ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំរឿងរំលោ.ភសេចក្តីទុកចិត្ត តុលាការកោះហៅនាងក្អយ

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ប្រភព​ព័ត៌​មាន​​ធ្លាយ​ចេញ​ពី​​សាលា​ដំបូង​រាជ​ធានី​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ មីនា បាន​ឱ្យ​ដឹង​ថា លោក​ព្រះ​រាជ​អាជ្ញា​រង​គ្រី សុខ​អ៊ី តំណាង​អយ្យ​ការ​សាលា​ដំបូង​ បាន​ចេញ​ដីកា​កោះ​ហៅ​នាង​ជួន ចាន់​រតនា ហៅ​ក្អយ​ឱ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​លើ​បណ្តឹង​រឿង​រំលោ.ភ​លើ​សេចក្តី​ទុក​ចិត្ត​។ ដីកា​កោះ​របស់​តំណាង​អយ្យ​ការ​ខាង​លើ​ បាន​ឱ្យ​នាង​ក្អយ​ចូល​ទៅ​កាន់​សាលា​ដំបូង​នៅ​ថ្ងៃ​ទី​៤ មេសា ខាង​មុខ​នេះ​ ដើម្បី​សាក​សួរ

រាជ​ធានី​ភ្នំពេញ​ ៖ ប្រភព​ព័ត៌​មាន​​ធ្លាយ​ចេញ​ពី​​សាលា​ដំបូង​រាជ​ធានី​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ មីនា បាន​ឱ្យ​ដឹង​ថា លោក​ព្រះ​រាជ​អាជ្ញា​រង​គ្រី សុខ​អ៊ី តំណាង​អយ្យ​ការ​សាលា​ដំបូង​ បាន​ចេញ​ដីកា​កោះ​ហៅ​នាង​ជួន ចាន់​រតនា ហៅ​ក្អយ​ឱ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​លើ​បណ្តឹង​រឿង​រំលោភ​លើ​សេចក្តី​ទុក​ចិត្ត​។ ដីកា​កោះ​របស់​តំណាង​អយ្យ​ការ​ខាង​លើ​ បាន​ឱ្យ​នាង​ក្អយ​ចូល​ទៅ​កាន់​សាលា​ដំបូង​នៅ​ថ្ងៃ​ទី​៤ មេសា ខាង​មុខ​នេះ​ ដើម្បី​សាក​សួរ​តាម​បណ្តឹង​របស់​លោក​​មេធាវី​ច័ន្ទ​ ភក្តី ជា​មេធាវី​​ការ​ពារ​សិទ្ធិ​ឱ្យ​ម្ចាស់​រថ​យន្ត​៥​គ្រឿង​ដែល​នាង​ក្អយ​ជួលយក​ទៅ​ធ្វើ​អាជីវកម្ម​ តែ​បែរ​ជា​យក​ទៅ​ដាក់​បញ្ចាំ​យក​ប្រាក់​ក្បត់​កិច្ច​សន្យា​។

