ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការវិលទៅថ្នាក់រៀនវិញរបស់សិស្សជាមួយការប្រកាន់ឲ្យជាប់នូវទម្លាប់ថ្មី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលារៀន​រដ្ឋ និង​ឯកជន​ជា​ច្រើន​បាន​បើកទ្វារ​សិក្សា​ឡើង​វិញ នៅ​ថ្ងៃ​ចន្ទ ទី​៧ ខែកញ្ញា​នេះ ។ សិស្សានុសិស្ស និង​គ្រូបង្រៀន​បាន​វិល​ទៅ​ថ្នាក់រៀន​វិញ…

រាជធានី​ភ្នំពេញ ៖ សាលារៀន​រដ្ឋ និង​ឯកជន​ជា​ច្រើន​បាន​បើកទ្វារ​សិក្សា​ឡើង​វិញ នៅ​ថ្ងៃ​ចន្ទ ទី​៧ ខែកញ្ញា​នេះ ។ សិស្សានុសិស្ស និង​គ្រូបង្រៀន​បាន​វិល​ទៅ​ថ្នាក់រៀន​វិញ បន្ទាប់​ពី​ខាន​បាន​ជួប​គ្នា​អស់​រយៈពេល​ជា​ច្រើន​ខែ ។ ការ​វិល​ទៅ​សាលារៀន​វិញ​របស់​សិស្សានុសិស្ស និង​លោកគ្រូ អ្នកគ្រូ នៅ​ពេល​នេះ​បាន​ប្រកាន់ខ្ជាប់​នូវ​ទម្លាប់​ថ្មី​មួយ ដែល​មិន​អាច​ធ្វេសប្រហែស​បាន​ឡើយ​នោះ គឺ​គ្រប់​គ្នា​ត្រូវ​ពាក់​ម៉ាក់ ឧស្សាហ៍​លាង​សម្អាត​ដៃ មាន​អាកុល​ជាប់​នឹង​ខ្លួន ហើយ​ត្រូវ​រក្សា​គម្លាត​ពី​គ្នា​យ៉ាងតិច​បាន​មួយ​ម៉ែត្រ​កន្លះ ។

នៅ​ក្នុង​ថ្ងៃ​ដំបូង​ដែល​វិល​ទៅ​ថ្នាក់រៀន​វិញ​នេះ គេ​ឃើញ​សិស្សានុសិស្ស មាន​ក្តី​រីករាយ ដោយ​ម្នាក់​ៗ​ពាក់​ម៉ាស​គ្រប់​គ្នា ។ នៅ​មុខ​ថ្នាក់រៀន​មិន​ថា សាលា​រដ្ឋ ឬ​ឯកជន​នោះ​ទេ មានការ​ត្រួតពិនិត្យ នៅ​មុខ​សាលារៀន​ដោយ​តម្រូវ​ឲ្យ​សិស្ស លោកគ្រូ អ្នកគ្រូ ពាក់​ម៉ាស លាង​សម្អាត​ដៃ​នឹង​អាកុល មុន​អនុញ្ញាត​ឲ្យ​ចូល​ថ្នាក់រៀន ។

សកម្មភាព​នេះ មិនមែន​ត្រូវ​អនុវត្ត​មួយ​ថ្ងៃនេះ​ទេ គឺ​ទាំង​សិស្ស ទាំង​គ្រូ​ត្រូវ រក្សា​ទម្លាប់​នេះ​ជា​រហូត​ទៅ រហូត​ដល់​មានកា​រវិ​វ​ឌ្ឍ​ថ្មី​នៃ​សកលលោក​ក៍​ដូច​ជា​ប្រទេស​កម្ពុជា ជាមួយនឹង​ជំងឺ​កូ​វី​ដ​១៩​នេះ ។

ទម្លាប់​នេះ​អាច​នឹង​ត្រូវ​អនុវត្ត​រហូត​ដល់​ពេល​ណា​ពិភពលោក​អាច​គ្រប់គ្រង​ជំងឺ​កូ​វី​ដ​១៩​បាន ពោល គឺ​នៅ​មាន​ថ្នាំ​ព្យាបាល និង​ការពារ ។ ការ​បើក​សាលារៀន​ឡើង​វិញ​នៅ​ថ្ងៃនេះ ជា​ដំណាក់កាល​ទី​២ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​សាកល្បង និង​វាយតម្លៃ​ពី​សុវត្ថិភាព​ក្នុង​ការ​សិក្សា​នៅ​ក្នុង​ដំណាក់កាល​ជំងឺ​កូ​វី​ដ​១៩​នេះ មុន​ឈាន​ទៅ​ដល់​ការ​បើក​សាលារៀន​ឡើង​វិញ​ទាំងស្រុង ឬ​យ៉ាងណា​នៅ​ពេល​ខាង​មុខ​នេះ ។

