ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងទេសចរណ៍​តម្រូវ​ឲ្យ​ប្រតិបត្តិ​ករ​ទេសចរណ៍​សរសេរ​តម្លៃ​ផលិតផល​និង​សេវាកម្ម​ជៀសវាង​ការ​តំឡើង​តម្លៃ​ខ្ពស់​នា​​បុណ្យ​ភ្ជុំបិណ្ឌ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ន័យ​លុប​បំបាត់​ចោល​នូវ​បាតុភាព​មិន​ប្រក្រតី​នៃ​ការ​តម្លៃ​ថ្លៃ​តម្លៃ​ម្ហូបអាហារ តម្លៃ​ស្នាក់​ហួសហេតុ​នា​ឱកាស​ឈប់​សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ​ដែល​នឹង​មក​ដល់​នា​ថ្ងៃ​ទី ១៦-១៨ កញ្ញា​ដ៏​ខ្លី​ខាង​មុខ​នេះ ថ្នាក់ដឹកនាំ​ក្រសួងទេសចរណ៍​បាន​ចេញ​សារាចរ​ណែនាំ​ដល់​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត​ឲ្យ​ធ្វើការ​សហការ​ជាមួយ​អាជីវករ និង​ប្រតិបត្តិ​ករ​ទេសចរណ៍ ក្នុង​ការ​ពង្រឹងគុណភាព​ផលិតផល​ទេសចរណ៍​និង​រក្សា​តម្លៃ​ផលិតផល និង​សេវាកម្ម​ឲ្យ​បាន​សមរម្យ…

រាជធានី​ភ្នំពេញ ៖ ក្នុង​ន័យ​លុប​បំបាត់​ចោល​នូវ​បាតុភាព​មិន​ប្រក្រតី​នៃ​ការ​តម្លៃ​ថ្លៃ​តម្លៃ​ម្ហូបអាហារ តម្លៃ​ស្នាក់​ហួសហេតុ​នា​ឱកាស​ឈប់​សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ​ដែល​នឹង​មក​ដល់​នា​ថ្ងៃ​ទី ១៦-១៨ កញ្ញា​ដ៏​ខ្លី​ខាង​មុខ​នេះ ថ្នាក់ដឹកនាំ​ក្រសួងទេសចរណ៍​បាន​ចេញ​សារាចរ​ណែនាំ​ដល់​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត​ឲ្យ​ធ្វើការ​សហការ​ជាមួយ​អាជីវករ និង​ប្រតិបត្តិ​ករ​ទេសចរណ៍ ក្នុង​ការ​ពង្រឹងគុណភាព​ផលិតផល​ទេសចរណ៍​និង​រក្សា​តម្លៃ​ផលិតផល និង​សេវាកម្ម​ឲ្យ​បាន​សមរម្យ ។

យោង​តាម​សារាចរ​ណែនាំ​របស់​ក្រសួងទេសចរណ៍​ចុះ​ថ្ងៃ​ទី ២ កញ្ញា ឆ្នាំ​២០២០ និង​ចុះហត្ថលេខា​ដោយ​លោក​រដ្ឋមន្ត្រី​ថោ​ង ខុន បាន​បញ្ជាក់​យ៉ាង​ច្បាស់​ៗ​ថា «​រាល់​តម្លៃ​ស្នាក់​នៅ ម្ហូបអាហារ និ​សេវា​ផ្សេង​ៗ ត្រូវ​សរសេរ​ឲ្យ​បាន​ច្បាស់លាស់​ក្នុង​តារាង​ដើម្បី​ជម្រាប​ជូន​ភ្ញៀវ​ឲ្យ​បានដឹង​មុន ជៀសវាង​ការ​កំណត់​ថ្លៃ​ខ្ពស់​ហួសហេតុ ។ ករណី​មិន​អនុវត្ត​តាម​តារាង​ដែល​បាន​បិទ​ផ្សាយ ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន​» ។
​នៅ​ក្នុង​នោះ​ផង​ដែរ ក្រសួង​ក៏​បាន​តម្រូវ​ឲ្យ​មន្ត្រី​ចុះ​ទៅ​ធ្វើការ​ណែនាំ​ម្ចាស់​ទូកដ និង​កាណូត​ទេសចរណ៍ ដែល​ធ្វើ​អាជីវកម្ម​ដឹក​ភ្ញៀវ​ទេសចរ​កាត់​សមុទ្រ ទន្លេ ស្ទឹង និង​បឹង មិន​ឲ្យ​ផ្ទុក​លើស​ចំណុះ និង​ត្រូវ​បំពាក់​សម្ភារៈ​សង្គ្រោះ​ចំ​បាច់​នានា ។

