីរ​បានឱ្យ​ដឹង​ថា បញ្ជី​ក្រហម​ត្រូវ​បាន​បោះពុម្ព​ជា​ច្រើន​ភាសាក្នុង​នោះ​ក៏​មាន​ជា​ភាសាខ្មែរ​ដែរ តែ​ដោយសារ​ភាសា​ខ្មែរ​មាន​ខុសបច្ចេកទេស​ខ្លះ​ៗ​ក៏​ត្រូវ​រៀបចំ​បោះពុម្ព​សាជា​ថ្មី​ឡើង​វិញ ។ បញ្ជី​នេះ​រៀបរាប់​អត្ថា​ធិប្បាយ​លើ​វត្ថុ​បុរាណ​ខ្មែរ​ចំនួន​បួន​ប្រភេទ ដែល​ធ្វើ​អំពី​ថ្មលោហធាតុ ឈើ និង​ដី​ដុតហើយ​កំពុង​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ក្នុងការ​បាត់បង់​ពី​កម្ពុជា ។ វត្ថុ​បុរាណ​ទាំង​បួនប្រភេទ​នោះ គឺ​ស្ថិត​នៅ​ក្នុង​សម័យ​ខុស​ៗ​គ្នា។ បញ្ជី​នោះ​គ្រាន់តែ​ជា​ជំនួយស្មារតី​ឱ្យ​មានការយល់​ដឹង​ខ្លះ​ៗ​អំពី​វត្ថុ​បុរាណ​ខ្មែរ​សំរាប់​អ្នកអនុវត្ដ​ច្បាប់​មួយ​ចំនួន​ដូច​ជា​នគរបាល អាជ្ញាធរ​ដែនដី អ្នក​អនុវត្ដ​ផ្នែក​វប្បធម៌ ឬ​គយ​ជាដើម​ដែល​អាច​ចាប់​ឃាត់​ទុក​ចំពោះ​វត្ថុបុរាណ​ដែល​ត្រូវ​ជនខិលខូច​ប៉ង​នាំ​យក​ចេញទៅ​ក្រៅប្រទេស ។ ដើម្បី​អាច​ឃាត់​ទុក ចំពោះ​វត្ថុ​បុរាណ​ទាំងនោះ​បាន គឺ​ទាល់តែ​អ្នកចាប់​អ្នក​ឃាត់​ទាំងនោះ​មាន​មូលដ្ឋាន​ខ្លះ​ៗ​នៅ​ក្នុង​ការ​យល់​ដឹង និង​ស្គាល់​វត្ថុ​បុរាណ​ខ្មែរ ។

លោក ហាប់ ទូច បញ្ជាក់​ថា កាលពី​ឆ្នាំ ១៩៩៣ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សហការជាមួយ​អង្គការ Icom បោះពុម្ព​សៀវភៅមួយ​ហៅ​ថា វត្ថុ​ចំនួន​១០០​ដែល​បាន​បាត់បង់ ហើយ​ផ្សព្វផ្សាយ​ពាសពេញ​ពិភពលោក ដើម្បី​ឱ្យ​ពិភពលោក​បានដឹង ។ វត្ថុ​បុរាណចំនួន​១០០​នោះ បើ​អ្នក​ណា​ឃើញ​នៅ​ទីណា គឺ​កម្ពុជា​មាន​សិទ្ធិ​ស្នើ​សុំ​យក​ត្រឡប់​មកកម្ពុជា​វិញ ។ មក​ទល់​នឹង​បច្ចុប្បន្ន​នេះ​វត្ថុបុរាណ​ខ្មែរ​ដែល​បាត់បង់​នោះ​ត្រូវ​បាន​រកឃើញ និង​វិល​ត្រឡប់​មក​ដល់​កម្ពុជា​វិញ​ចំនួន១០​ហើយ ។ ចំពោះ​ប្រទេស​ដែល​ធ្លាប់​បានប្រគល់​វត្ថុ​បុរាណ​មក​ឱ្យ​ខ្មែរ​វិញ​នោះ​មាន អា​មេ​រិ​ក បារាំង ស្វ៊ីស និង​អង់គ្លេស ។ ដោយឡែក​ថៃ​ក៏​ធ្លាប់​ប្រគល់​ឱ្យ​កម្ពុជា​ដែរ តែ​វត្ថុទាំងនោះ​មិនមែន​ស្ថិត​ក្នុង​វត្ថុ​បុរាណ​ចំនួន១០០​ដែល​រាយ​ឈ្មោះ​ក្នុង​បញ្ជី​ទេ ព្រោះ​វត្ថុបុរាណ​ខ្មែរ​ដែល​បាត់បង់​មាន​ចំនួន​ច្រើន​ណាស់ តែ​ចំនួន​១០០​នេះ គឺជា​វត្ថុ​ដែល​មាន​បញ្ជី ស្នាម​ត្រឹមត្រូវ​ច្បាស់លាស់​៕