អន្តរជាតិ ៖ អង្គការសហប្រជាជាតិ UN អំពាវនាវឲ្យមានការស៊ើបអង្កេតមួយ បន្ទាប់ពីក្មេងស្រី ២នាក់ ត្រូវបានបាញ់សម្លាប់ ដោយកម្លាំងសន្តិសុខប៉ារ៉ាហ្គាយ ក្នុងប្រតិបត្តិការវាយឆ្មក់ នៅជំរុំឧទ្ទាមមួយ កាលពីសប្តាហ៍មុន ។
ក្មេងស្រីទាំង២នាក់ បានស្លាប់ក្នុងអំឡុងពេល នៃការវាយឆ្មក់រួមគ្នា លើជំរំឧទ្ទាមតូចមួយកន្លែង ដែលធ្វើឡើងដោយកម្លាំងប៉ូលីស និងយោធាប៉ារ៉ាហ្គាយ កាលពីថ្ងៃពុធ ទី២ កញ្ញា ២០២០ ក្នុងស្រុក Yby Yaú មានចម្ងាយប្រហែល ៣៧០គីឡូម៉ែត្រ ភាគខាងជើង នៃរដ្ឋធានី Asunción របស់ប៉ារ៉ាហ្គាយ ។
ប្រទេសជិតខាងប៉ារ៉ាហ្គាយ គឺប្រទេសអាហ្សង់ទីន បានកំណត់អត្តសញ្ញាណ ក្មេងស្រីរងគ្រោះទាំង២នាក់នោះ គឺជាជនជាតិអាហ្សង់ទីន ហើយបញ្ជាក់ថា ពួកគេទើបតែមានអាយុ ១១ឆ្នាំ ប៉ុណ្ណោះ ។
រដ្ឋាភិបាលប៉ារ៉ាហ្គាយពីដំបូង បាននិយាយថា ក្មេងស្រីទាំង២ ជាសមាជិក នៃក្រុមឧទ្ទាមកងទ័ពប្រជាជនប៉ារ៉ាហ្គាយ ហៅកាត់ (EPP) គឺជាក្រុមតូចមួយ ដែលសកម្មចាប់ជំរិត និងការសម្លាប់មនុស្ស នៅភាគខាងជើងប៉ារ៉ាហ្គាយ ។
មន្ត្រីក្រសួងការបរទេសប៉ារ៉ាហ្គាយ ក៏បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះការស្លាប់របស់ក្មេងស្រីទាំងនោះ ។ ហើយបានថ្កោលទោសលើក្រុមឧទ្ទាម EPP នូវអ្វីដែលហៅថា ជា“ការប្រើប្រាស់ គួរឲ្យស្អប់ខ្ពើម” គឺប្រើកុមារ និងក្មេងជំទង់ ធ្វើជាខែលការពារក្រុមរបស់ខ្លួន ។
ក្រោយបាញ់សម្លាប់ នៅថ្ងៃពុធដដែលនោះ កងកម្លាំងសន្តិសុខប៉ារ៉ាហ្គាយ បានបញ្ចុះសាកសពក្មេងស្រីទាំងនោះភ្លាមៗ ដោយលើកឡើងពីការទប់ស្កាត់ការឆ្លងរាលដាល នៃវីរុសកូវីដ-១៩ ធ្វើជាមូលហេតុ នៃការបញ្ចុះសពយ៉ាងឆាប់រហ័ស ។ សម្លៀកបំពាក់របស់ពួកគេ ក៏ត្រូវបានដុតបំផ្លាញ ដោយកងសន្តិសុខ ផងដែរ ។
កាលពីថ្ងៃពុធ ទី២កញ្ញា ប្រធានាធិបតីប៉ារ៉ាហ្គាយ លោកម៉ារីអូ អាដូ Mario Abdó បានពិពណ៌នាអំពីការវាយឆ្មក់លើជំរំឧទ្ទាម ខាងលើនេះថា ជាប្រតិបត្តិការទទួលបានជោគជ័យ គួរជាទីមោទនៈ ។
លោកប្រធានាធិបតី ថ្លែងថា “ទទួលបានជោគជ័យ ព្រោះសមាជិកនៃក្រុមឧទ្ទាម EPP ត្រូវបានកម្ទេច” ដោយលោកបញ្ជាក់ថា ក្មេងស្រីទាំងពីរនាក់ គឺមានម្នាក់ ជាក្រុមឧទ្ទាម ។
អ្នកជំនាញខាងកោសល្យវិច័យ មកពីការិយាល័យព្រះរាជអាជ្ញារបស់ប្រទេសប៉ារ៉ាហ្គាយ លោក Cristian Ferreira បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញាថា អ្នកដែលត្រូវបានកងសន្តិសុខសម្លាប់ គឺជាស្ត្រី ហើយការធ្វើកោសល្យវិច័យ គឺធ្វើឡើងមុនពេល ពួកគេយកទៅបញ្ចុះ ដោយបង្ហាញថា ក្នុងចំណោមពួកគេ មានក្មេងស្រីម្នាក់ អាយុ១៥ឆ្នាំ និងម្នាក់ទៀត មានអាយុចន្លោះពី១៧ ទៅ១៨ឆ្នាំ ។