បន្ថែម​ពីលើ​នេះ លោក រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ក៏​បាន​ណែនាំ​មន្ត្រី​នៅ​មន្ទីរ​ទេសចរណ៍​ខេត្ត​-​រាជធានី​ភ្នំពេញ ត្រូវ​ធ្វើការ​សហការ​ជាមួយ​មន្ទីរ​បរិស្ថាន មន្ទីរ​សុខាភិបាល និង​ផ្នែក​ពាក់ព័ន្ធ​នានា «​ដើម្បី​អប់រំ​ណែនាំ​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម​ទេសចរណ៍ និង​ភ្ញៀវ​ទេសចរណ៍​ឲ្យ​ចូលរួម​ថែរក្សាបរិស្ថាន​-​អនាម័យ ដោយ​លុប​បំបាត់​ការ​បោះ​សំរាម និង​កាក​សំណល់​ផ្តេសផ្តាស់ ជា​ពិសេស​បញ្ឈប់​ការ​បោះចោល​ក្រដាស​ក្រោម​តុ និង​ត្រូវ​ចាត់វិធានការ​តាម​គ្រប់​រូបភាព​ដើម្បី​ធានា​អនាម័យ​ក្នុង​ភោជនីយដ្ឋាន រួម​ទាំង​បន្ទប់ទឹក បង្គន់​អនាម័យ ហើយ​បុគ្គលិក​បំរើ​ការ​ត្រូវ​មាន​ឯកសណ្ឋាន​ឲ្យ​បាន​ត្រឹមត្រូវ​» ។

កម្ពុជា​នឹង​ឈប់​សម្រាក​រយៈពេល ៣ ថ្ងៃ​សម្រាប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ដែល​ជា​បុណ្យប្រពៃណី​យ​ជាតិខ្មែរ ដែល​នឹង​មក​ដល់​នា​ថ្ងៃ​ទី ១៦ រហូត​ដល់​ថ្ងៃ​ទី ១៨ ខែកញ្ញា ដូច្នេះ​ក្រសួង​រំពឹង​ថា​អ្នកទេសចរ​ក្នុងស្រុក​នឹង​ធ្វើ​ដំណើរ​កម្សាន្ត​តាម​តំបន់​កម្សាន្ត​នានា​ច្រើន​កុះករ​និង​ជួយ​ស្តារ​ដល់​វិស័យ​ទេសចរណ៍​កម្ពុជា​ឲ្យ​ដំណើរការ​បាន​ល្អ​ឡើង​វិញ ក្រោយ​ពី​រង​ផល​ប៉ះពាល់​ខ្លាំង​ពី​ជំងឺឆ្លង​កូ​វី​ដ ១៩ ដែល​បាន​ធ្វើ​ឲ្យ​ទេសចរ​បរទេស​មក​កំសាន្ត​នៅ​កម្ពុជា​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​នោះ ។

ជាក់ស្តែង​លោក ទិ​ត ច​ន្ថា រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួងទេសចរណ៍ បាន​ថ្លែង​នៅ​ឯ​ស​ន្និ​សិទ្ធ​សារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃ​ទី​០៣ ខែកញ្ញា ថា​ក្នុង​ឱកាស​ឈប់​សម្រាក​សង​បុណ្យចូលឆ្នាំ រយៈពេល​៥​ថ្ងៃ​កន្លង​ទៅ​នេះ មាន​ភ្ញៀវ​ទេសច​ប្រមាណ​១.៤​លាន​នាក់ បាន​ដើរ​កម្សាន្ដ​នៅ​ទូ​ទាំង​ប្រទេស ក្នុង​នោះ​បាន​ចាយ​ថវិកា​ប្រមាណ​ជាង​១០០​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ការ​ចាយ​ថវិកា​របស់​ភ្ញៀវ​ទេសចរ​នេះ គឺជា​ការ​ជំរុញ​ចរន្ដ​សេដ្ឋកិច្ច​ផ្ទៃក្នុង​មួយ​ដ៏​ល្អ គ្រា​ដែល​ទេសចរណ៍​បរទេស​ត្រូវ​បាន​ធ្លាក់​ចុះ​ស្ទើរ​ទាំងស្រុង​។

