ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នាយទាហានជាន់ខ្ពស់​តំបន់​ប្រតិ​បត្តិការ​សឹក​រង​កំពតថ្មី​ចូល​កាន់​តំណែង​

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ​៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ថ្លែង​ក្នុង​ពិធី​ប្រកាស​តែងតាំង​មុខ​តំណែង​នាយទាហានជាន់ខ្ពស់ តំបន់​ប្រតិបត្តិការ​សឹក​រង​កំពត​នៅ​ថ្ងៃ​ទី​៧…

ខេត្តកំពត ​៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ថ្លែង​ក្នុង​ពិធី​ប្រកាស​តែងតាំង​មុខ​តំណែង​នាយទាហានជាន់ខ្ពស់ តំបន់​ប្រតិបត្តិការ​សឹក​រង​កំពត​នៅ​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០២០​។

លោក​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ឆន្ទៈ​មោះមុត និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​របស់​ថ្នាក់ដឹកនាំ និង​យោធិន​ទូ​ទាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពត ដែល​កន្លង​មក​បាន​ខិតខំ​បំពេញភារកិច្ច ដោយ​សម្រេច​បាន​នូវ​ស្នាដៃ និង​សមិទ្ធផល​ជា​ច្រើន ដោយ​ធានា​ការពារ​បាន​នូវ​ប្រៀប​ការពារ​ជាតិ ការពារ​បូរណភាព​ទឹកដី ក៏​ដូច​ជា​សន្តិសុខ សុវត្ថិភាព របៀបរៀបរយ និង​សណ្តាប់ធ្នាប់​សាធារណៈ​បាន​ល្អ​ប្រសើរ​នៅ​ក្នុងភូមិ​សាស្ត្រ​ទទួលខុសត្រូវ និង​អបអរសាទរ​ចំពោះ​ការ​អភិវឌ្ឍ​រីក​ចម្រើន​ជា​លំដាប់​របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពត​រាប់​ចាប់តាំងពី​ពេល​បង្កើត​ក្នុង​ឆ្នាំ​១៩៧៩​មក ក្រោម​ការ​តស៊ូ​លះបង់​របស់​យោធិន ក៏​ដូច​ជា​មេបញ្ជាការ​គ្រប់​ជំនាន់ ដោយ​សម្រេច​បាន​នូវ​សមិទ្ធិ​ផល​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័​ន្ត​ជា​ច្រើន សម្រួល​ដល់​ការ​បំពេញភារកិច្ច និង​ជីវភាព​រស់នៅ​របស់​កងទ័ព​។

លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត​ បាន​បន្ត​ថា​ តំបន់​ប្រតិបត្តិការ​សឹក​រង​កំពត ក៏​បាន​ខិតខំ​ចូលរួម​ចំណែក​ច្រើន​នៅ​ក្នុង​ការងារ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា ដែល​ជា​យន្តការ​មួយ​នៅ​ក្នុង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ដើម្បី​ផ្តល់​នូវ​ការ​ថែទាំ និង​ជួយ​ទំនុកបម្រុង​ដល់​កម្លាំងប្រដាប់អាវុធ​របស់​ជាតិ​យើង​បន្ទាប់​ពី​ការ​បញ្ចប់​ភារកិច្ច​ផ្ទេរ​ចេញពី​ជួរ​កងកម្លាំង​។

លោក​បានបន្ត​ទៀត​ថា ការ​ខិតខំ​បន្ត​ជួយ​នេះ គឺជា​ការ​ថ្លែងអំណរគុណ និង​ដឹងគុណ​ចំពោះ​ការ​លះបង់​ពេលវេលា និង​កម្លាំងកាយ​ចិត្ត បម្រើ​ជាតិ​មាតុភូមិ​របស់​អតីត​យុទ្ធ​ជន​យើង ហើយ​ក៏​ជា​ការ​ផ្តល់​នូវ​មនោសញ្ចេតនា​យកចិត្តទុកដាក់​, ការ​ផ្តល់​តម្លៃ​កិត្តិយស និង​ភាព​កក់ក្តៅ​ដល់​ពួក​គាត់​។ ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​យើង​មាន​សង្គ្រាម ភាគច្រើន​គឺ​អ៊ំ​ពូ​មីង​អតីត​យុទ្ធ​ជន​នេះ​ហើយ ដែល​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រតិបត្តិ​ករ​នៃ​នយោបាយ​ឈ្នះ​-​ឈ្នះ ក្រោម​ការ​ដឹកនាំ​របស់ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ដែល​ជា​ស្ថាបនិក រហូត​សម្រេច​បាន​ទាំងស្រុង​នូវ​សន្តិភាព​ពេញលេញ​ជូន​ជាតិ និង​ប្រជាជន​កម្ពុជា​។