ដីកា​កោះ​នោះ​ត្រូវ​បាន​ភ្នាក់​ងារ​រត់​ដីកា​របស់​សាលា​ដំបូង​ចាត់​ចែង​ និង​បញ្ជូន​ទៅ​កាន់​លំនៅ​ឋាន​​នាង​ក្អយ​ហើយ ប៉ុន្តែ​រឿង​ចូល​​ ឬ​មិន​ចូល​ជា​សិទ្ធិ​របស់​នាង​ក្អយ ឬ​ក៏ប្រគល់​ការ​ងារ​នោះ​ទៅ​មេ​ធាវី​វិញ​។ អ្នក​តា​ម​ដាន​រឿង​រ៉ាវ​នាង​ក្អយ​​និយាយ​​ថា នាង​ក្អយ​ជំពាក់​ប្រាក់​គេ​ដល់​ក​ទៅ​ហើយតើ​​មាន​លុយ​ឯណា​ទៅ​លោះ​យក​រថ​យន្ត​នោះ​វិញ​ដែល​ទំនង​មាន​តែ​ផ្លូវ​មួយ​គត់​ដូច​ចំណង​ជើង​បទ​ចម្រៀង​រំដួល​ដូរ​ដី​ប៉ុណ្ណោះ​។
គួរ​រំលឹក​ថា នាង​ជួន ចាន់​រតនា ​ហៅ​​អយ ឬ​ក្អយ​ដែល​ជា​តារា​​កំប្លែង​ល្បី​ឈ្មោះ​បោះ​សំឡេង​តាមកញ្ចក់​ទូរ​ទស្សន៍​​ ​និង​ពេល​នេះ​ល្បី​រឿង​អាស្រូវ​តាម​សារ​ព័ត៌​មាន ​​កាលពី​ថ្ងៃទី២១ មីនា ​កន្លង​មក​បានត្រូវ​សមត្ថកិច្ច​​នគរ​បាល​​ព្រហ្ម​ទណ្ឌ​​ក្រសួង​មហា​ផ្ទៃ​​នាំ​ខ្លួន​ពាក់​ព័ន្ធ​​នឹង​បណ្តឹង​ជួលរថយន្ត​គេ​យក​ទៅ​បញ្ចាំ ។ ប្រភព​ព័ត៌​មាន​នៅសាលា​ដំបូង​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា នាង​ជួន​ ចាន់​រតនា ហៅ​អយ​​ ត្រូវ​​គេប្តឹង​ច្រើនដែល​​សុទ្ធ​តែ​រឿង​​ជួល​រថ​យន្ត គេ​ជិះបែរ​​ជា​យក​​ទៅបញ្ចាំ​​​ដូច​ខាង​លើ ។ មាន​ដើម​បណ្តឹង​​ពី​ឈ្មោះ​ឈុំ សុគន្ធ​ណា​រិទ្ធ ​និង​ឈ្មោះ​ឈ ប៊ុនឆាយ អស់​រថយន្ត​៥គ្រឿង ​ដែល​សំណុំរឿង​ស្ថិត​លើ​ព្រះ​រាជ​អាជ្ញា​រង​២​រូប កំពុង​ស៊ើប​អង្កេត​បឋម ។

ប្រភព​ព័ត៌​មាន​ពីសាលា​ដំបូង​ដដែល​​បានឱ្យ​ដឹង​ទៀត​ថា ​នាង​ក្អយ​​មិន​មែន​​មានត្រឹម​តែរឿង ប៉ុណ្ណឹង​ទេ ​គឺ​នៅ​ជំពាក់ប្រាក់​គេ​វ័ណ្ឌ​ក​ច្រើន​ទៀត ​ដូច្នេះ​​ទំនង​មិន​អា​ច​គេច​ផុត​ពីការ​ចោទ​ប្រកាន់​តាមផ្លូវច្បាប់នោះ​ឡើយ ។ រឿង​រ៉ាវ​ជាក់​ស្តែង​មួយ​កាល​ពី​ថ្ងៃ​ទី​៨ មីនា កន្លង​មក​នេះ​​បាន​ទាក់​ទង​នឹង​នាងក្អយ​ពាក់​ព័ន្ធ​ជាមួយ​រថ​យន្ត​ម៉ាក​តូ​យ៉ូ​តា​ ឡិច​ស៊ីស​ RX300 មួយ​គ្រឿង​ដែល​បាន​ជួល​គេ​ជិះ​យក​ទៅ​ដាក់​បញ្ចាំ​នៅ​កុង​ស៊ី​ទទួលបញ្ចាំ​រថ​យន្ត​អ្នក​ចាញ់​ល្បែង​កា​ស៊ីណូ​ ។  ចំណែក​ម្ចាស់​ដើម​រថ​យន្ត​ខាង​លើ​បាន​ទទួល​លុយ​ជួលពីនាងក្អយ​​ តែ​ជាង​ពាក់​កណ្តាល​ប៉ុណ្ណោះ ឯ​​ជិត​ពាក់​កណ្តាល​ទៀត​អត់​បាន​ទទួល​ទេ ។ មិន​តែ​ប៉ុណ្ណោះ​អត់​បាន​ឃើញ​រថ​យន្ត​របស់​ខ្លួន​៣​ខែ​មក​ហើយ​ គឺ​បាត់​ឈឹង​​តែ​ម្តង​ ឯ​នាងក្អយ​ក៏​អត់​បាន​បង្ហាញ​មុខ​ដែរ​។