សាលារៀន​ដែល​ទទួល​បានការ​អនុញ្ញាត​ពី​ក្រសួង​អប់រំ ឲ្យ​បើកទ្វារ​សិក្សា​ឡើង​វិញ​នៅ​ពេល​នេះ តម្រូវ​ឲ្យ​គោរព​តាម​គោ​ការណ៍​សុវត្ថិភាព​ជា​ច្រើន​ចំនុច​ដែល​ក្រសួង​ដាក់​ចេញ និង​ត្រូវ​អនុវត្ត​ឲ្យ​បាន​ហ្មត់ចត់​នូវ​វិធានការ​របស់​ក្រសួងសុខាភិបាល និង​សេចក្តីណែនាំ​នានា​ដែល​នៅ​ជា​ធរមាន ។

គេ​សង្កេត​ឃើញ​ថា មាន​គោលការណ៍​សំខាន់​ៗ ដែល​ត្រូវ​អនុវត្ត​នៅ​ពេល​បើក​សាលារៀន​ឡើង​វិញ​នោះ ដូច​ជា បរិវេណ​សាលា​ត្រូវ​បាញ់ថ្នាំ​សម្លាប់​មេរោគ តាម​បន្ទប់រៀន​បាន​បរិយាកាស​ល្អ ខ្យល់​ចេញចូល​គ្រប់គ្រាន់ ចំនួន​សិស្ស​នៅ​ក្នុង​បន្ទប់​សិក្សា​មិន​ឲ្យ​មាន​ច្រើន​នោះ​ឡើយ ។ ត្រូវ​មាន​គម្លាត​រវាង​សិស្ស និង​គ្រូ និង​រវាង​សិស្ស​និង​សិស្ស ។ សិស្សានុសិស្ស​ត្រូវ​ពាក់​ម៉ាស​ទៅ​រៀន មុខ​ខ្លោងទ្វារ​សាលា​មាន អាកុល​លាង​សម្អាត​ដៃ សម្រាប់​សិស្ស និង​បុគ្គលិក​សិក្សា​ទាំងអស់ មុន​អនុញ្ញាត​ឲ្យ​ចូល​ថ្នាក់រៀន ។

រហូត​មក​ដល់​ពេល​នេះ គេ​សង្កេត​ឃើញ​សាលារៀន​ជា​ច្រើន ដែល​ត្រៀម​បើកទ្វារ​នៅ​ថ្ងៃស្អែក​នេះ បាន​ជូនដំណឹង​ដល់​ឪពុក​ម្តាយ​សិស្ស​ទាំងអស់ ឲ្យ​ចូលរួម​សហការ​ជាមួយ​សាលា មើលថែ​កូនចៅ អប់រំ​កូន​ពី​ការ​ធ្វើ​អនាម័យ​ខ្លួនប្រាណ លាង​សម្អាត​ដៃ ក្នុង​ការ​ការពារ​ជំងឺ​កូ​វី​ដ​១៩ ។ តាម​ពិត​ទៅ​អង្គការ​សុខភាព​ពិភពលោក​ក៏​ដូច​ជា ក្រសួងសុខាភិបាល​កម្ពុជា បាន​ប្រកាស​ជា​ច្រើន​ដង​មក​ហើយ ឲ្យ​ពលរដ្ឋ​អនុវត្ត​ទម្លាប់​ថ្មី​នៅ​ក្នុង​សកម្មភាព​ប្រចាំ​ថ្ងៃ ដោយ​មិន​ត្រូវ​ធ្វេសប្រហែស​និង​ជំងឺ​កូ​វី​ដ​១៩​នេះ​ទេ ។

ទម្លាប់​ថ្មី​ដែល​មាន​ដូច​ជា​ត្រូវ​ពាក់​ម៉ាស់ ឧស្សាហ៍​លាង​សម្អាត​ដៃ កាត់​បន្ថយ​ការ​ជួបជុំ​គ្នា​ដោយ​ផ្ទាល់ រក្សា​គម្លាត​សង្គម​ជាដើម ។ ទម្លាប់​ថ្មី​ដែល​ការពារ​ជំងឺ​កូ​វី​ដ​១៩​នេះ ទាំង​សិស្សានុសិស្ស ក៏​ដូច​ជា ប្រជាពលរដ្ឋ​ទូទៅ​ត្រូវ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន ក្នុង​ការ​បង្ការ​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