រាជធានីភ្នំពេញ ៖ លោក វ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិកីឡាស៊ីហ្គេមឆ្នាំ២០២៣ (CAMSOC) បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា ពេលនេះមានប្រទេសចំនួន១២នៅក្នុងតំបន់អាស៊ីបានទទួលស្គាល់ពីការខិតខំប្រឹងប្រែងរបស់កម្ពុជា ត្រៀមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ។
លោកមានប្រសាសន៍បន្តថា ដោយសារតែជំងឺកូវីដ-១៩ ការហ្វឹកហាត់ក្នុងប្រទេសនាពេលកន្លងមកមានការអាក់ខានខ្លះៗ ហើយក៏មានការពន្យារពេលក្នុងការបញ្ជូនអត្តពលិកទៅហ្វឹកហាត់នៅក្រៅប្រទេសផងដែរ ។ ទោះបីជាបែបនេះក្ដីលោកថា ការបញ្ជូនអត្តពលិកទៅហ្វឹកហាត់នៅក្រៅប្រទេសនៅតែជារឿងសំខាន់ដដែល ។ ជាក់ស្ដែងនៅចុងខែវិច្ឆិកាឆ្នាំ២០២០នេះ បើសិនជាជំងឺកូវីដ-១៩មានការថយចុះនោះ កម្ពុជានឹងបញ្ជូនអត្តពលិកទៅហ្វឹកហាត់នៅក្រៅប្រទេសដែលមានលក្ខណៈទ្រង់ទ្រាយធំតែម្ដង ។
ប៉ុន្តែប្រសិនបើជំងឺកូវីដ-១៩មិនទាន់ឈានទៅរកភាពប្រក្រតីដូចការរំពឹងទុកទេនោះ កម្ពុជាក៏ត្រូវតែបង្ខំចិត្តបញ្ជូនអត្តពលិកទៅហ្វឹកហាត់នៅក្រៅប្រទេសនាដើមឆ្នាំ២០២១ខាងមុខនេះ។ ចំពោះបណ្ដាប្រទេសដែលជាគោលដៅត្រូវបញ្ជូនរួមមានប្រទេសចិន កូរ៉េ ជប៉ុន ថៃ និងបណ្ដាប្រទេសនៅទ្វីបអឺរ៉ុបនិងអាមេរិកមួយចំនួនទៀតតាមតែអាចធ្វើទៅបាន ។
អគ្គលេខាធិការគណៈកម្មាធិការជាតិកីឡាស៊ីហ្គេមរូបនេះបានឱ្យដឹងទៀតថា សម្រាប់អត្តពលិកដែលត្រៀមបញ្ជូនឱ្យទៅហ្វឹកហាត់នៅក្រៅប្រទេសមានចំនួន១១០នាក់ ។ ការបញ្ជូនអត្តពលិកឱ្យទៅហ្វឹកហាត់ច្រើនបែបនេះដោយសារនៅក្នុងឆ្នាំ២០២១ខាងមុខនេះគឺជាព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ដែលនឹងត្រូវធ្វើឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម ដែលនេះគឺជាការប្រកួតចុងក្រោយ ហើយក៏ជាឆ្នាំដែលកម្ពុជាត្រូវវាស់ស្ទង់ពីកម្រិតសមត្ថភាពរបស់អត្តពលិកជម្រើសជាតិកម្ពុជា ព្រមទាំងមន្ត្រីបច្ចេកទេសជាលើកចុងក្រោយមុននឹងឈានទៅការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះផងដែរ។
គួររំលឹកថា បច្ចុប្បន្នកម្ពុជាមានប្រភេទកីឡាដែលមានសក្ដានុពលមួយចំនួនដែលរំពឹងថានឹងដណ្ដើមយកមេដាយពីការប្រកួតកីឡាស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាមរួមមានកីឡាប៉េតង់ កីឡាចំបាប់ កីឡាវ៉ូស៊ូ កីឡាវ៉ូវីណាម កីឡាតេក្វាន់ដូ កីឡាសូហ្វតេន្នីស កីឡាវាយកូនបាល់ កីឡាវាយសី និងកីឡាជាច្រើនប្រភេទទៀតដែលធ្លាប់ដណ្ដើមបានមេដាយពីការប្រកួតនៅលើឆាកអន្តរជាតិនាពេលកន្លងមក ។
មិនតែប៉ុណ្ណោះប្រភេទកីឡាទាំងនោះក៏កំពុងតែធ្វើឱ្យបណ្ដាប្រទេសក្នុងតំបន់មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៀតផង ។ ដោយឡែកចំពោះប្រភេទកីឡាបាល់ទាត់ឯណោះវិញក៏កំពុងតែស្ថិតនៅក្នុងចំណាត់ថ្នាក់ល្អ ជាពិសេសកីឡាករវ័យក្មេងដែលទើបតែឆ្លងកាត់ការបណ្ដុះបណ្ដាលចេញពីសាលាបាល់ទាត់ជាតិបាទីសុទ្ធតែមានសមត្ថភាពខ្ពស់ ។ រីឯប្រភេទកីឡាបាល់ទះ បាល់បោះ ក៏កំពុងតែបង្ហាញនូវភាពរីកចម្រើនជាបណ្ដើរៗផងដែរ ៕
ចែករំលែកព័តមាននេះ