ការ​ប្រទះ​ឃើញ​រថ​យន្ត​ដោយ​ចៃ​ដន្យ​ ខណៈ​ម្ចាស់​រថ​យន្ត​​ប្រទះ​ឃើញ​រថ​យន្ត​របស់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​មីនា នៅ​ម្តុំ​ភ្លើង​ស្តុប​ផ្សារ​ដី​ហុយ សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​។ ប៉ុន្តែ​ពេល​នោះ​អ្នក​បើក​បរ​​ និង​អ្នក​ជិះ​មិន​មែន​ជា​នាង​ក្អយ​​ឡើយ គឺ​ជា​អ្នក​ផ្សេង​ទៅ​វិញ​។ ទោះ​បី​ជា​បែប​ណា​ដោយ​សារ​ស្គាល់​រថ​យន្ត​របស់​ខ្លួន​ពិត​ប្រាកដ ​ម្ចាស់​រថ​យន្ត​រូប​នោះ​ក៏​បាន​តាម​ពី​ក្រោយ​បណ្តើរ​ និង​ប្តឹង​ប៉ូលិស​ខណ្ឌ​ដង្កោ​បណ្តើរ ​ហើយ​រហូត​ដល់​ក្នុង​ភូមិ​សាស្ត្រ​សង្កាត់​កន្ទោក​ លើ​ផ្លូវ​ជាតិ​លេខ​៤​ទើប​ឃាត់​រថ​យន្ត​នោះ​សាក​សួរ​បាន។ បន្ទាប់​មក​ប៉ូលិស​ខណ្ឌ​ដង្កោ​បាន​សួរ​នាំ​ទៅ​អ្នក​ជិះ​ក្នុង​រថ​យន្ត​នោះ​២​នាក់​ប្តី​ប្រពន្ធ​បាន​ឆ្លើយ​ថា ទិញ​ត​ពី​បុរស​ម្នាក់ ហើយ​ប៉ូលិស​ក៏​បាន​ទៅ​ឃាត់​ខ្លួន​បុរស​នោះ​យក​ទៅសាក​សួរ​បន្ត​ទៀត​។ ​បុរស​នោះ​បាន​ឆ្លើយ​ថា​ខ្លួន​បាន​ទិញ​រថ​យន្ត​នោះ​ពី​កុង​ស៊ី​បញ្ចាំ​មួយ​ដែល​ជា​កុង​ស៊ី​ទទួល​បញ្ចាំ​ពី​អ្នក​ចាញ់​ល្បែង​កា​ស៊ីណូ​។ បន្ទាប់​ពី​ទទួល​បាន​ចម្លើយ​​នោះ​ហើយ ​ប៉ូលិស​បាន​ទៅ​ឃាត់​ខ្លួន​បុរស​ម្នាក់​ទៀត​ដែល​ជា​អ្នក​ទទួល​បញ្ចាំ​យក​មក​សួរ​ទៀត​។