លោក​បាន​បន្តទៀត​​ថា ​ការ​ជ្រើសរើស​មេបញ្ជាការ​ថ្មី ដើម្បី​បន្ត​ដឹកនាំ និង​កសាង​អង្គភាព​ក្នុង​រយៈកាល​មួយ​ទៅ​មុខ​ទៀត មុន​នឹង​មានការ​រៀបចំ​ឱ្យ​មានការ​បន្តវេន​បន្តបន្ទាប់​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ គឺជា​កិច្ចការ​សំខាន់​ណាស់ ព្រោះ​អង្គភាព​នីមួយ​ៗ​នឹង​មាន​អត្ថិភាព​នៅ​បន្ត​រហូត ដើម្បី​បំពេញភារកិច្ច​បម្រើ​ជាតិ និង​ប្រជាជន​។ ដូច្នេះ​ពី​មួយ​ដំណាក់កាល​ទៅ​មួយ​ដំណាក់កាល យើង​ត្រូវ​រួម​គ្នា ធ្វើ​យ៉ាងណា​ធានា​ឱ្យ​បាន​នូវ​និរន្តរភាព​នៃ​ការងារ ដោយ​រក្សា​បាន​នូវ​សមិទ្ធិ​ផល​ដែល​មេបញ្ជាការ និង​ថ្នាក់ដឹកនាំ​មុន​បាន​កសាង​កន្លង​មក ហើយ​ត្រូវ​កសាង​បន្ថែម​បន្ត ដើម្បី​រៀបចំ​ជា​មូលដ្ឋាន​ទុក​ឱ្យ​នាយទាហាន​បន្តវេន​ក្រោយ​ៗ​។ អ្វី​ដែល​សំខាន់ គឺ​ការ​កសាង​ពង្រឹង​អង្គភាព​ទាំង​ផ្នែក​រឹង រួម​មាន​ហេដ្ឋារចនាសម្ព័ន្ធ និង​គ្រឿង​បំពាក់ និង​ផ្នែក​ទន់ រួម​មាន​មូលធន​មនុស្ស និង​ប្រព័ន្ធ​ការងារ​។

ហើយ​ការ​តែងតាំង​មុខ​តំណែង​ថ្មី ដែល​បាន​ធ្វើ​ឡើង​នេះ គឺជា​ការ​សម្រេច​ដោយ​ឈរ​លើ​ការ​ពិនិត្យ និង​វាយតម្លៃ ក៏​ដូច​ជា​ការពិគ្រោះ​យោបល់​យ៉ាង​ល្អិតល្អន់​របស់​ថ្នាក់ដឹកនាំ​នៃ​កង​យោធពលខេមរភូមិន្ទ តាម​ឋានានុក្រម​ច្បាស់លាស់ ស្រប​នឹង​គោលការណ៍​ជា​ធរមាន ធ្វើ​យ៉ាងណា​ឱ្យ​ការ​ជ្រើសរើស​នេះ​ប្រកបដោយ​តម្លាភាព​។ បេក្ខភាព​មាន​ច្រើន ហើយ​សុទ្ធតែ​មានគុណ​សម្បត្តិ​ទាំងអស់ ដូច្នេះ​ការ​ជ្រើសរើស​ត្រូវ​ឈរ​លើ​មូលដ្ឋាន​រួម​ផ្សំ​ជា​ច្រើន ដូច​ជា​ឆន្ទៈ សមត្ថភាព លក្ខណៈសម្បត្តិ​ជា​អ្នកដឹកនាំ ភាព​ទទួលខុសត្រូវ អតីតភាព​ការងារ​នៅ​ក្នុង​អង្គភាព​ផ្ទាល់ ចំណេះដឹង បទ​ពិសោធន៍ សីលធម៌ សុខភាព ភាព​តស៊ូ​អំណត់​ព្យាយាម ក៏​ដូច​ជា​លទ្ធភាព​នៃ​ការ​ជំរុញ​និរន្តរភាព​ការងារ​ក្នុង​អង្គភាព​។