លោក ទិ​ត ច​ន្ថា បាន​ថ្លែង​នា​ពេល​នោះ​ថា «​ក្នុង​ឱកាស​ឈប់​សម្រាក​កន្លង​ទៅ​នេះ សកម្មភាព​ទេសចរណ៍​ផ្ទៃក្នុង​បាន​រុញ​ទៅ​គ្រប់​ទិស​ទី​ទាំងអស់ មាន​រហូត​ទៅ​ដល់​ប្រមាណ​១.៥​លាន​នាក់ ក្នុង​នោះ​មាន​១០​ភាគរយ ជា​ជនបរទេស​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ជំរុញ​សេដ្ឋកិច្ច​ផ្ទៃក្នុង​ដែល​យើង​ប៉ាន់​ប្រមាណ ជំហាន​ដំបូង​ថា ប្រមាណ​១០០​លាន​ដុល្លារ ក្នុង​រយៈពេល​៩​ថ្ងៃ​កន្លង​មកនេះ​»​។

យ៉ាងណាមិញ​ជាមួយនឹង​ការ​ជម្រុញ​ទេសចរ​ក្នុងស្រុក​ឲ្យ​ដើរ​កំសាន្ត​ជា​ថ្ងៃ​បុណ្យ​ជាតិ​នោះ បើ​តាម​លោក​តុ​ប សុ​ភ័ក រដ្ឋលេខាធិកា​និង​ជា​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ បាន​មាន​ប្រសាសន៍​ថា ក្រសួង​បាន​ចាត់​មន្ត្រី​និង​ក្រុមការងារ​ចុះ​តាម​គោលដៅ ទូ​ទាំង​ប្រទេស ដើម្បី​ណែនាំ​ដល់​ប្រតិបត្តិ​ករ​ទេសចរ​ត្រូវ​អនុវត្តន៍​តាម​វិធាន​របស់​ក្រសួងសុខាភិបាល ដើម្បី​ការពារ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ។

លោក​បាន​មាន​ប្រសាសន៍​ថា «​តាម​បទ​ពិសោធន៍​នៅ​ថ្ងៃ​ឈប់​សម្រាក​សង​ចូល​ឆ្នាំ​ខ្មែរ​កាលពី​ចុងខែ​មុន​នេះ ឃើញ​ថា​ប្រជាពលរដ្ឋ​និង​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ជា​ច្រើន​បាន​ចេញ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​តាម​គោលដៅ​នានា ហើយ​សម្រាប់​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ​នេះ យើង​ក៏​សង្ឃឹម​ដូច​គ្នា​ថា នឹង​មាន​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ចេញ​ធ្វើ​ដំណើរ​កម្សាន្ត​ច្រើន​ដូច​កាលពី​ថ្ងៃ​ឈប់​សម្រាក​លើក​មុន » ។

លោក​បាន​បន្ត​ថា ក្រសួងទេសចរណ៍ ក៏​បាន​ជំរុញ​អោយ​ម្ចាស់​សណ្ឋាគារ​និង​ផ្ទះសំណាក់​ដែល​បាន​ផ្អាក​អាជីវកម្ម​កាលពី​ពេល​កន្លង​អោយ​បើក​ដំណើរការ​ឡើង​វិញ​ផង​ដែរ ដើម្បី​ផ្គត់​ផ្គត់​សេវាកម្ម​សណ្ឋាគារ និង​ផ្ទះសំណាក់ ដល់​ភ្ញៀវ​ទេសចរ​ដែល​នឹង​ចេញ​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ថ្ងៃ​ឈប់​សម្រាក​នៅ​ពេល​ខាង​មុខ​នេះ ។ រហូត​មក​ដល់​ពេល​នេះ អាជីវកម្ម​សណ្ឋាគារ​និង​ផ្ទះសំណាក់​ដែល​បាន​ផ្អាក ប្រមាណ​៣០​ភាគរយ​ត្រូវ​បាន​បើក​ដំណើរការ​ឡើង​វិញ ក៏​ប៉ុន្តែ យើង​ក៏​មិន​អាច​ធានា​បាន​ថា​សេវា​ភោជនីយដ្ឋាន សណ្ឋាគារ​និង​ផ្ទះសំណាក់​អាច​ផ្គត់ផ្គង់​គ្រប់គ្រាន់​ទៅ​នឹង​តុល្យភាព​ភ្ញៀវ​ដែល​ធ្វើ​ដំណើរ​កម្សាន្ត​នោះ​ដែរ ។