រថ​យន្ត​ដែល​រក​ឃើញ​នោះ​ម៉ាក​ឡិច​ស៊ីស​RX300 ពណ៌​ស្ករ​​ ពាក់​ស្លាក​លេខ​ភ្នំពេញ​២​I៤៩៩៣ មាន​ម្ចាស់​ឈ្មោះ​ស៊ុន វ៉ា អាយុ​៣២​ឆ្នាំ ជា​ជាង​សង្ហារិម​ មាន​ទី​លំនៅ​ក្នុង​ភូមិ​តា​ងួន សង្កាត់​កាកាប​ ខណ្ឌ​ដង្កោ​ រាជ​ធានី​ភ្នំពេញ​។ តាម​​ម្ចាស់​រថ​យន្ត​​ឱ្យ​ដឹង​ថា នាង​អយ​បាន​ជួល​រថ​យន្ត​ពី​រូប​គាត់​ចំនួន​២​គ្រឿង​ គឺ​ម៉ាក​ឡិច​ស៊ីស​RX300 នេះ​១​គ្រឿង​ និង​ម៉ាក​កាមរី​ឆ្លាម​១​គ្រឿង​ ។ ​រថ​យន្ត​ឡិច​ស៊ីស​RX300 មួយ​គ្រឿង​នេះ​ជួល​ក្នុង​១​ខែ​តំលៃ​៦០០​ដុល្លារ​​ ដោយមាន​កុង​ត្រា​ជួល​រយៈ​​ពេល​៦​ខែ​គិត​ចាប់​ពី​​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា​ ឆ្នាំ​២០១០ ដល់​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០១១ ។ ក្នុង​រយៈ​ពេល​នេះ​រូប​គាត់​ទទួល​បាន​លុយ​៣​ខែ​ដំបូង​​គ្រប់​ចំនួន ​។​ លុះ​ដល់​៣​ខែ​ចុង​ក្រោយ​​អត់បាន​​គ្រប់​​ចំនួន​ទេ ហើយ​រថ​យន្ត​ក៏​បាត់​រហូត​ ទើប​ប្រទះ​ឃើញ​ដោយ​ចៃ​ដន្យ​ ។ ចំណែក​ឯ​រថ​យន្ត​កាមរី​ឆ្លាម​វិញ​បាន​ជួល​ឱ្យ​នាង​អយ​ក្នុង​១​ខែ​៣៥០​ដុល្លារ​ ហើយ​ពេល​នេះ​កំពុង​តែ​បាត់​ដំណឹង​ឈឹង​ដែរ ។

ម្ចាស់​រថ​យន្ត​ទួរីស និង​ឡិច​ស៊ីស​ដែល​បាន​រក​ឃើញ​​រថ​យន្ត​របស់​ពួក​គេ​វិញ​ក្រោយ​ពី​មាន​​ការ​ជួយ​អន្តរា​គមន៍​ពី​ប៉ូលិស​នាយក​ដ្ឋាន​ព្រហ្ម​ទណ្ឌ​ក្រសួង​មហា​ផ្ទៃ​បាន​ឱ្យ​ដឹង​ថា ល្បិច​ជួល​រថ​យន្ត​២​ទៅ​៣​ខែ​ដំបូង​នាង​ក្អយ​បង់​គ្រប់​ចំនួន​ តែ​បន្ទាប់​ពី​នោះ​មក​ក៏​បាត់​។ ដើម្បី​បាន​រថ​យន្ត​មក​វិញ​ត្រូវ​បង់​ប្រាក់​សម្រាប់​តម្លៃ​​លោះ​រថ​យន្ត​រាប់​ម៉ឺន​ដុល្លារ​ គឺ​ខាត​បង់​ដូច​គ្នា​។ កន្លែង​ដែលពួក​​នាង​ក្អយ​យក​ទៅ​បញ្ចាំ​ក៏​បាន​លាក់​បាំង​ទៀត​ គឺ​ពេល​ប្រគល់​លុយ​​ឱ្យ​ទើប​គេ​ទូរ​ស័ព្ទ​មក​ប្រាប់​ថា ទៅ​យក​នៅ​ទី​នេះ ឬ​ទី​នោះ​មិន​ខុស​ពី​ពួក​ចាប់​ជំរិត​​ឡើយ។ ​ពេល​នេះ​វាស​នា​នាង​ក្អយ​កាន់​តែ​យ៉ាប់​យ៉ឺន​ មិន​ដឹង​ថា ស្តារ​ស្ថាន​ភាព​នេះ​បាន​ឬ​ក៏អត់នោះ​ទេ​​ ៕