លោក​មេ​បញ្ជាការ​រង​ការ​ជ្រើសរើស​ថ្នាក់​បញ្ជាការ​ដឹកនាំ​អង្គភាព បាន​ត្រឹមត្រូវ គឺជា​កត្តា​ធានា​បាន​នូវ​សាមគ្គីភាព​, ឯកភាព​ផ្ទៃក្នុង និង​ប្រសិទ្ធភាព​ការងារ​បាន​ល្អ ដោយហេតុ​ថា ថ្នាក់ដឹកនាំ គឺជា​មជ្ឈមណ្ឌល​នៃ​ការ​សាមគ្គី ឯកភាព​ផ្ទៃក្នុង និង​បំផុស​ចលនា​រួម​។ ថ្នាក់ដឹកនាំ ដែល​ទទួល​បាន​ភារកិច្ច​ថ្មី ត្រូវ​យល់​ឱ្យ​បាន​ច្បាស់​អំពី​ទំហំ និង​កម្រិត​នៃ​តួនាទី ភារកិច្ច និង​សិទ្ធិ​អំណាច​របស់​ខ្លួន ហើយ​ត្រូវ​ប្រគល់ និង​បែងចែក​ភារកិច្ច​ជូន​ថ្នាក់​ក្រោម​ឱ្យ​បាន​ច្បាស់លាស់​។

ដោយឡែក ក៏​ត្រូវ​ខិតខំ​បំពេញការងារ​ឱ្យ​បាន​ទ្វេរ​ដង ដោយ​ត្រូវ​មានគំនិត​ផ្តួចផ្តើម ចេះ​គិតគូរ​ច្នៃប្រឌិត​ថ្មី​ៗ ដើម្បី​សម្រេច​ភារកិច្ច នៅ​ក្នុង​ដែន​កម្រិត​សម​ស្រប​ណាមួយ បន្ថែម​លើ​អ្វី​ដែល​មាននៅ​ក្នុង​បទបញ្ជា ឬ​ផែនការ ដើម្បី​ឱ្យ​ការ​អនុវត្ត​បទបញ្ជា ឬ​ផែនការ អាច​សម្រេច​បាន​តាម​គោលដៅ និង​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ហើយ​ពេល​ខ្លះ ក៏​អាច​មាន​លទ្ធផល​ល្អ​លើស​ពី​ការ​រំពឹង​ទុក​ក្នុង​ផែនការ​ផង​ដែរ​។

លោក​ហ៊ុន ម៉ា​ណែ​ត​ភារកិច្ច​របស់​កងកម្លាំងប្រដាប់អាវុធ គឺ​ស្មោះត្រង់​ដាច់ខាត​ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ការពារ​រដ្ឋធម្មនុញ្ញ ការពារ​ប្រជាជន និង​រាជរដ្ឋាភិបាល​ស្របច្បាប់​។ ក្នុង​ស្មារតី​នេះ ដោយ​ឈរ​លើ​សុ​ឆន្ទៈ និង​មនសិការ​ស្នេហា​ជាតិ​មាតុភូមិ​របស់​កងកម្លាំងប្រដាប់អាវុធ​ជាតិ​យើង សូម​គ្រប់​បណ្តា​កងឯកភាព​បន្តសកម្មភាព បង្កើត​ស្នាដៃ និង​គុណសម្បត្តិ​បន្ថែម​ទៀត ដើម្បី​បន្ត​រួមចំណែក​ថែរក្សា​សន្តិភាព ស្ថិរភាព ក៏​ដូច​ជា​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម ជូន​ប្រទេស​ជាតិ និង​ប្រជាជន​របស់​យើង​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