ចំណែក​លោកស្រី ក្លេ​ខៃ ចិន្តា​ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា បាន​លើក​ឡើង​ផង​ដែរ​ថា បើ​តាម​បរិបទ​ភ្ញៀវ​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ពេល​បច្ចុប្បន្ន​នេះ មិន​ទាន់​អាច​អោយ​អាជីវកម្ម​សណ្ឋាគារ​លំដាប់​ធំ​ៗ បើក​ដំណើរការ​វិញ​បាន​ទេ ដោយសារ​តែ​ភ្ញៀវ​ទេសចរ​ដែល​ធ្វើ​ដំណើរ​កម្សាន្ត​នា​ពេល​នេះ គឺជា​ភ្ញៀវ​ក្នុងស្រុក​ហើយ​ភ្ញៀវ​ក្នុងស្រុក​ភាគតិច​ណាស់​ដែល​ពួក​គាត់​ត្រូវការ​ស្នាក់​នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ​ធំ​ៗ ព្រោះ​សណ្ឋាគារ​ទាំងនោះ គឺ​ផ្ដោត​លើ​ភ្ញៀវ​បរទេស ដូច្នេះ​បើ​មិន​មាន​ភ្ញៀវ​បរទេស​នោះ​ទេ សណ្ឋាគារ​ទាំងនោះ ក៏​មិន​អាច​មាន​ភ្ញៀវ​ស្នាក់​នៅ​ដែរ ។

លោកស្រី​បាន​បន្ត​ថា ម្យ៉ាងទៀត​អាជីវកម្ម​សណ្ឋាគារ​ទាំងមូល​ក៏​មិន​អាច​បើក​ត្រឹមតែ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នៃ​ថ្ងៃ​ឈប់​សម្រាក​ហើយ​បិទ​ដំណើរការ​វិញ​ដែរ ។​ក៏​ប៉ុន្តែ​សម្រាប់​សណ្ឋាគារ​ដែល​មាន​តម្លៃ​ស្នាក់​ទាប​ៗ គឺ​អាច​បើក​បម្រើ​ឡើង​វិញ​ដើម្បី​ទទួលភ្ញៀវ​ក្នុងស្រុក​ដែល​ធ្វើ​ដំណើរ​កម្សាន្ត​ឡើង​វិញ ជា​ពិសេស​នៅ​រៀងរាល់ថ្ងៃ​ឈប់​សម្រាក ។

សូម​រម្លឹក​ថា កន្លង​មក​ក្រសួងទេសចរណ៍​បាន​ព្យាករណ៍ ចំណូល​ពី​វិស័យ​ទេសចរណ៍ ក្នុង​ឆ្នាំ ២០២០​នេះ អាច​នឹង​បាត់បង់​ក្នុង​រង្វង់​៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក៏​ប៉ុន្តែ​បើ​តាម​លោក​ទិ​ត្យ ច​ន្ថា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​និយាយ​ថា​ដោយសារ​តែ​សកម្មភាព​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ចាប់ផ្ដើម​ធ្វើ​ដំណើរ​កម្សាន្ត​ឡើង​វិញ​ទៅ​តាម​រមណីយដ្ឋាន​តាម​ខេត្ត​យើង​អាច​ព្យាករណ៍​ចំណូល​ពី​វិស័យ​ទេសចរណ៍​អាច​បាន​មក​វិញ​ក្នុង​រង្វង់​៥០០​លាន​ដុល្លារ​អា​មេ​រិ​ក​ទៅ​១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។ ដូច្នេះ ចំណូល​ពី​វិស័យ​នេះ​ក្នុង​ឆ្នាំ​២០២០​អាច​ខាតបង់​ប្រមាណ​ពី​៤០០០​លាន​ដុល្លារ​អា​មេ​រិ​ក​ទៅ​៤៥០០​លាន​ដុល្លារ​អា​មេ​រិ​ក ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