លោក Cristian Ferreira ក៏បាននិយាយបន្តផងដែរថា ក្មេងស្រីម្នាក់ រងការវាយប្រហារ ចំនួន ៦គ្រាប់ និងម្នាក់ទៀត ត្រូវចំនួន ២គ្រាប់ ។ បើតាមសម្តីរបស់លោក Ferreira ថា ក្នុងចំណោមជនរងគ្រោះទាំង២ មានក្មេងស្រីម្នាក់ពាក់អាវ “ប្រយុទ្ធ” ហើយពួកគេទាំងពីរ មានគ្រាប់រំសេវ រាប់រយគ្រាប់ នៅលើខ្លួនពួកគេ ។
ក្រុមមន្ត្រីសន្តិសុខប៉ារ៉ាហ្គាយ ក៏បាននិយាយថា អាវុធជាតិផ្ទុះ និងថវិកាចំនួន ១៦,០០០ដុល្លារ ត្រូវបានរកឃើញ នៅក្នុងជំរំឧទ្ទាម ក្រៅពីនោះក៏មានដូចជាសៀវភៅ ស្តីពីបដិវត្តរុស្ស៊ី របស់លោក វ្លាឌីមៀ លេនីន និងសៀវភៅទស្សនវិទូអាឡឺម៉ង់ លោក កាល ម៉ាក្ស Karl Marx និងឌីវីឌី DVD ស្តីពីម្ចាស់គ្រឿងញៀនកូឡុំប៊ី Pablo Escobar ។
ដោយឡែកនៅក្នុងប្រទេសអាហ្សង់ទីនវិញ ក្រុមមេធាវី តំណាងឲ្យអ្នកនយោបាយអាហ្សង់ទីន បាននិយាយកាលពីថ្ងៃសុក្រ ទី៤កញ្ញា ថា ក្មេងស្រីទាំង២នាក់ គឺជាពលរដ្ឋអាហ្សង់ទីន ដែលស្ថិតនៅក្នុងជំរំ ដើម្បីទៅសួរសុខទុក្ខ សមាជិកគ្រួសារ ។ ក្រុមមេធាវី ក៏បាននិយាយដែរថា ក្មេងស្រីទាំងនោះ មានអាយុត្រឹមតែ ១១ឆ្នាំ ប៉ុណ្ណោះ ។
ក្រោយមក អាជ្ញាធរប្រទេសអាហ្សង់ទីន បញ្ជាក់ពីអាយុរបស់ជនរងគ្រោះ ហើយបាននិយាយថា ពួកគេពិតជាពលរដ្ឋអាហ្សង់ទីន ។ បន្ទាប់ពីមានអន្តរាគមន៍របស់អាជ្ញាធរអាហ្សង់ទីន រួចមក មន្ត្រីប៉ារ៉ាហ្គាយ បានបញ្ជាឲ្យធ្វើកោសល្យវិច័យសាកសពក្មេងស្រីឡើងវិញ បានបញ្ជាក់ថា ពួកគេមានអាយុ ១១ឆ្នាំ ។
លោកស្រី Federico Delfino មកពីការិយាល័យព្រះរាជអាជ្ញាប៉ារ៉ាហ្គាយ បាននិយាយថា ក្មេងស្រីទាំងនោះ បានឆ្លងដែនពីប្រទេសអាហ្សង់ទីន ចូលទៅប្រទេសប៉ារ៉ាហ្គាយ កាលពីខែវិច្ឆិកា ២០១៩ ។
ករណីនេះ បានជំរុញឲ្យមានជម្លោះ រវាងប៉ារ៉ាហ្គាយ និងអាហ្សង់ទីន ដែលទាមទារឲ្យមានការពន្យល់ អំពីរបៀបដែលក្មេងស្រីទាំងពីរត្រូវបានគេបាញ់សម្លាប់ ផងដែរ ។
ក្រុមប្រឆាំង នៅប៉ារ៉ាហ្គាយ ក៏បានរិះគន់ លោកប្រធានាធិបតីផងដែរ ចំពោះការពិពណ៌នាអំពីការវាយឆ្មក់នេះថាជាភាព “ជោគជ័យ” ។
កាលពីថ្ងៃអាទិត្យ ទី៦កញ្ញា ប្រធានការិយាល័យប្រចាំតំបន់ របស់ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស បានជំរុញ ឲ្យរដ្ឋាភិបាលប៉ារ៉ាហ្គាយ ធ្វើការស៊ើបអង្កេតលើការស្លាប់របស់ក្មេងស្រីទាំងនោះ “ដោយមិនលំអៀង និងមិនពន្យាពេល” ។
សូមជម្រាបថា EPP ជាក្រុមឧទ្ទាមតូចមួយ ដែលសកម្មលើការចាប់ជំរិត និងការសម្លាប់មនុស្សជាច្រើន នៅប៉ារ៉ាហ្គាយ ។ ប្រភពចំណូលសំខាន់មួយរបស់ក្រុមនេះ គឺការរត់ពន្ធកញ្ឆា និងការរឹបអូសប្រាក់ ពីអ្នកដែលបានចាប់ពង្រត់ ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ក្រុមឧទ្ទាមបានផ្លាស់ទីលំនៅ ទៅតំបន់ផ្សេង ពីតំបន់ដែលពួកគេព្យាយាមគ្រប់គ្រង ៕
ចែករំលែកព័តមាននេះ